ការប្រកួត​កីឡា​ស៊ី​ហ្គេម​ និង​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​បន្ទាប់ពី​ខកខាន​អស់​ ៦៤ ​ឆ្នាំ​ កម្ពុជា​បាន​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ៣២​ នៅ​ថ្ងៃទី​ ៥ ខែឧសភា ដល់​ថ្ងៃទី​ ១៧ ខែឧសភា និង​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​ពីថ្ងៃ​ទី​ ៣ ខែមិថុនា ដល់​ថ្ងៃទី​ ៩ ​ខែមិថុនា ឆ្នាំ​ ២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតីភាព​អតីត​នាយករដ្ឋមន្ត្រី​លោក​ហ៊ុន សែន និង​ភរិយា​ក្រោម​ប្រធានបទ ​«​កីឡា​រស់​ក្នុង​សន្ដិភាព​»​។​

​ការប្រកួត​កីឡា​ទាំងនេះ​មានការ​ចូលរួម​ពី​ប្រតិភូ​កីឡា​មកពី​ប្រទេស​អាស៊ាន​ទាំង​ ១០​ និង​ប្រ​​ទេស​ទី​ម័​រ​ខាងកើត​ហើយ​ពុំមាន​ការគិតថ្លៃ​សំបុត្រ​ចូល​ទស្សនា​ទេ ខណៈ​ការ​ស្នាក់នៅ និង​ការ​ហូបចុក​របស់​ប្រតិភូ​កីឡា​ទាំង​អស់​ត្រូវបាន​រ៉ាប់រង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ពិធី​ប្រកួត​កីឡា​នេះ​មានការ​រៀបចំ​សម្ដែង​ផ្ទាំងទស្សនីយភាព​ធំៗ​ជាច្រើន​ដូចជា​ប្រ​វ​ត្ដិ​នៃ​កកើត​ទឹកដី​កម្ពុជា ការរីកចម្រើន​ក្នុងសម័យ​អង្គរ​ដោយមាន​ទាំង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ សិល្បៈ ក្បាច់គុន​ល្បុក្កតោ​ជាដើម​។​ល​។​

​ជាមួយគ្នានេះ ក៏មាន​ការ​រំលេច​ពី​ការធ្លាក់ចុះ​ជា​បន្ដបន្ទាប់​នៃ​ដំណើរ​ជាតិ​កម្ពុជា​រហូត​ឈានដល់​ដំណាក់កាល​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ក្រោយ​ថ្ងៃ​រំដោះ ​៧ ​មករា ឆ្នាំ​ ១៩៧៩​ ផងដែរ​។​

​ជា​លទ្ធផល​នៃ​ការប្រកួត​នោះ កីឡាករ​កម្ពុជា​ឈ្នះ​បាន​មេដាយ​ជាច្រើន​លើសពី​ការរំពឹងទុក​ដោយ​ការប្រកួត​ស៊ី​ហ្គេម​បាន​មេដាយ ​២៨២ ​គ្រឿង ​(​ចំណាត់​​ថ្នាក់​ទី​៣)​ក្នុងនោះ​មេដាយមាស ​៨១ ​គ្រឿង ​(​ចំណាត់ថ្នាក់​លេខ​ ៤) មេដាយប្រាក់ ​៧៤ ​គ្រឿង​ និង​មេដាយ​សំរឹទ្ធ ​១២៧​ គ្រឿង​។​

​រីឯ​កីឡា​ប៉ា​រ៉ា​ហ្គេម​បាន​ចំណាត់​​ថ្នាក់​ទី​៨ ​ដោយ​ទទួលបាន​មេដាយ​សរុប​ ៧០​ គ្រឿង​ ក្នុងនោះ​មេដាយមាស​ ៩ គ្រឿង ប្រាក់​ ១៨​ គ្រឿង និង​មេដាយ​សំរឹទ្ធ​ ៤៣ ​គ្រឿង​។​​ តាមរយៈ​ការរៀបចំ​ប្រកួត​កីឡា​នេះ​បានធ្វើឱ្យ​កិត្យានុភាព​កម្ពុជា​កាន់តែ​ល្បី​រន្ទឺ​ដោយមាន​ប្រទេស​ជាច្រើន​បាន​កោតសរសើរ​ពី​ការរៀបចំ​បានល្អ​ឥតខ្ចោះ​ហើយ​មាន​ប្រទេស​ខ្លះ​ចង់យក​ធ្វើជា​គំរូ ស្របពេល​ដែល​លោក​ហ៊ុន សែន បានចាត់ទុក​ព្រឹ​ត្ដិ​ការណ៍​នោះ​ថា ជា​កំណត់ត្រា​ប្រ​វ​ត្ដិ​សាស្ត្រ​ដ៏​សំខាន់​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ទុកឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​។​

