ភ្នំពេញៈ អ្នកក្នុងវិស័យទេសចរណ៍អះអាងថា ការចេញដើរកម្សាន្តរបស់ភ្ញៀវក្នុងស្រុកតាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេស និងទៅកម្សាន្តនៅក្រៅប្រទេសនាដំណាច់ឆ្នាំ ២០២៣ នឹងមានសម្ទុះកើនឡើងច្រើនធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ខណៈសណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់ទេសចរណ៍ត្រូវបានភ្ញៀវកក់មួយចំនួនរួចហើយនៅថ្ងៃឆ្លងឆ្នាំ។
បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបង្កការគំរាមកំហែងសម្រាប់វិស័យទេសចរនៅគ្រប់ប្រទេសនៅលើពិភពលោករយៈពេលជាង ៣ឆ្នាំកន្លងមកបានបិទបញ្ចប់ស្ទើរទាំងស្រុង ការធ្វើដំណើរកម្សាន្តរបស់ប្រជាជនខ្មែរបានកើនឡើងវិញជាបន្តបន្ទាប់ ពិសេសដំណើរទេសចរណ៍ក្នុងស្រុក។
លោក ស សារិន ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ទៅទ្រីប Tovtrip បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៨ ខែធ្នូថា នៅអំឡុងថ្ងៃឆ្លងឆ្នាំ ២០២៣-២០២៤ ខាងមុខលោកបានសង្កេតឃើញថាចរន្តនៃការធ្វើដំណើរកម្សាន្តរបស់ប្រជាជនខ្មែរមានការកើនឡើងច្រើន ទាំងការធ្វើដំណើរទៅតាមរមណីយដ្ឋាននានាក្នុងប្រទេស រួមទាំងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
លោកបន្តថា បើតាមការប៉ាន់ស្មានចំនួនភ្ញៀវចេញដើរកម្សាន្តនៅតាមរមណីយដ្ឋានក្នុងស្រុកនឹងមានចំនួនច្រើន ចំណែកភ្ញៀវក្នុងស្រុកដែលកក់សំបុត្រចេញទៅកម្សាន្តនៅក្រៅប្រទេសដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី កូរ៉េ និងជប៉ុន ក៏មានចំនួនច្រើនដែរធៀបនឹងឆ្នាំមុន។
លោកថ្លែងថា៖ «ខ្ញុំគិតថាចំនួនភ្ញៀវទេសចរខ្មែរដែលចេញដើរកម្សាន្តនៅតាមរមណីយដ្ឋានក្នុងស្រុក និងក្រៅប្រទេសនៅថ្ងៃឆ្លងឆ្នាំនេះនឹងកើនលើសឆ្នាំមុនជាងទ្វេដង»។
ជាមួយគ្នានេះក្នុងន័យដើម្បីជំរុញវិស័យទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែមានភាពរស់រវើក និងដើម្បីបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើននោះ លោក សារិន បានស្នើឱ្យរដ្ឋាភិបាលជួយផ្នែកឯកជនបន្ថែមទៀតលើផ្នែកសំខាន់ៗមួយចំនួនដូចជា ពន្ធដារ ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
លោកបញ្ជាក់ថា៖«ក្នងនាមផ្នែកឯកជន យើងពិតជាចង់ឱ្យរដ្ឋាភិបាលជួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យបានកាន់តែខ្លាំងថែមទៀត ដូចជាការលើកលែងពន្ធ និងការជួយឧបត្ថម្ភធនមួយចំនួន ឬធ្វើប្រមូសិនផ្សេងៗ ព្រោះនៅពេលទេសចរក្នុងស្រុកមានដំណើរការល្អ គឺវានឹងជះឥទ្ធិពលវិជ្ជមានទៅដល់អ្នកនៅក្រៅស្រុកឱ្យចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន»។
