បន្ទាយមានជ័យៈ លោក មុត រ៉េន អាយុជាង ៥០ ឆ្នាំ ជាកសិករនៅភូមិបង់បត់ខាងលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី បាននិយាយថា៖ «កាលឆ្នាំទៅមិញអ្នកដែលគ្មានស្រះបម្រុង គ្មានអី គាត់អត់ធ្វើស្រូវប្រាំងទេ ដល់ពេលឥឡូវស្រូវបានថ្លៃ កសិករសម្រុកធ្វើច្រើនឆ្នាំនេះ»។
លោក មុត រ៉េន កំពុងធ្វើស្រូវប្រដេញទឹក លើផ្ទៃដីជាង ២ ហិកតា ដែលទើបស្ទូងរួចហើយបានកន្លះខែ ខណៈកសិករដទៃទៀតទើបធ្វើការសាបព្រោះ និងខ្លះទៀតទើបស្ទូងបាន ១ ខែ។
កសិកររូបនេះឱ្យដឹងថា ស្រូវមានតម្លៃខ្ពស់បានធ្វើឱ្យប្រជាកសិករមួយចំនួន ដែលធ្លាប់តែដាំដុះបន្លែ បែរជានាំគ្នាមកធ្វើស្រូវប្រាំងវិញ ខណៈអ្នកខ្លះទៀតដែលមិនសូវធ្លាប់ធ្វើផងនោះ ក៏បានឆ្លៀតដាំដុះស្រូវប្រាំងនេះដែរ។
បច្ចុប្បន្នការធ្វើស្រូវប្រាំង នៅភូមិបង់បត់ខាងលិច មិនទាន់មានបញ្ហាពាក់ព័ន្ធនឹងការខ្វះទឹកទេ ទោះបីជាទឹកប្រឡាយត្រូវបានកសិករទាញយកប្រើប្រាស់អស់ ប៉ុន្តែនៅមាន ទឹកស្រះបម្រុង តាមស្រែមួយចំនួន និងមានទាំងបឹងធំៗជាច្រើនដែលអំណោយផលដល់ការដាំដុះសម្រាប់អ្នកនៅជិតប្រភពទឹក។ យ៉ាងណាក្តីអ្នកដាំដុះនៅជិតប្រភពទឹកបានដណ្តើមគ្នាយកទឹកប្រឡាយប្រើប្រាស់អស់ ដែលអាចបណ្តាលឱ្យការដាំដុះរបស់ប្រជាកសិករដែលនៅឆ្ងាយៗមានបញ្ហាខ្វះទឹកស្រោចស្រព។
លោករ៉េននិយាយថា៖ «ឥឡូវនៅភូមិខ្ញុំនេះមើលទៅដូចជាមិន អីទេរឿងបញ្ហាខ្វះទឹកស្រោចស្រពព្រោះមានបឹងធំៗ ៤-៥ ឯណោះ ថែមទាំងមានស្រះបម្រុងតាមស្រែផង ប៉ុន្តែអ្នកនៅឆ្ងាយៗអាចប្រឈមខ្វះទឹក ព្រោះទឹកបានមកពីប្រព័ន្ធធារាសាស្ត្រមួយចំនួនត្រូវបានប្រើអស់ហើយ»។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យថ្លែងថា ការសម្រុកដាំដុះស្រូវប្រាំងរបស់កសិករនាពេលនេះបានធ្វើលើសផែនការកំណត់ទ្វេដង ដែលអាចបណ្តាលឱ្យមានការប្រឈម នឹងការខ្វះទឹកសម្រាប់ស្រោចស្រពនាពេលខាងមុខ។ តាមស្ថានភាពទឹក គឺអាចស្រោចស្រពផ្ទៃដីស្រូវប្រដេញទឹក និងស្រូវប្រាំងបានតែ ២ ម៉ឺន ៥ ពាន់ហិកតាសម្រាប់ខេត្តបន្ទាយមានជ័យ ប៉ុន្តែជាក់ស្តែងប្រជាកសិករបានដាំដុះរហូតដល់ជាង ៥ ម៉ឺនហិកតា។
លោកប្រធានមន្ទីរឱ្យដឹងទៀតថា ស្រូវមានតម្លៃខ្ពស់ទើបធ្វើឱ្យប្រជាកសិករសម្រុកធ្វើការដាំដុះ ហើយមន្ត្រីជំនាញពិបាកក្នុងការណែនាំឱ្យពួកគាត់ ធ្វើឱ្យត្រូវតាមផែនការដែលបានកំណត់ ជាពិសេសនៅកន្លែងដែលមានប្រភពទឹក។ ប្រជាពលរដ្ឋ គួរតែឆ្លាតវៃក្នុងការដាំដុះ ដោយប្រមើលមើលស្ថានភាពទឹកជាក់ស្តែងធ្វើយ៉ាងណាកុំឱ្យជួបបញ្ហាខ្វះខាតទឹក នាំឱ្យខាតបង់ ព្រោះជួនកាលទឹកមានគ្រប់គ្រាន់តែពេលចាប់ផ្តើមធ្វើប៉ុណ្ណោះ ប៉ុន្តែនៅចុងដៃអាចនឹងអស់ទឹក។
