ភ្នំពេញៈ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកភ្ញៀវទេសចរជិត ២ ពាន់នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុជាលើកទី ២ ដើម្បីធ្វើទេសចរណ៍ និងជាការរំឭកអនុស្សាវរីយ៍ដែលកម្ពុជាធ្លាប់បានអនុញ្ញាតឱ្យចូលសំចតលើកទី១ ក្នុងពេលផ្ទុះជំងឺកូវីដ ១៩ នៅឆ្នាំ ២០២០ ខណៈប្រទេសជាច្រើនបដិសេធក្រោមហេតុផលខ្លាចឆ្លងជំងឺកូវីដ ១៩ តែវត្ដមានលើកនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បង្ហាញសុទិដ្ឋិនិយមថា នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។
នាវាទេសចរណ៍ខ្នាតយក្សរបស់ក្រុមហ៊ុន Holland American នេះ បានចូលសំចតកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្ នាំ២០២៣ ដោយមានការទទួលស្វាគមន៍ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក សុខ សូកេន និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតរួមទាំងអាជ្ញាធរខេត្តព្រះសីហនុផងដែរ។
នាវា MS Westerdam នេះចូលសំចតក្រុងព្រះសីហនុរយៈពេល ១ ថ្ងៃពេញ ជាមួយអ្នកដំណើរជិត ២ ពាន់នាក់ ក្នុងនោះមានអ្នកដំណើរប្រមាណ ៦០០ នាក់បានសម្រេចបន្តធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាហើយក្រៅពីនោះត្រូវចាកចេញពីកម្ពុជាបន្តដំណើរជាមួយនាវានៅវេលាម៉ោង ៩ យប់។
ជុំវិញរឿងនេះ លោក សុខ សូកេន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកចាត់ទុកការវិលត្រឡប់មកវិញរបស់នាវា Westerdam ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា បន្ទាប់ពីនាវានេះធ្លាប់ចូលសំចតកាលពីកែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ។ លោកបន្តថា ការសំចតជាថ្មីនេះ ទាំងប្រធាននាវិក ទាំងភ្ញៀវទេសចរ បង្ហាញភាពកក់ក្តៅចំពោះកម្ពុជា ជាពិសេសនឹកដល់គ្រាដែលកម្ពុជាអនុញ្ញាតឱ្យនាវានេះចូលចតក្នុងពេលកំពុងជួបវិបត្តិកូវីដ ១៩។
លោកបានបន្តថា៖ «ថ្ងៃនេះយើងឃើញមានភ្ញៀវត្រឡប់មកប្រមាណ ១ ៩៩១ នាក់ ដែលនៅលើនាវា Westerdam ជាមួយបរិយាកាសអំណោយផលមែនទែន ដែលជាពេលវេលាមួយដែលយើងកំណត់បានចំពោះវិស័យធ្វើដំណើរតាមនាវាចរណ៍នេះគឺមានលក្ខណៈវិជ្ជមានខ្ពស់ហើយនឹងមានការធ្វើដំណើរជាបន្តបន្ទាប់នៅឆ្នាំជាបន្តបន្ទាប់ទៀត ហើយយើងនឹងសម្រួលឱ្យនាវាលក្ខណៈធំនេះចូលមកកម្ពុជា»។
លោក សុខ សូកេន បានបន្តថា ទេសចរណ៍ប្រភេទនាវាមានលក្ខណពិសេសដែលលោកសង្ឃឹមថា ទៅថ្ងៃអនាគត កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីទាក់ទាញភ្ញៀវទេសចរនៅលើផ្លូវទឹក។ លើសពីនេះលោកក៏បញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍នឹងធ្វើការជាមួយវិស័យឯកជនដើម្បីជំរុញកញ្ចប់ផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅកម្ពុជាបន្ថែមទៀត។
