ភ្នំពេញៈ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ រវាងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង នៅឯប្រទេសចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាក់ទងវេជ្ជសាស្ត្របុរាណ និងពង្រឹងកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍទៅលើវេជ្ជសាស្ត្របុរាណ។ នាឱកាសនោះ កម្ពុជាបានស្នើភាគីចិនជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកវេជ្ជសាស្រ្តបុរាណផងដែរ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក អំណត់ ភក្តី អគ្គនាយករងបច្ចេកទេសសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង ស្តីអំពី «កិច្ចប្រជុំបិទទ្វារនៃការផ្លាស់ប្តូរបទប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការលើឱសថបុរាណ/ឱសថបុរាណចិន សម្រាប់ប្រទេសនៅតាមបណ្តាទន្លេមេគង្គ»នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានឱ្យដឹងថា៖«កិច្ចប្រជុំដែលមានរយៈពេល ២ថ្ងៃនេះ គឺរៀបចំឡើង ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗនៃវេជ្ជសាស្ត្របុរាណ/វេជ្ជសាស្រ្តបុរាណចិន និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍលើវេជ្ជសាស្ត្របុរាណចិនរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង រួមមាន ចិន កម្ពុជា ភូមា ថៃ ឡាវ និងវៀតណាម»។
នាឱកាសនោះដែរ ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត បានធ្វើបទបង្ហាញទាក់ទងនឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលទាក់ទងនឹងវេជ្ជសាស្ត្របុរាណរបស់ប្រទេសរៀងៗខ្លួន។
ក្នុងអំឡុងពេលនោះ លោក អំណត់ ភក្តី បានជួបជាមួយអ្នកតំណាងសាកលវិទ្យាល័យមួយចំនួន និងបានស្នើឱ្យភាគីជាមិត្តចិន ជួយផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ភាគីកម្ពុជា ទាំងផ្នែកសិក្សាទៅលើវេជ្ជសាស្ត្របុរាណចិន និងការផលិតឱសថបុរាណចិន។
លោកបន្តថា៖«កម្ពុជាក៏បានទទួលចម្លើយជាវិជ្ជមាន គួរឱ្យមោទនភាពពីភាគីសាកលវិទ្យាល័យទាំងនោះ ដើម្បីពង្រឹងកិច្ចគាំទ្រដល់វេជ្ជសាស្ត្របុរាណកម្ពុជា»។
ភាគីចិន ដោយសារមានបទពិសោធន៍ដ៏ស៊ីជម្រៅ លើការអភិវឌ្ឍវេជ្ជសាស្ត្របុរាណចិន តាមបែបលក្ខណៈវិទ្យាសាស្ត្របានចែករំលែកបទពិសោធន៍ជាច្រើន ទាក់ទងនឹងការត្រួតពិនិត្យគុណភាពទៅលើផលិតផលជាវត្ថុធាតុដើមយកមកធ្វើឱសថបុរាណ ដើម្បីអាចធានាបានគុណភាព និងស្តង់ដាដែលបានកំណត់។ ភាគីចិនក៏បានផ្តោតលើសារៈសំខាន់ផងដែរ ក្នុងការធ្វើឱ្យប្រសើរឡើង នូវបណ្តាញចែកចាយ និងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់យកមកផលិតឱសថបុរាណទាំងក្នុងប្រទេសចិន និងបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធានាបាននិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះ។
នៅក្នុងកិច្ចប្រជុំនោះ បណ្តាប្រទេសតាមដងទន្លេមេគង្គ ក៏ត្រូវបានភាគីចិន អញ្ជើញទៅទស្សនានៅមន្ទីរពិសោធន៍គុណភាពឱសថបុរាណចិន និងរោងចក្រផលិតឱសថបុរាណចិនមួយចំនួន ដែលមានគុណភាពខ្ពស់នៅក្នុងទីក្រុងណាននីង។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានសន្យាថា នឹងបន្តជួយគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គ ឱ្យកាន់តែស៊ីជម្រៅជាមួយសមាជិកទាំងទ្វេភាគី និងពហុភាគី។
ប្រភពពីក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា៖«ក្នុងការជំរុញឱ្យវេជ្ជសាស្ត្របុរាណកម្ពុជាមានការអភិវឌ្ឍឱ្យកាន់តែប្រសើឡើង លោកវេជ្ជបណ្ឌិត អំណត់ ភក្តី អគ្គនាយករងបច្ចេកទេសសុខាភិបាល បានសំណូមពរទៅភាគីមិត្តចិន ឱ្យជួយអភិវឌ្ឍសៀវភៅហ្វាម៉ាកូប៉េរុក្ខជាតិឱសថកម្ពុជា ដែលជាសៀវភៅដ៏មានសារៈសំខាន់សម្រាប់ធានាបានគុណភាពនៃឱសថបុរាណខ្មែរ»៕