បើសិនជាប្រជាកសិករបញ្ចប់ការធ្វើស្រូវប្រាំងត្រឹមអ្វីដែលបានធ្វើហើយពេលនេះ អាចនឹងមិនមានបញ្ហាខ្វះទឹកស្រោចស្រពទេ ប៉ុន្តែបើប្រជាពលរដ្ឋនៅតែបន្តធ្វើបន្ថែម ១ លើកហើយ ១ លើកទៀតរហូតនោះ ប្រាកដជាជួបបញ្ហាខ្វះខាតទឹកនៅពេលខាងមុខ។
លោក ប៉ាង វណ្ណាសេដ្ឋ ថ្លែងថា៖«ការពិតមិនជាខ្វះ [ទឹក] អ្វីទេ កាលបើគាត់ធ្វើតាមទម្លាប់របស់គាត់ ប៉ុន្តែគាត់ប្រែទម្លាប់ កន្លែងខ្លះគាត់អត់ដែលសូវធ្វើស្រូវប្រាំងហ្នឹងទេ ដល់ឃើញគេធ្វើបានគាត់ងាកមកធ្វើវិញ»។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា តម្លៃស្រូវសើមជាមធ្យមក្នុង ១ គីឡូក្រាម គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នៅខេត្តបាត់ដំបងស្រូវសែនក្រអូបមានតម្លៃ ១ ៣៥០ រៀល ស្រូវអូអឹមនៅខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង តាកែវ និងព្រៃវែងមានតម្លៃចន្លោះ ១ ៣៥០ រៀល ទៅ ១ ៤០០ រៀល ស្រូវអ៊ីអ៊ែ នៅខេត្តកំពង់ចាម កំពង់ធំ និងខេត្តតាកែវមានតម្លៃពី ១ ៣៨០ រៀល ទៅ ១ ៤០០ រៀល ខណៈស្រូវស្រងែនៅខេត្តបាត់ដំបងមានតម្លៃ ១ ៣២៥ រៀល។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មូលដ្ឋានឃុំស្រុកមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យមានប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក តូចធំ ប្រឡាយ សំណង់ជាច្រើនកន្លែងដែលត្រូវបានស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃស្រោចស្រពលើដំណាំស្រូវវស្សា ស្រូវប្រាំង និងដំណាំផ្សេងៗទៀត បានគ្រប់គ្រាន់។
សម្រាប់ការធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង មន្ទីរជំនាញធនធានទឹកបានកំណត់ផែនការបង្កបង្កើនផលតែ ១ លើកប៉ុណ្ណោះ លើផ្ទៃដី ២ ម៉ឺនហិកតានៅទូទាំងខេត្ត ដើម្បីធានាកុំឱ្យមានបញ្ហាខ្វះទឹក។
លោកថ្លែងថា៖ «បើសិនជាប្រជាពលរដ្ឋធ្វើលើសផែនការ យើងក៏ពិបាកក្នុងការជួយពួកគាត់ដែរ ពីព្រោះយើងមានទឹក តែនៅក្នុងគម្រោងដែលយើងបានវេចខ្ចប់ទុក»។
ក្រៅពីខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ក៏មានការធ្វើស្រូវប្រាំងលើសផែនការនៃប្រភពទឹកផងដែរ។ នេះបើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣។
