ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្ត ក៏ដូចជាជំរុញឱ្យគ្រឹះស្ថានបណ្ដុះបណ្ដាលសុខាភិបាល បង្កើតកម្មវិធីបណ្ដុះបណ្ដាលឯកទេសជំងឺផ្លូវចិត្តថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។
លោក ឈាង រ៉ា បានលើកឡើងថា ក្នុងការអភិវឌ្ឍប្រទេសជាតិមួយត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាពផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ ពីព្រោះសុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពទាំងអស់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សមានគុណភាព។
លោកបញ្ជាក់ថា៖ «ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិនបានប្រែក្លាយវាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថា សកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត»។
បើតាមលោក ឈាង រ៉ា ទន្ទឹមនឹងនេះ ប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្សតជំនាន់ ដូច្នេះហើយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។
លោកបានផ្ដល់អនុសាសន៍ថា៖ «សូមលើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត។ ជាពិសេសគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺផ្លូវចិត្តថែមទៀត ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្ត ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ជំរុញឱ្យសេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាពលរដ្ឋ ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។
ជុំវិញរឿងនេះ អ្នកនាង យឹម សុធារី នាយិកាមជ្ឈមណ្ឌលស្នេហា (Sneha Center) បានថ្លែងថា កន្លងមក ដោយសារតែមានវិបត្តិកូវីដ១៩ នៅកម្ពុជាអ្នកដែលមានវិបត្តិផ្លូវចិត្តមានការកើនឡើងជាងមុន ក៏ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ វាក៏ជាឱកាសមួយដែលធ្វើឱ្យមានទាំងយុវជន និងស្ថាប័នជាច្រើន បានយកចិត្តទុកដាក់ និងមានការជជែកអំពីរឿងសុខភាពផ្លូវចិត្តនេះ។
អ្នកនាងបន្តថា ខណៈដែលមានស្ថាប័នពាក់ព័ន្ធជាច្រើន មានការជជែកអំពីរឿងសុខភាពផ្លូវចិត្ត ប៉ុន្តែប្រជាជនកម្ពុជា តែងតែយល់ច្រឡំថា សុខភាពផ្លូវចិត្ត គឺជាជំងឺផ្លូវចិត្ត តាមពិតសុខភាពផ្លូវចិត្ត វាជាចំណែកមួយនៃសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ចំណែកជំងឺផ្លូវចិត្ត វាជាជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍ជាដើម។
អ្នកនាងថ្លែងថា៖ «ដូច្នេះកាលដែលយើងអាចការពារជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍បាន គឺតាមរយៈការធ្វើឱ្យខ្លួនឯងមានសុខភាពផ្លូវចិត្តល្អ ហើយកាលដែលធ្វើឱ្យខ្លួនឯងមានសុខភាពផ្លូវចិត្តល្អ គឺត្រូវផ្លាស់ប្ដូរទម្លាប់របស់យើង ដូចជា ការបរិភោគ ការគិត ការគេង និងត្រូវចេះស្រឡាញ់ខ្លួនឯង ថែទាំខ្លួនឯងឱ្យបានច្រើនជាងមុន និងមួយទៀតត្រូវបង្កើតមិត្តភាពល្អៗឱ្យបានច្រើនទាំងនៅក្នុងផ្ទះ និងទាំងនៅក្រៅផ្ទះជាដើម»។
បើតាម អ្នកនាង យឹម សុធារី បច្ចុប្បន្ននេះ បញ្ហាសុខភាពផ្លូវចិត្ត ច្រើនតែកើតឡើងទៅលើមនុស្សពេញវ័យ ដែលប្រឈមច្រើនជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍។ ការប្រឈមនឹងការកើតជំងឺទាំងនេះ គឺបណ្ដាលមកពីការប៉ះពាល់ផ្លូវចិត្តពីកុមារភាព ការប៉ះពាល់ផ្លូវចិត្តពីឪពុកម្ដាយ និងការប៉ះពាល់ផ្លូវចិត្តពីសង្គមទាំងមូល ដែលធ្វើឱ្យស្ថានភាពសុខភាពផ្លូវចិត្តរបស់ពួកគាត់មានភាពទន់ខ្សោយ។
អ្នកនាងបន្ថែមថា៖«ហេតុនេះសូមផ្ដាំទៅប្រជាពលរដ្ឋទូទៅទាំងអស់ ជាពិសេសមនុស្សពេញវ័យ សុំចាត់ទុកសុខភាពផ្លូវចិត្ត ជាចំណែកមួយនៃសុខភាព ពេលឈឺត្រូវទៅជួបពេទ្យ ប្រឹក្សាយោបល់ ត្រូវមើលថែទាំផ្លូវចិត្ត ដូចផ្លូវកាយដែរ ដោយគិតតែរឿងវិជ្ជមានផងដែរ»។
សូមបញ្ជាក់ កន្លងមកក្រសួងសុខាភិបាល បានដាក់ដំណើរការសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យខេត្ត/ស្រុក ចំនួន៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង៕