ពោធិ៍សាត់ៈ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុនក្រុងពោធិ៍សាត់ដែលចំណាយការសាងសង់អស់ថវិកាជាង២២លានដុល្លារអាមេរិកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងពោធិ៍សាត់ជិត ២ ដង។
ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកUENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុងKitakyushu រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនសំណង់ និងពលរដ្ឋសរុបប្រមាណ៦៥០នាក់។ការសម្ពោធនេះបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជានិងជប៉ុនដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាតនៅក្នុងខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម។
លោករដ្ឋមន្ត្រីហែម វណ្ណឌី បានលើកឡើងក្នុងឱកាសនោះថា៖«នេះជារោងចក្រផលិតទឹកស្អាតទី៣ក្រោមជំនួយហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតថ្មីជ្រាវសៀមរាប និងរោងចក្រផលិតទឹកស្អាតស្ទឹងសែនទី២ក្នុងខេត្តកំពង់ធំ។ ខណៈយើងប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងកាទូតដ៏រឹងមាំ និងរស់រវើករវាងកម្ពុជានិងជប៉ុនឆ្នាំ២០២៣ក៏បង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងនេះផងដែរ»។ នេះបើយោងតាមក្រសួងឧស្សាហកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនផងដែរ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យទឹកស្អាត។
ទន្ទឹមនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទឹកស្អាតក្នុងខេត្តពោធិ៍សាត់មានការកើនឡើងជាលំដាប់។ រដ្ឋាករទឹកស្វយ័តពោធិ៍សាត់ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តបានឆ្លើយតបទៅនឹងកំណើននៃតម្រូវការនេះដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនតាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតថ្មីនេះ។
ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ (JICA) ក្នុងចំនួនទឹកប្រាក់សរុប២ ៤០៥លានយ៉េន(ប្រហែល២២,២លានដុល្លារអាមេរិក) គម្រោងនេះប្រើពេលសាងសង់ចំនួន២៤ខែ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែសីហាឆ្នាំ២០២៣ ដោយរួមមាន រោងចក្រផលិតទឹកស្អាត និងអគាររដ្ឋបាលមួយដែលនឹងរួមចំណែកដល់ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តពោធិ៍សាត់ជារួម។
រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុនក្រុងពោធិ៍សាត់ដែលមានសមត្ថភាពផលិត៦ ៦០០ម៉ែត្រគុបក្នុង១ថ្ងៃនេះនឹងជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់១៣ ៨៦០ម៉ែត្រគុបក្នុង១ថ្ងៃ។ ជាមួយនឹងបណ្តាញចែកចាយទឹកប្រវែង២៤៧គីឡូម៉ែត្រ រដ្ឋាករទឹកពោធិ៍សាត់នឹងអាចចែកចាយទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាព និរន្តរភាពនិងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង១៥ ០០០គ្រួសារនៅក្នុងក្រុងពោធិ៍សាត់និងផ្នែកខ្លះនៃស្រុកបាកាននិងស្រុកកណ្តៀងផងដែរ។
ក្រសួងបានបញ្ជាក់ថា សមិទ្ធផលដ៏សំខាន់នេះមិនត្រឹមតែដោះស្រាយតម្រូវការទឹកស្អាតបន្ទាន់របស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏គាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់កម្ពុជាផងដែរ។ ជាមួយនឹងសមិទ្ធផលនេះខេត្តពោធិ៍សាត់ក៏នឹងមានលក្ខណសម្បត្តិកាន់តែប្រសើរក្នុងការទាក់ទាញការវិនិយោគបន្ថែមដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