ទឹកស្តុកសម្រាប់បង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់មានសម្រាប់តែផ្ទៃដី ២ ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែប្រជាកសិករបានធ្វើស្រែប្រាំងរហូតដល់ ៤៣ ០០០ ហិកតា។
លោកអភិបាលខេត្តសរសេរលើហ្វេសប៊ុកថា៖ «ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋពេលបច្ចុប្បន្ន លែងប្រកាន់រដូវទៀតហើយ ពេលនេះអាជ្ញាធររបស់យើងក៏មមាញឹកក្នុងការដោះស្រាយទឹកផងដែរ ព្រោះការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋលើសផែនការនៃប្រភពទឹកដែលមានក្នុងអាងស្តុក»។
ដើម្បីកុំឱ្យមានការអន្តរាយដល់ដំណាំស្រូវ នៅពេលជួបបញ្ហាខ្វះខាតទឹកលោកខូយ រីដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំធ្វើការដាំដុះស្រូវប្រាំងរហូតដល់ ៣ ដង ព្រោះមិនមានប្រភពទឹកសម្រាប់ជួយអន្តរាគមន៍បានទាន់ពេលវេលាទេ។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់បានឱ្យដឹងថា ជាការពិតណាស់ការសម្រុកធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋបន្តបន្ទាប់ ១ លើកហើយ ថែម ១ លើកទៀតក្នុងឆ្នាំនេះដោយសារស្រូវមានតម្លៃខ្ពស់មិនធ្លាប់មាន។ យ៉ាងណាក៏ដោយ គិតត្រឹមចុងខែធ្នូឆ្នាំ ២០២៣ នេះខេត្តពោធិ៍សាត់មិនទាន់មានបញ្ហាខ្វះទឹកប្រើប្រាស់ទេ ប៉ុន្តែបើសិនប្រជាពលរដ្ឋនៅតែបន្តសម្រុកធ្វើថែមទៀត អាចនឹងបណ្តាលឱ្យមានបញ្ហាខ្វះខាតទឹក ដោយចៀសមិនផុត។
លោកថ្លែងថា៖ «អ៊ីចឹងហើយបានឯកឧត្តមអភិបាលខេត្ត និងខាងមន្ទីរជម្រាបទៅក្រុងស្រុក ធ្វើការណែនាំដល់ប្រជាពលរដ្ឋកុំឱ្យច្រូតហើយធ្វើទៀត ខ្លាចអស់ទឹកប្រើប្រាស់»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ថ្លែងថា ប្រជាពលរដ្ឋសម្រុកនាំគ្នាធ្វើស្រូវប្រាំងលើស ផែនការកំណត់ជាហេតុនាំឱ្យមានការខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតំបន់មួយចំនួន ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញបានធ្វើការសម្រួលដោះស្រាយជាបន្តបន្ទាប់។ អាជ្ញាធរខេត្តបាត់ដំបងតែងជំរុញដល់អាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមសន្សំសំចៃទឹក ដើម្បីកុំឱ្យមានការពិបាកនៅពេលខ្វះខាតទឹកប្រើប្រាស់។
លោកថ្លែងថា៖ «ជាទូទៅយើងតែងមានការក្រើនរំឭកជាប្រចាំមិនចាំដល់មានការណែនាំពីក្រសួងទេ ព្រោះយើងដឹងថា មូលដ្ឋានភូមិសាស្ត្រស្រុកយើង តែងតែមានស្រុកមួយចំនួនមានការរាំងស្ងួតជារឿយៗដូចជានៅស្រុកកោះក្រឡ រុក្ខគិរី និងមោងឫស្សី»។
