ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់ឆ្នោត កំណត់លំដាប់លេខរៀងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង។
ពិធីនេះធ្វើឡើងនាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នៅសាលសន្និសីទ គ.ជ.ប ដោយមានការចូលរួមពីព្រះសង្ឃ,សមាជិក គ.ជ.ប, តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាង ព្រឹទ្ធសភា តំណាងរដ្ឋសភា, តំណាងក្រសួងពាក់ព័ន្ធ, តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានគណបក្សនយោបាយចំនួន ៤ បានចូលរួមប្រកួតប្រជែង។ លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ គណបក្សឆន្ទៈខ្មែរលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤។
លោកបានបន្តថា៖ «គោលបំណងនៃការចាប់ឆ្នោតនៅពេលនេះ គឺសំដៅធ្វើឱ្យមានភាពយុត្តិធម៌ និងតម្លាភាពក្នុងការកំណត់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលត្រូវប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នេះ»។ បើតាម គជប ការបោះឆ្នោតព្រឹទ្ធសភាដែលជាការបោះឆ្នោតអសកល នីតិកាលទី ៥ នេះមានអ្នកចូលរួមបោះឆ្នោតដែលជាតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងសរុបចំនួន ១១ ៧៤៧ នាក់៕