ភ្នំពេញៈ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប កាលពីថ្ងៃទី ២៧ ខែធ្នូ បានផ្តល់ធុងសំរាមចំនួនជាង ២០០ ធុង ទៅដល់ឃុំ-សង្កាត់ចំនួន ៣ នៃបឹងទន្លេសាប ដែលជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប។
តាមរយៈហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប លោក យុក សេងឡុង នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ឬហៅថាអង្គការ ហ្វេក (FACT) បានលើកឡើងថា ធុងសំរាមដែលបានផ្តល់ឱ្យឃុំ-សង្កាត់ចំនួន ៣ នោះគឺ សង្កាត់ជ្រាវឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
FACT បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ អង្គការនេះក៏បានចែកធុងសំរាមដល់ឃុំចំនួន ៣ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងដែរ។
លោក សេងឡុង បានថ្លែងថា ធុងសំរាមដែលបានផ្តល់ជូននេះ មានសរុបចំនួន ២៣៥ ធុង ដែលមាន ៣ ខ្នាត ដែលមានចំណុះ ១២០ លីត្រ ចំណុះ ៦៦០ លីត្រ និងខ្នាតធុងសម្រាប់ដាក់ជីសរីរាង្គ។ ការប្រគល់នេះ គឺជាគោលដៅរបស់គម្រោង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍ នេសាទនៅតំបន់ជីវចម្រុះក្នុងបឹងទន្លេសាប រយៈពេលយូរអង្វែង»។
លោក យុក សេងឡុង បានឱ្យដឹងថា គម្រោងនេះមានការផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពរបស់សមាជិកសហគមន៍គោលដៅ តាមរយៈការបង្កើតសហគមន៍កសិកម្ម សេវាកម្មអេកូទេសចរណ៍ ការបង្កើត និងដំណើរការបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) ការដាំបន្លែ ការចិញ្ចឹមឃ្មុំ ការកែច្នៃផលនេសាទ ការកែច្នៃកាបូប និងវត្ថុអនុស្សាវរីយ៍ពីកំប្លោក និងការគ្រប់គ្រងកាកសំណល់ក្នុងតំបន់គោលដៅគម្រោង តាមរយៈការកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាឥដ្ឋអេកូ កាបូប និងវត្ថុអនុស្សាវរីយ៍ជាដើម។
ការប្រគល់ជូនធុងសំរាមនេះក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងនេះ ដោយមានការសហការយ៉ាងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ក៏ដូចជារដ្ឋបាលស្រុក និងឃុំនៅក្នុងតំបន់គោល ដោយផ្តោតជាសំខាន់លើការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈការប្រមូល ទុកដាក់ និងចាត់ចែង។
ជាមួយគ្នានេះអង្គការហ្វេក ក៏មានផែនការទិញ និងផ្តល់ជូនដល់ឃុំ សង្កាត់គោលដៅទាំងនេះ នូវមធ្យោបាយដឹកជញ្ជូនសំរាម ដូចជាទូក កាណូត ឬរ៉ឺម៉កកង់ ៣ នៅក្នុងពេលឆាប់ខាងមុខនេះដែរ។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានថ្លែងថា បញ្ហាអនាម័យបរិស្ថាន ជាផ្នែកមួយសំខាន់ក្នុងចំណោមវិស័យផ្សេងទៀតដែលមាននៅក្នុងផែនការអភិវឌ្ឍន៍សង្កាត់ ហើយវាក៏ស្ថិតនៅក្នុងផែនការសកម្មភាពប្រចាំខែរបស់សង្កាត់ផងដែរ។
លោកបន្តថា បើទោះបីជាមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក៏ដោយ ក៏បញ្ហាសំរាមនេះ នៅតែជាបញ្ហាប្រឈមដដែល ដោយសារតែមានប្រជាជនមួយភាគតូច តែងតែលបលួចដឹកយកសំរាមទៅចោលតាមទីសាធារណៈនៅពេលយប់។ បើទោះជាយ៉ាងណា លោកបានរំពឹងថា ធុងសំរាមនេះ ក៏នឹងជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាល បានមួយផ្នែកធំដែរ។
អនុប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោក ណម គិមអន បានថ្លែងថា នៅខេត្តសៀមរាប ប្រជាពលរដ្ឋបានបង្កើតសំរាមប្រមាណ ៦០០ តោនក្នុង ១ ថ្ងៃ ហើយភាគច្រើនជាសំរាមប្លាស្ទិក ក្នុងនោះសំរាមប្រមាណជាង ៥០ ភាគរយ បានប្រមូលចូលទីលានចាក់សំរាម និងយកមកកែច្នៃ។
លោកបានបន្តថា ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ ២០២៣-២០២៨ ដែលឈរលើអាទិភាពចម្បង ៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបានអព្យាក្រឹតភាពកាបូន។
លោកថា៖ «ដើម្បីសម្រេចបានគោលដៅនេះ វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ព្រោះថាផែនដីរបស់យើងមានតែមួយ ដូច្នេះសំរាមដែលយើងបោះចោលទោះតិចឬច្រើនវានៅតែលើផែនដីដដែល»។
យោងតាមរបាយការណ៍ក្រសួងបរិស្ថានពីខែកញ្ញា ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ មានអ្នកចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសរុបចំនួនជាង ៣,៦ លាននាក់ រួមទាំងព្រះសង្ឃ ក្នុងនោះរួមមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី និងអ្នកចូលរួមផ្សេងៗទៀតដែរនៅទូទាំងប្រទេសកម្ពុជា៕