ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលករតាមរដូវកាលនៅសាធារណរដ្ឋកូរ៉េ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោក យូក ទុងហាន (Yook, Dong Han) អភិបាលក្រុងឈុនឆន់។
លោក ហេង សួរ បានលើកឡើងតាមរយៈហ្វេសប៊ុក ដោយបានថ្លែងអំរណរគុណដល់លោកយូក ទុងហាន ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលករតាមរដូវកាល លោករដ្ឋមន្ត្រី បានជំរុញឱ្យលោកអភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រ សហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា (E7) ផងដែរ។
ក្នុងឱកាសនោះដែរ លោក យូក ទុងហាន ក៏បានថ្លែងអំណរគុណចំពោះលោក ហេង សួរ សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលករតាមរដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណកូរ៉េជាច្រើនមកហើយ។
បើតាមរយៈក្រសួងការងារ រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ។
ទាក់ទងនឹងការបញ្ជូនពលករទៅធ្វើការក្រៅប្រទេសនេះដែរ លោក ហេង សួរ ធ្លាប់បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការគាំពារជាបន្តបន្ទាប់ដើម្បីឆ្លើយតបជាមួយនឹងកំណើន ក៏ដូចជាបញ្ហាប្រឈមដែលពលករកម្ពុជា បានប្រឈមនៅឯក្រៅប្រទេស។
លោកបានបញ្ជាក់ថា ៖ «អ្វីដែលជាការកត់សម្គាល់មួយគឺក្នុងរយៈពេលចុងក្រោយនេះ យើងបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននូវអនុព័ន្ធការងារភ្ជាប់ជាមួយនឹងស្ថានទូតរបស់កម្ពុជានៅបណ្តាប្រទេសដែលមានពលករកម្ពុជាធ្វើការនៅទីនោះ»។
លោក ហេង សួរ បានបន្តថា ៖ «សព្វថ្ងៃនេះ យើងមានអនុព័ន្ធការងារនៅប្រទេសថៃ កូរ៉េ ជប៉ុន និងម៉ាឡេស៊ី ហើយថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅដល់ក្រសួងការបរទេស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារដើម្បីពិនិត្យបន្ថែមទៀតនូវការពង្រីកចំនួនអនុព័ន្ធការងារតាមប្រទេសមួយចំនួនដែលមានកំណើនពលករទេសន្តប្រវេសន៍ច្រើន»។
រដ្ឋមន្រ្តីក្រសួងការងារ ក៏បានបញ្ជាក់ដែរថា ក្រៅពីការដាក់ភ្ជាប់នូវអនុព័ន្ធការងារ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ក៏បានធ្វើការជាមួយនឹងអង្គការសង្គមស៊ីវិលនៅបណ្តាប្រទេសដែលជាម្ចាស់ផ្ទះ ឬមួយក៏ធ្វើការជាមួយដៃគូឯកជនរបស់កម្ពុជា ដើម្បីបង្កើតនូវមជ្ឈមណ្ឌលគាំពារ ឬក៏ជាកន្លែងដែលផ្តល់នូវការប្រឹក្សាយោបល់បន្ថែមលើអនុព័ន្ធការងារ ដើម្បីធ្វើយ៉ាងណាឱ្យពលករខ្មែរដែលធ្វើការនៅប្រទេសទាំងអស់នោះ អាចទទួលបាននូវព័ត៌មាន ទទួលបាននូវការគាំពារ និងការផ្តល់នូវភាពកក់ក្តៅបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងការងារ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ពលករកម្ពុជាប្រមាណជាង ១ លាន ៣ សែននាក់ កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះ មានប្រទេសថៃចំនួន ១ លាន ២ សែននាក់, កូរ៉េចំនួន ៤ម៉ឺន ៩ ពាន់នាក់, ម៉ាឡេស៊ីចំនួន ២ម៉ឺន ២ ពាន់នាក់ និងជប៉ុនចំនួន ១ម៉ឺន ៩ពាន់នាក់។
ពលករកម្ពុជាទាំងអស់នេះ ទទួលបានអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់នៃប្រទេសនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម ដោយប្រាក់បញ្ញើបញ្ជូនមកប្រទេសវិញមានប្រមាណ២,៧ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ៕