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណ​តិ​ទី៧

​ប្រទេស​កម្ពុជា​ បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​អាណ​តិ្ត​ទី​៧ ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ដូចដែល​បានចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​ដោយមាន​គណបក្ស​ចំនួន ​១៨ ​ចូលរួម លើកលែងតែ​គណបក្ស​ចំនួន ​២ ត្រូវបាន គ​.​ជ​.​ប​. បដិសេធ​ដោយសារ​ពុំបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ក្នុង​ច្បាប់បោះឆ្នោត​។​

​បន្ទាប់ពី​គណបក្ស​នីមួយៗ​បានចេញ​ឃោសនា​អស់​ពេល ​៣ ​សប្ដាហ៍ គឺមាន​ពលរដ្ឋ​កម្ពុ​ជាជាង​ ៨៤ ​ភាគរយ​ បាន​ចេញទៅ​បោះ​ឆ្នោត​ក្រោម​ការឃ្លាំមើល​ពី​អ្នក​សង្កេតការណ៍​ជាតិ និង​អន្ដរជាតិ​រាប់ម៉ឺន​នាក់ ថ្វីបើ​មានការ​អំពាវនាវ​ពី​អតីត​មេដឹកនាំ​បក្សប្រឆាំង​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះ​​ឆ្នោត​ឬ​បើ​ទៅ​ត្រូវ​គូស​សន្លឹក​ឆ្នោត​បំផ្លាញចោល​ក៏ដោយ​។​

​ជា​លទ្ធផល​ប្រកាស​ដោ​យគ​.​ជ​.​ប​.​គឺមាន​គណបក្ស​តែ​ ២ ​ប៉ុណ្ណោះ​ដែល​បានឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា​គឺ​គណបក្ស​ប្រជា​ជនកម្ពុជា​ទទួលបាន​ការគាំទ្រ​ជាង ​៨២ ​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ដោយ​ទទួលបាន ​១២០​ អាសនៈ​នៃ​សមាជិក​រដ្ឋសភា​សរុប ​១២៥ ​រូប​។ ចំណែក​ ៥ ​អា​សនៈ​ទៀត​បាន​ទៅលើ​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ ន​រោ​ត្ដម ច​ក្រា​វុ​ឌ្ឍ ជា​បុត្រា​របស់​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ​។​

​តាមរយៈ​លទ្ធផល​នេះ មាន​ប្រទេស​ជា​មិត្ត​កម្ពុជា​ជាច្រើន​បានចេញ​សារ​អបអរសាទរ​ជា​បន្ដបន្ទាប់​ចំពោះ​ជ័យជម្នះ​គណ​​បក្ស​ប្រជាជន​កម្ពុជា​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​នេះ​ថា​បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ ដូច​ការវាយតម្លៃ​ពី​អ្នក​សង្កេតការណ៍​ផងដែរ ខណៈ​គណបក្ស​ដែល​មិន​បានឈ្នះ​អាសនៈ​ក៏បាន​ប្រកាស​ទទួលយក​លទ្ធផល​នេះ ថ្វីបើ​មាន​ប្រទេស​លោក​សេរី​ខ្លះ​បង្ហាញ​ការ​ខក​ចិ​ត្ដ​ចំពោះ​ការបោះឆ្នោត​លើក​នេះ​ក្ដី​។​

​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​​ក្រឹត្យ​តែងតាំង​លោក​ ហ៊ុន ម៉ា​​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ថ្មី​

បន្ទាប់ពី​មាន​សំណើ​ដោយ​ផ្អែក​តាម​មាត្រា​​ ១១៩ (​ថ្មី​)​ នៃ​រដ្ឋធម្មនុញ​ពី​លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះឆ្នោត ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្ដេចព្រះ​បរម​​នាថ ន​រោ​ត្ដម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​ ៧ ខែសីហា ឆ្នាំ ​២០២៣ ត្រាស់​​បង្គាប់​តែងតាំង​លោក​ ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​ដើម្បីឱ្យ​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី៧ ដើម្បី​សុំ​ការ​ទុក​ចិ​ត្ដ​ពី​រដ្ឋសភា​។​

