ភ្នំពេញៈ ក្រសួងព័ត៌មានគ្រោងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនាពេលខាងមុខ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ នាថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៣។
លោក អស្នារិទ្ធ បញ្ជាក់ថា៖ «ក្រសួងព័ត៌មាននឹងរៀបចំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Zero Fake News Campaign នៅពេលខាងមុខ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននិងលើកកម្ពស់ចំណេះដឹងសាធារណៈតាមរយៈការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងរបស់ពលរដ្ឋអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការនានាក្នុងការទប់ស្កាត់ការសាយភាយនៃព័ត៌មានក្លែងក្លាយនេះ»។
យុទ្ធនាការនេះនឹងមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗផងដែរ ប៉ុន្តែព័ត៌មានបន្ថែមពីយុទ្ធនាការនេះមិនទាន់ត្រូវបានឱ្យដឹងនោះទេ។
លោក អស្នារិទ្ធ លើកឡើងថា នាពេលបច្ចុប្បននេះ ការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាបានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នានិងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើបរាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមគ្រប់ប្រភេទដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយបាននិងកំពុងជះឥទ្ធិពលនិងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចលអាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ពលរដ្ឋខាតបង់ពេលវេលា ថវិកា។
រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ហើយធ្វើឱ្យបាត់បង់កិត្តិយសផងដែរ។ លើសពីនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឱ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ នេះបើតាមលោក ទេព អស្នារិទ្ធ។
លោកសង្កត់ធ្ងន់ថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានភាពចាំបាច់ណាស់ ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម»។
លោកបន្ថែមថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត។ ដូច្នេះវាចាំបាច់ណាស់ ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។
លោក ទេព អស្នារិទ្ធ បានបន្តថា ពលរដ្ឋគ្រប់រូប ដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះប្រសិនបើពលរដ្ឋចែករំលែកព័ត៌មានពិត ព័ត៌មានល្អ ដែលមានគុណភាពទៅឱ្យសមាជិកដទៃទៀតក្នុងក្រុមគ្រួសារក្តី ក្នុងសហគមន៍នោះសង្គមគ្រួសារ និងជាតិទាំងមូលនឹងសុទ្ធសឹងទទួលបាននូវព័ត៌មានពិតហើយរួមចំណែកបានក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ លោកអស្នារិទ្ធបានផ្តល់អនុសាសន៍ ឱ្យពលរដ្ឋអាចអនុវត្តនូវវិធានសំខាន់មួយចំនួនដូចជា៖ មុននឹងជឿលើព័ត៌មានអ្វីមួយ សូមសួរខ្លួនឯងថាតើព័ត៌មាននោះមានប្រភពច្បាស់លាស់ឬទេ តើវាមានប្រភពពីណា ហើយតើជាប្រភពដែលអាចទុកចិត្តបានដែរឬទេ?
មួយវិញទៀតសូមពិចារណាឱ្យបានច្បាស់ជាមុនសិនថាតើគួរចែករំលែកព័ត៌មាននោះទៅអ្នកដទៃដែរឬទេ ហើយការចែករំលែកនោះនឹងផ្តល់ផលប្រយោជន៍ ឬអាចបង្កផលវិបាកអ្វីខ្លះដល់សង្គមគ្រួសារ និងជាតិ?
ក្រៅពីនោះ ប្រសិនបើមានភាពសង្ស័យ មន្ទិលក្នុងចិត្តលើភាពសុក្រឹត ភាពពិតនៃព័ត៌មានណាមួយ សូមកុំចែករំលែកបន្ត និងគួរប្រកាន់ខ្ជាប់នូវទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់ជាមុនសិនមុននឹងចែករំលែកព័ត៌មាននោះបន្ត។
លោក ទេព អស្នារិទ្ធ ក៏បានលើកឡើងផងដែរថា អ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មួយក្នុងសង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះការផ្សព្វផ្សាយខ្លឹមសារព័ត៌មានពិតច្រើនដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន វានឹងលុបលើព័ត៌មានក្លែងក្លាយ។
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកនាថ្ងៃទី ២៧ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ហើយត្រូវហ៊ានកែតម្រូវ ប្រសិនបើមានកំហុសក្នុងការផ្សព្វផ្សាយផងដែរ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនអង្វរឱ្យឈប់វាយប្រហាររិះគន់នោះទេ សិទ្ធិរបស់អ្នកឯង។ ប៉ុន្តែសុំឱ្យមានក្រមសីលធម៌ គោរពសិទ្ធិប្រជាពលរដ្ឋផងណា។ តាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្តល់ព័ត៌មាន សូមស្រាវជ្រាវព័ត៌មានពិតឱ្យប្រជាពលរដ្ឋដឹងផង កុំយកអារឿងក្លែងក្លាយឱ្យពលរដ្ឋកង្វល់អត់មានហេតុផលច្បាស់លាស់។ យើងអត់បានបម្រើពលរដ្ឋពិតប្រាកដទេ តែទីបំផុតកេងប្រវ័ញ្ចលើពលរដ្ឋ ដោយសារយើងយកព័ត៌មានបំភ្លៃមកកេងចំណេញនយោបាយ តែធ្វើឱ្យប្រជាជនភ័យខ្លាច។ អាហ្នឹងគេហៅធ្វើបាប»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះត្រូវបានធ្វើឡើង ក្រោយពីមានសារព័ត៌មានបរទេសបានផ្សាយមិនពិតពីការចំណាយថវិកាលើគម្រោងព្រែកជីកហ្វូណនតេជោ៕