ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ផ្ដើមប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី ២៩ ឆ្នាំ ២០២៣ ចំនួន ៣ ថ្ងៃ។ ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានអ្នកវិភាគមើលឃើញថា រយៈពេល ២៥ ឆ្នាំមកនេះកម្ពុជារស់នៅក្នុងសុខសន្តិភាព បន្ទាប់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ ១៩៩៨ របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
សាលារាជធានីភ្នំពេញបានឱ្យដឹងថា ពិធីនេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៩-៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣។
លោកបន្តទៀតថា៖ «ផលលាភដែលកើតមានរហូតមកដល់ថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី ២៥ ឆ្នាំមុន ហើយបន្តការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ យើងត្រូវដាក់ទិសដៅថា អ្វីដែលមានដូចសព្វថ្ងៃនេះ ត្រូវតែធានាកុំឱ្យថយទៅរកស្ថានភាពសង្គ្រាមកាលពី៤០ឆ្នាំមុន ពោលគឺត្រូវធានាសុខសន្តិភាពឱ្យបានជាដាច់ខាត»។
លោកថ្លែងថា៖ «ប្រទេសកម្ពុជា គ្រប់ទីកន្លែងគឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវចៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការលើកឡើងពីប្រវត្តិសាស្ត្រ ប្រវត្តិសង្គ្រាមកាលពីអតីតកាលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋចងចាំពីប្រវត្តិសាស្ត្រ ហើយប្រៀបធៀបមកដល់ពេលបច្ចុប្បន្នថា ប្រទេសកម្ពុជា ដើរដល់ណាហើយ។
ការនិយាយពីប្រវត្តិសាស្ត្រ គឺចង់ឱ្យប្រជាពលរដ្ឋមើលឃើញពីមោទនភាពថា ខ្មែរបានរួបរួមសាមគ្គីគ្នាកសាងប្រទេសដែលខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាម រហូតបានរីកចម្រើនមកដល់ចំណុចនេះ ទោះបីមិនបានដូចមហាប្រទេសនៅលើសកលលោកក៏ដោយ។ ម្យ៉ាងទៀតក៏ដើម្បីឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពឱ្យខាងតែបាន ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត។
អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងក្នុងអំឡុងពេលសម្ភោធ វិមាន ឈ្នះ ឈ្នះកាលពីឆ្នាំ ២០១៨ ដែរថា សង្គ្រាមបានផ្តើមឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ១៩៧០ ហើយបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ក៏ពិតមែន ប៉ុន្តែពេលនោះ កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញនៅឡើយទេ គឺនៅមានពួកខ្មែរក្រហម មានតំបន់ត្រួតត្រាច្រើន និងពោរពេញដោយគ្រោះថ្នាក់ជាច្រើនកន្លែងដូចជា តំបន់ប៉ៃលិន សំឡូត ម៉ាឡៃ អន្លង់វែង ឱរ៉ាល់ តាកែនកោះស្លា និងភ្នំវល៌្លជាដើម។
ផលប្រយោជន៍ដែលទទួលបានពីនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបាន គឺបានបញ្ចាប់សង្គ្រាមប្រដាប់អាវុធទាំងស្រុងលែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។ ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហមចាប់ពីដើមឆ្នាំ ១៩៩៦ ដល់ចុងឆ្នាំ ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។
ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែ១ មានព្រះមហាក្សត្រតែ ១ មានរដ្ឋធម្មនុញ្ញតែ ១ មានរាជរដ្ឋាភិបាលតែ ១ និងមានកងកម្លាំងតែ ១ ដែលបានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តី ប្រពន្ធ និងកូនទៀតហើយ។
កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក ថោង ម៉េងដាវីដ ប្រធានផ្នែកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា កម្ពុជាជាប្រទេសដែលធ្លាប់ធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ សង្គ្រាមស៊ីវិលជាច្រើនជំនាន់ជាពិសេសចាប់តាំងពីទសវត្សរ៍ទី ៧០ មក។
លោកថា៖ «ក្រោមការពលីរបស់សម្តេច ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងជាស្ថាបនិកឯកនយោបាយឈ្នះ-ឈ្នះ សម្តេចបានបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចនិងនយោបាយជាតិប្រកបដោយចីរភាព»។
លោកថា ក្រោយកម្ពុជាមានសុខសន្តិភាពពេញលេញ ដោយវិមានឈ្នះឈ្នះត្រូវបានកសាងនិងក្លាយជាសម្បត្តិសាធារណៈ ជាអត្តសញ្ញាណនៃវប្បធម៌ រួមចំណែកចែករំលែកភាពកតញ្ញូ និងសុខដុមនីយកម្មសម្រាប់ប្រជាជនកម្ពុជា ហើយបានក្លាយជាកន្លែងសិក្សាស្វែងយល់ពីតម្លៃនៃសន្តិភាព៕
វង្ស ដារាវ៉ាឌី