​រីឯ​មួយថ្ងៃ​ក្រោយមក ពោល​គី​នៅ​ថ្ងៃទី ​៨ ខែសីហា លោក​ក៏​ត្រូវបាន​ព្រះមហាក្សត្រ​ផ្ដល់​គោរមងារ​កិ​ត្ដិ​យស​ពិសេស​ដ៏​ឧត្ដុង្គឧត្ដម​បំផុត​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ជា​ «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»​ មុនពេល​ព្រះអង្គ​ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ដល់​លោក​ ហ៊ុន ម៉ា​ណែ​ត ជា​«​សម្ដេច​មហា​បវរ​ធិបតី​»​ នៅ​ថ្ងៃទី ​២ ខែកញ្ញា ឆ្នាំ ​២០២៣ ស្រប​ពេលដែល​លោកស្រី ​ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​ក៏​ទទួលបាន​គោរមងារ​ជា​ «​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី​» ​ផងដែរ​។​

​ការប្រជុំ​សភា​អាណ​ត្ដិ​ទី​៧ ​ជា​លើកដំបូង

​រដ្ឋសភា​អាណត្តិ​ទី​៧ ​បាន​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី​ ២១ សីហា ឆ្នាំ ២០២៣ ក្រោម​ព្រះរាជា​ធិ​ប​ធី​អង្គ​ព្រះ​មហាក្សត្រ​ព្រះបាទ​សម្ដេចព្រះ​​បរមនាថ​នរោត្តម សីហមុនី និង​មាន​វត្ដ​មាន​បណ្តា​តំណាង​​រាស្ត្រ​ជាប់ឆ្នោត​ទាំង ​១២៥​ រូប ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​

​ក្រៅពីនោះ​ក៏មាន​បណ្តា​អង្គ​ទូត​នៃ​បណ្ដា​ប្រទេស​ប្រមាណ​​ ៣០ រួមទាំង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី​បារាំង​និង​ជប៉ុន​ដែល​ធ្លាប់បាន​រិះគន់​ពី​ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​ក៏​វត្ដ​មាន​ក្នុងនាម​ជា​ភ្ញៀវ​កិ​ត្ដិ​យស​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ជា​លើកដំបូង​នោះ​ផងដែរ​។​

តាមរយៈ​វត្តមាន​បណ្ដា​អង្គ​​ទូត​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​អាណត្តិ​ទី​៧ ​លើកដំបូង​នោះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា​គឺជា​តម្លៃ​ទាំង​បែប​ការទូត​ផង តម្លៃ​ជា​នយោបាយ​ផង និង​តម្លៃ​នៃ​ផ្លូវច្បាប់​ផង ហើយក៏​ជា​សារ​បង្ហាញ​ពី​ការត្រៀម​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត ផងដែរ បើទោះបី​ស្ថានទូត​ប្រទេស​ខ្លះ​ធ្លាប់បាន​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​ក្តី​។​

ការបង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណ​ត្ដិ​ទី​៧ ​នៃ​រដ្ឋសភា​

១ ថ្ងៃ​បន្ទាប់ពី​បើក​កិច្ច​ប្រ​ជុំ​ដំបូង​របស់ខ្លួន​ពោលគឺ​នៅ​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣ សមាជិក​សភាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋា​​ភិ​បាល​ថ្មី​អាណ​ត្ដិ​ទី​៧ ​ដោយ​សំឡេង​ច្រើន​លើសលប់​ ១២៣ ​ក្នុងចំណោម​ ១២៥ ​រូប ខណៈ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះមហា​​ក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​រាជរដ្ឋាភិបាល​ថ្មី​នេះ​ដែលមាន​សមាស​ភាពជា​ឧ​ប​នាយករដ្ឋមន្ត្រី​ចំនួន ​១០ ​រូប ព្រម​ទាំង​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ដ្រី​ជាង​ ៤០ រូប​ផងដែរ​។​

​ដោយ​យក ​«​កម្មវិធី​ន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​»​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​មុន​ការបោះឆ្នោត លោក​ហ៊ុន ម៉ា​ណែ​ត បានដាក់​កម្មវិធី​នេះ​បង្ហាញជូន​រដ្ឋសភា ហើយ​តាមរយៈ​រដ្ឋសភា​ជូន​ដល់​ជនរួមជាតិ​និង​សាធារណៈមតិ​ទូទៅ​ដោយ​កម្មវិធី​គោលនយោបាយ​នោះ​ផ្ដោតលើ​អាទិភាព​ចំនួន​ ៦ ​ដែល​ត្រូវអនុវត្ត​ភ្លាមៗ​នៅក្នុង​ឆ្នាំ​ ២០២៣​។​