ម្ចាស់ចម្ការតែ បឹងហ្គាឡូ នៅខេត្តមណ្ឌលគិរី លោកស្រី ស៊ិន ចាន់សុភាព បានប្រាប់ថា បឹងហ្គាឡូ របស់លោកស្រីទាំង ១៥ បន្ទប់ត្រូវបានអតិថិជនកក់អស់ហើយ។ សម្ទុះការកក់គឺលឿនជាងរយៈពេលដូចគ្នាឆ្នាំមុន ខណៈនៅអំឡុងចុងឆ្នាំ និងដើមឆ្នាំនៅតំបន់រមណីយដ្ឋានខេត្តមណ្ឌលគិរី និងរតនគិរីតែងមានភ្ញៀវទៅកម្សាន្តច្រើនខ្លាំង។
លោកស្រីពន្យល់ថា មូលហេតុដែលនៅចុងឆ្នាំ និងដើមឆ្នាំតែងមានអ្នកទេសចរច្រើន គឺដោយសារខេត្តភូមិភាគឦសានមានអាកាសធាតុត្រជាក់ខណៈហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ និងសេវាផ្សេងៗក៏ល្អផងដែរ។
លោកស្រីបាននិយាយថា៖ «កន្លែងរបស់ខ្ញុំត្រូវបានភ្ញៀវកក់សម្រាប់ថ្ងៃឆ្លងឆ្នាំអស់តាំងពីសប្តាហ៍មុន ហើយកន្លែងស្នាក់នៅឯទៀតក្បែរៗនោះក៏ពេលជិតអស់ហើយ។ ខ្ញុំគិតថា ចំនួនភ្ញៀវមកកម្សាន្តនៅខេត្តមណ្ឌលគិរីនៅថ្ងៃឆ្លងឆ្នាំនេះ នឹងមានចំនួនច្រើនជាងឆ្នាំមុនៗ»។
ទាក់ទងនឹងតម្លៃកន្លែងស្នាក់នៅ គឺបានកើនឡើងជិតទ្វេដង ដោយបន្ទប់ស្នាក់តម្លៃ ២០ ដុល្លារនៅថ្ងៃធម្មតាបានកើនឡើងដល់ជាង ៣៥ ដុល្លារ។ លោកស្រី ចាន់សុភាព បានលើកឡើងថា៖ «ការកើនឡើងតម្លៃនេះ គឺដោយសារតែភ្ញៀវដែលមកកម្សាន្តនៅពេលឆ្លងឆ្នាំ ឬពិធីបុណ្យផ្សេងៗភាគច្រើនមកជាលក្ខណៈគ្រួសារដែលមានគ្នាច្រើន ចំណែកកម្មករមួយចំនួនក៏ត្រូវបានបន្ថែមប្រាក់សម្រាប់ការបំពេញការងារឈប់សម្រាកដែរ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពតនៅក្នុងឆ្នាំនេះនឹងកើនឡើងខ្ពស់ ដោយគិតត្រឹមព្រឹកថ្ងៃទី ២៨ ខែធ្នូ គឺកន្លែងស្នាក់នៅប្រភេទបឹងហ្គាឡូ ត្រូវបានអតិថិជនកក់អស់ជាង ៩០ ភាគរយ និងបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជាង ៧០ ភាគរយ ខណៈបច្ចុប្បន្នក្នុងខេត្តកំពតមានបន្ទប់ជួលស្នាក់សរុបជាង ៥ ០០០ បន្ទប់។ លោកបន្តថា នៅខេត្តកំពតរដ្ឋបាលខេត្ត ក៏នឹងរៀបចំកន្លែងសម្រាប់ឱ្យភ្ញៀវទស្សនាច្រើនផងដែរដូចជា ប្រគំតន្ត្រី បាញ់កាំជ្រួច និងតាំងពិព័រណ៍ ជាច្រើន។
លោកបញ្ជាក់ថា៖ «ប្រាកដណាស់ គឺចំនួនភ្ញៀវទេសចរមកកម្សាន្តខេត្តកំពត និងបណ្តាតំបន់ទេសចរណ៍នានាក្នុងប្រទេសនឹងមានចំនួនច្រើន ព្រោះឆ្នាំនេះយើងអាចនិយាយថាអ្វីៗមានភាពល្អជាងឆ្នាំមុន ម្យ៉ាងទៀតថ្ងៃឆ្លងឆ្នាំក៏ជាប់ថ្ងៃសៅរ៍-អាទិត្យដែរ»។បើតាមលោក សយ ស៊ីណុល តំបន់ទេសចរណ៍នៅទូទាំងប្រទេសនឹងមានភ្ញៀវទេសចរច្រើនដូចៗគ្នា។
អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីខែមិថុនា ឆ្នាំ ២០២៣ ធ្លាប់លើកឡើងថា៖«ពេញ ១ ឆ្នាំ ២០២៣ នេះកម្ពុជារំពឹងថា នឹងទទួលទេសចរក្នុងស្រុកប្រមាណ ១៦ លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»។
លោកបានអះអាងថា ឆ្នាំ ២០២៣ នេះ គឺជាឆ្នាំដ៏វិសេសសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ដែលបានបិទបញ្ចប់ដោយភាពជោគជ័យជាប្រវត្តិសាស្ត្រ។
របាយការណ៍ក្រសួងទេសចរណ៍ ឱ្យដឹងថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសជិត ៤,៩២ លាននាក់ កើន ១៥៦,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