ភ្នំពេញៈលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជំរុញក្រុមការងារ ឱ្យសហការបម្រើប្រជាពលរដ្ឋមូលដ្ឋានដោយឆន្ទៈ ប្រកបដោយការទទួលខុសត្រូវ និងម្ចាស់ការដោយត្រូវចុះដល់ផ្ទះប្រជាពលរដ្ឋដើម្បីអាចក្តាប់បញ្ហាប្រឈមហើយឈានទៅរកការដោះស្រាយឱ្យបានទាន់ពេលវេលា។
ការជំរុញរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ដោយមានវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមខ្លឹមសារផ្សព្វផ្សាយពីក្រសួងកសិកម្ម។
នាឱកាសនោះ លោក ឌិត ទីណា បានពាំនាំការសួរសុខទុក្ខពីប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែត ដល់ក្រុមការងារមូលដ្ឋាន ជាមួយការប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន ១២២នាក់ ទាំងថ្នាក់ក្រោមជាតិចំនួន ៣ ៦៥៩ នាក់ ព្រមទាំងការបញ្ជាក់អំពីហេតុផលបង្កើតក្រុមការងារនេះ ក្នុងគោលដៅបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា៖«ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល»។
លោកបានបន្ថែមថា ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋាននេះ គឺចុះជួយមូលដ្ឋាន ប៉ុន្តែមិនមែនធ្វើការជំនួស និងធ្វើសេចក្តីសម្រេចជំនួសស្ថាប័នជំនាញទេ។
ពាក់ព័ន្ធរឿងនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានរបស់រដ្ឋាភិបាល មានគោលដៅចុះទៅសហការ និងជួយគាំទ្រដល់អាជ្ញាធរមូលដ្ឋានមានគោលដៅរៀងៗខ្លួន មិនមែនជ្រៀតជ្រែកកិច្ចការរបស់អាជ្ញាធរមូលដ្ឋានឡើយ ប៉ុន្តែជាយន្តការ ដើម្បីថ្នាក់ដឹកនាំថ្នាក់ជាតិអាចធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរផង និងអាចក្តាប់សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានផង។
លោកបានបញ្ជាក់ថា៖«រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជារដ្ឋាភិបាលបម្រើប្រជាពលរដ្ឋ ព្រោះយើងជាប់ឆ្នោតដឹកនាំប្រទេសដោយសារប្រជាពលរដ្ឋ។ នៅពេលបង្កើតរដ្ឋាភិបាលហើយ រដ្ឋាភិបាលតែងបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋ មិនមែនយើងបានតំណែងហើយអង្គុយតែការិយាល័យ ធ្វើការតែថ្នាក់ជាតិ អត់ចុះទៅមើលសុខទុក្ខប្រជាពលរដ្ឋទេ»។
លោកបន្ថែមថា ក្រុមការងារចុះមូលដ្ឋានដែលមានថ្នាក់ដឹកនាំថ្នាក់ជាតិជាគោលនេះ មានភារកិច្ចចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលទំនេរពីការងារស្នូល ដើម្បីអាចយល់ដឹងស្ថានការណ៍ច្បាស់ ហើយអាចអនុវត្តគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលអាណត្តិទី៧ នេះបាន ជាពិសេសអាចស្ទាបស្ទង់ចន្លោះប្រហោងនៃការអនុវត្តគោលនយោបាយផង។
ដោយឡែកលោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថា ការមានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានជារឿងមួយ ប៉ុន្តែសម្រាប់លោកវិញយល់ថា មិនសូវមានភាពចាំបាច់ប៉ុន្មានទេ ដោយបារម្ភខ្លាចប៉ះពាល់ដល់ការងាររបស់អាជ្ញាធរមូលដ្ឋាន។
លោកថា៖«ខ្ញុំសង្កេតឃើញជាទូទៅថា អាជ្ញាធរមូលដ្ឋានតែងរវល់ជួបក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន ខាតពេលក្នុងការបំពេញភារកិច្ចអភិវឌ្ឍន៍មូលដ្ឋាន»។
យ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងចុះពង្រឹងមូលដ្ឋានជាប្រចាំដល់ភូមិ ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ត-ក្រុង ទូទាំងប្រទេសតាមមុខព្រួញសំខាន់ៗ។
លោកបានថ្លែងថា៖«ក្រោយបង្កើតរដ្ឋាភិបាលថ្មីរួច មានសេចក្តីសម្រេចចាត់តាំងក្រុមការងារបណ្តើរៗ ក្នុងនោះមានឯកឧត្តម ឌិត ទីណា ជាដើម ដែលជ្រើសតាំងសម្រាប់ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ហើយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៅតាមបណ្តាក្រសួងនានា ត្រូវបានជ្រើសតាំងតាមគោលដៅមូលដ្ឋានរៀងៗខ្លួន»។
លោកបានបន្ថែមថា ក្រុមការងារចុះមូលដ្ឋានទាំងអស់របស់គណបក្ស និងរដ្ឋាភិបាល មានគោលដៅសំខាន់ ដើម្បីក្តាប់សភាពការណ៍ នៅតាមមូលដ្ឋាន ជាពិសេសអាចយល់ដឹងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផ្សេងៗ៕