​វិធី​គោលនយោបាយ​ទាំងនោះ​រួមមាន ទី​១-​ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​ទី​២-​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​, ទី​៣-​ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ​,​ក្រុម​ជន​ងាយ​រងគ្រោះ​នៅក្នុង​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​គ្រា​មាន​គ្រោះអាសន្ន​,​ ទី​៤-​ការដាក់ចេញ​ ​និង​ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យមាន​លទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ​,​ទី​៥-​ការដាក់ចេញ​នូវ​យន្តការ​សម្រប​សម្រួល​និង​កម្មវិធី​ហិរញ្ញ​ប្ប​ទាន​សំដៅ​លើកស្ទួយ​ផលិត​កម្ម​,​រក​ទីផ្សារ​និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ និង​ទី​៦-​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់​ដែលមាន​សកម្ម​ភាព​កសិកម្ម​នៅ​ទូទាំងប្រទេស និង​ការរៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ទីជនបទ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​នៅ​អង្គ​ការ​សហប្រជាជាតិ​

បន្ទាប់ពី​បាន​ដឹកគណៈ​ប្រតិ​​ភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ពីថ្ងៃ​ទី ​៤-៧​ ខែកញ្ញា ឆ្នាំ​ ២០២៣ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​នៅ​ពាក់​កណ្ដាល​ខែកញ្ញា​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង ​«​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៨» នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អា​មេ​​រិ​ក​ផងដែរ ​ចាប់ពី​ថ្ងៃទី ២១-២៥ ​កញ្ញា ឆ្នាំ​ ២០២៣​។​

​នៅឯ​ UN លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សុន្ទរកថា​ផ្ដោតលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន​រួមមាន​បរិបទ​ពិភពលោក វឌ្ឍនភាព​សង្គម​​សេដ្ឋកិច្ចកម្ពុជា​និង​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ចំពោះ​សកម្មភាព​បដិវត្ត​កម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs)​។​

​នៅក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រីក៏បាន​ប្រកាស​ដែរ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​ឡើយ​ដូច​មានចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​ឬ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំងនឹង​ប្រទេស​ផ្សេងទៀត​ផងដែរ​។​

​ជាមួយគ្នានេះ​លោក ​ហ៊ុន ម៉ា​​ណែ​ត បាន​អះអាងថា កម្ពុជា​នឹង​ខិតខំ​បន្ថែមទៀត​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រជាជាតិ​ទូទាំង​ពិភព​​លោក​តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្ដរជាតិ ដើម្បី​រួមចំណែក​ដល់​សន្ដិភាព សន្ដិ​សុខ ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​វិបុលភាព​រួម​។​

​ចំពោះ​នយោបាយ​ការបរទេស​វិញ​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កម្ពុជា​នឹង​បន្ដ​ដើរ​លើ​មាគ៌ា​ឯករាជ្យ អព្យាក្រឹត ផ្អែកលើ​វិធាន​ច្បាប់ គោរព​គ្នា​ទៅវិញទៅមក​ដោយ​ស្មើភាព​និង​ប្រកាន់ខ្ជាប់​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​ពង្រឹង​មិត្តភាព​ដែលមាន​ស្រាប់​និង​កសាង​មិត្តភាព​បន្ថែមទៀត​។​

​ក្រៅពី​ការ​ថ្លែង​សុន្ទរកថា​នោះ​លោក​បាន​ជួប​ជាមួយ​អគ្គ​លេ​ខា​ធិ​ការ​អង្គការសហប្រជាជាតិ​, ​អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​​បរទេស​អាមេរិក​,​ រដ្ឋមន្ត្រី​ការ​បរ​ទេស​អូស្ត្រាលី​, ​រដ្ឋមន្ត្រី​ការ​បរ​ទេស​ឥណ្ឌា ​និង​ប្រធានាធិបតី​ប្រទេស​ទី​ម័​រ​ខាងកើត ព្រមទាំង​អ្នកវិនិយោគ​មួយចំនួន​និង​បាន​ជួប​ពលរដ្ឋ​ខែ្មរ​នៅ​អាមេរិក​ប្រមាណ ២ ០០០​ នាក់ មុនពេល​លោក​និង​គណៈប្រតិភូ​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា​៕