លោក មូល សុភត្ត អាយុ ៥៨ ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិ-ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង ប្រាប់ថា ចំពោះការប្រើប្រាស់ទឹកប្រចាំថ្ងៃសម្រាប់ផឹក ងូត ដាំស្ល ហូបចុកទំនងមិនមានបញ្ហាចោទទេ ដោយសារបច្ចុប្បន្ន ស្រះ ត្រពាំង និងបឹងតាមភូមិមានទឹកពេញៗ ព្រមទាំងមានប្រព័ន្ធទឹកស្អាតផង។ យ៉ាងណាក្តី ប្រជាពលរដ្ឋក្នុងឃុំដូនបា មិនបានធ្វើស្រូវប្រាំងទេ ព្រោះគ្មានប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។
លោកថ្លែងថា៖ «ទឹកស្រះទឹកត្រពាំងតាមភូមិដែលយើងមាននេះ ប្រជាពលរដ្ឋខ្លះគាត់ដាំបន្លែ ដូចជា ស្ពៃ ត្រសក់ សណ្តែក ជាដើម ដែលប្រហែលជាអាចទ្រទ្រង់ការស្រោចស្រពដល់ពាក់កណ្តាលខែមេសាខាងមុខក្រែងលោមានភ្លៀងមានអីមកខ្លះគ្រាន់ជួយយោងគ្នាបន្តបាន តែបើដល់ពេលនោះអត់មានភ្លៀងទេ អាហ្នឹងអាចនឹងមានបញ្ហាខ្វះទឹកហើយ»។
លោក ឌឿក សឺន អាយុ ៥៥ ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិ-ឃុំធិបតី ស្រុកកោះក្រឡ ថ្លែងថា លោកមានដីស្រែជាង ២ ហិកតាបានធ្វើស្រូវប្រាំង២លើករួចមកហើយ និងកំពុងធ្វើលើកទី៣ រួចរាល់បាន ១ ខែហើយដែរហេតុនេះនៅសល់រយៈពេលតែប្រមាណ ១ ខែកន្លះទៀតប៉ុណ្ណោះនឹងត្រូវប្រមូលផល។ ការធ្វើស្រូវប្រាំងឆ្នាំនេះ មានការរូតរះធ្វើលឿនមិនដំអក់ឡើយ ព្រោះតាមការជូនដំណឹងរបស់អាជ្ញាធរ និងមន្ត្រីជំនាញថា អាចនឹងមានបញ្ហាខ្វះទឹកប្រើប្រាស់។
កសិកររូបនេះប្រាប់ទៀតថា លោកមិនសូវមានការព្រួយបារម្ភចំពោះបញ្ហាទឹកប៉ុន្មានទេ ដោយសារតែដីស្រែរបស់លោកនៅជិតប្រឡាយទឹក ប៉ុន្តែអ្នកដែលនៅឆ្ងាយៗ ពីប្រឡាយទឹកចាប់ពីប្រមាណ ៥ គីឡូម៉ែត្រឡើងទៅ អាចមានការប្រឈមខ្វះទឹកដោយសារអ្នកនៅជិតៗ យកទឹកប្រើអស់។
លោកថ្លែងថា៖ «ប៉ុន្មានថ្ងៃមុន អ្នកនៅឆ្ងាយៗជួបបញ្ហាដាច់ទឹកស្រោចស្រព ដោយសារអ្នកមុខបូមយកប្រើអស់ ប៉ុន្តែឥឡូវមានទឹកវិញហើយ អ៊ីចឹងពេលនេះទឹកនៅមាន តែអ្នកនៅឆ្ងាយៗទទួលបានយឺតហើយទៅថ្ងៃមុខអាចនឹងកាន់តែយឺតថែមទៀត ព្រោះម្នាក់ៗកាន់តែត្រូវការទឹកប្រើប្រាស់»។
លោក ឈឹម វជីរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងថ្លែងថា ពលរដ្ឋបានធ្វើស្រូវប្រាំងជាង ៥ ម៉ឺនហិកតា ដែលចំនួននេះលើសផែនការផ្គត់ផ្គង់ទឹកដែលមានសម្រាប់តែផ្ទៃដីជាង ២ ម៉ឺនហិកតា។