ក្នុងពេលមន្ត្រីកម្ពុជាទទួលបដិសណ្ឋារកិច្ចនេះ អ្នកទេសចរជាច្រើនថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយកម្ពុជាដោយពួកគាត់បង្ហាញក្តីរំភើបរីករាយខណៈមានការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញការចាប់អារម្មណ៍ខ្ពស់មកលើប្រទេសកម្ពុជា។ ក្នុងនោះស្ត្រីជនជាតិអាមេរិក ១ រូប បានថ្លែងថា កម្ពុជាជាប្រទេសដ៏ប្រពៃ ហើយលោកស្រីរំភើបណាស់ដែលបានមកកម្ពុជា ទោះបីនេះជាលើកទី១ ក៏ដោយ។
ចំណែកអ្នកដំណើរជាបុរសជនជាតិអូទ្រីសម្នាក់បានថ្លែងថា លោកបានមកកម្ពុជាជាលើកទី២ បន្ទាប់ពីលើកទី១ កាលពី ១១ ឆ្នាំមុន ហើយលោកលើកឡើងថា កម្ពុជាមានការផ្លាស់ប្តូរច្រើន ប៉ុន្តែកម្ពុជានៅតែជាទីគួរឱ្យចាប់អារម្មណ៍សម្រាប់រូបលោក។
ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី ២៨ ខែធ្នូ ដោយបានស្វាគមន៍ការវិលត្រឡប់របស់នាវា Westerdam នេះ ហើយលោកបង្ហាញសុទិដ្ឋិនិយមថា នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។
លោកបានរំឭកដល់ព្រឹត្តិការណ៍ខែកុម្ភៈ ឆ្នាំ ២០២០ ដែលអតីតនាយករដ្ឋមន្រី្ដ លោក ហ៊ុន សែន អនុញ្ញាតឱ្យនាវានេះចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុអំឡុងពេលរាតត្បាតជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ហើយបានជួយអាយុជីវិតអ្នកដំណើរលើនាវាជាង ២ ២០០ នាក់ ឱ្យអាចវិលត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងបុព្វហេតុមនុស្សធម៌ដែលជាការលើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃមនុស្សជាតិ។
លោកសង្កត់ធ្ងន់ថា៖ «ការត្រឡប់មកវិញនេះគឺជាការរំឭកដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ដែលបានគិតគូរពីអាយុជីវិតជាជាងភាពភ័យខ្លាច គឺបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន»។
ជាមួយគ្នានេះ ប្រធានក្រុមនាវិករបស់នាវា Westerdam លោក Vincent Smit បានផ្ញើសារអរគុណចំពោះអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលធ្លាប់បានអនុញ្ញាតឱ្យនាវារបស់លោកចូលចតនៅកម្ពុជាក្នុងដំណាក់កាលដ៏លំបាកដោយសារវិបត្តិកូវីដ ១៩ កាលពីខែកុម្ភៈ ឆ្នាំ ២០២០។
លោកថ្លែងថា៖ «ពួកយើងត្រូវបានបដិសេធឱ្យចូលសំចតពីកំពង់ផែជាច្រើន លើកលែងតែកម្ពុជាប៉ុណ្ណោះ ហើយគ្រានោះរដ្ឋាភិបាលកម្ពុជាថែមទាំងទទួលពួកយើងយ៉ាងកក់ក្តៅផង ដែលផ្តល់លទ្ធភាពឱ្យពួកយើងបញ្ជូនអ្នកដំណើរក្នុងនាវាត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅប្រទេសរៀងខ្លួនវិញ»។
គួរជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជា ក្រោមការបញ្ជាដោយផ្ទាល់ពីលោកអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចឱ្យនាវាទេសចរណ៍ខ្នាតយក្ស MS Westerdam របស់ក្រុមហ៊ុន Holland American ចូលសំចតកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយប្រទេសជាច្រើនបានបដិសេធដោយសារតែភ័យខ្លាចការរាតត្បាតជំងឺកូវីដ ១៩។ គ្រានោះ មានមនុស្សនៅលើនាវាប្រមាណជាង ២ ២០០ នាក់ ដែលក្នុងនោះមានក្រុមការងារចំនួន ៨០២ នាក់ និងអ្នកដំណើរចំនួន ១ ៤៥៥ នាក់ មកពីជាង ៤០ ប្រទេសដែលភាគច្រើន គឺជាជនជាតិអាមេរិក៕