ទោះជាមានការដាំលើសផែនការ តែបើការដាំដុះបានលឿនរហ័សជាងឆ្នាំមុនៗ ដែលប្រជាពលរដ្ឋនៅក្បែរប្រភពទឹកអាចនឹងធ្វើហើយរួចរាល់នៅដំណាច់ខែមករា ឆ្នាំ ២០២៤ នោះអាចនឹងមិនមានបញ្ហាទេ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា វិធានការរបស់ក្រសួងគឺធ្វើយ៉ាងណារក្សាប្រភពទឹកដែលមានក្រោយចប់រដូវវស្សាឱ្យបានគត់មត់បំផុតហើយប្រើប្រាស់ឱ្យចំគោលដៅក្នុងនោះទី១ អាទិភាពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ចៀសវាងការខ្វះទឹកប្រើប្រាស់។
ចំណែកទី២ គឺផ្តល់អាទិភាពចម្បងទៅលើការដាំដុះជាពិសេសគឺដំណាំស្រូវប្រាំង ប៉ុន្តែត្រូវធ្វើទៅតាមផែនការដែលបានកំណត់។ អាជ្ញាធរខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយម បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់ប្រជាកសិករបានយ៉ាងទូលំទូលាយ ប៉ុន្តែដោយសារតម្លៃស្រូវឆ្នាំនេះឡើងខ្ពស់កម្រជួបប្រទះ បានធ្វើឱ្យប្រជាកសិករច្រូតហើយបន្តធ្វើស្រូវបន្ថែមទៀតមិនឈប់ហេតុនេះបញ្ហាប្រឈមការខ្វះទឹកនឹងកើតមានដោយចៀសមិនផុត នៅទីតាំងដែលដាំលើសផែនការច្រើននោះ។
ជាដំណោះស្រាយលើបញ្ហានេះ ក្រសួងធនធានទឹកនឹងធ្វើយ៉ាងណាព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការបញ្ជូនទឹកទៅកន្លែងដែលខ្វះប្រសិនបើមានប្រភពទឹកអំណោយផលទៅបាន។
បើតាម លោក ចាន់យុត្ថា ផ្ទៃដីបង្កបង្កើនផលនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលធ្លាប់ជួបញ្ហាខ្វះខាតទឹកស្រោចស្រព មន្ត្រីជំនាញធ្លាប់បានយកទឹកពីទំនប់ពហុបំណងក្នុងស្រុករតនមណ្ឌលចម្ងាយជាង ១០០ គីឡូម៉ែត្រ ទៅស្រោចស្រពបានដោយជោគជ័យ ព្រោះមានប្រភពទឹក ប៉ុន្តែបើសិនគ្មានប្រភពទឹកក៏មិនអាចនាំទឹកទៅបានដែរ។
លោកថ្លែងថា៖ «បើសិនជាមានប្រភពទឹក ទោះបីចម្ងាយណាក៏ដោយ ក៏យើងនៅតែព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីបញ្ជូន លើកលែងតែប្រភពទឹកត្រូវបានប្រើប្រាស់អស់ អាហ្នឹងគឺយើងមិនដឹងថា ត្រូវយកទឹកពីណាមកទេ»។
លោកបញ្ជាក់ថា ពី ១ ឆ្នាំ ទៅ ១ ឆ្នាំមានអាងស្តុកទឹកធំៗជាច្រើនដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពស្រូវប្រាំង ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្តែងនៅលើដងស្ទឹងសែនពីមុនមិនដែលមានប្រភពទឹកទេ ប៉ុន្តែពេលនេះក្រសួងបានសាងសង់អាងរក្សាទឹករួចហើយដែលមានសមត្ថភាពស្តុកទឹករហូតដល់ជាង ២ រយលានម៉ែត្រគុបឯណោះ៕