ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​វីរុស​កូ​វីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 ចំនួន ៤ ករណី​ដែល​លទ្ធផល​នេះ រកឃើញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២៣ ខណៈ​ក្រសួង​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព និង​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឱ្យបាន​គ្រប់​ដូ​ស​។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៩ ខែធ្នូ បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ​ទាំង​៤​នាក់ បានទទួល​ការព្យាបាល​ជាសះស្បើយ​ទាំងអស់គ្នា​ហើយ ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

ក្រសួងសុខាភិបាល​បានឱ្យដឹងថា ៖ «​តាម​ចំណាត់ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​អំពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 នេះ មិនសូវមាន​សភាព​ធ្ងន់ធ្ងរ​ទេ គឺជា​វីរុស​បំប្លែង​ថ្មី​ដែលជា​ប្រភេទ​ចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជា​វីរុស​បំប្លែង​ថ្មី​ដែលជា​ប្រភេទ​ព្រួយបារម្ភ VOC ( Variant of Concern) នោះទេ​»​។

ទន្ទឹមនឹងនេះ ប្រព័ន្ធ​តាមដាន​ជំងឺឆ្លង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​បានកត់សម្គាល់​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​តេស្ដ​រហ័ស​នៅក្នុង​ចំណោម​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ​នានា​មានការ​កើនឡើង​។

ដោយ​មើលឃើញ​ពី​ចំណុច​នេះ ក្រសួងសុខាភិបាល បាន​អំពាវនាវ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ​នូវ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​។

ជាមួយគ្នានេះ ក្រសួង​ណែនាំ​ឱ្យមាន​វិធានការ​បង្ការ​ជំងឺ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬ អាល់កុល ឬ ជែ​ល​លាងដៃ​, ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​ពេល​ក្អក កណ្ដាស់ ដោយ​ប្រើ​ផ្នត់​កែងដៃ ម៉ាស់ ក្រ​ម៉ា កន្សែង ឬ​ក្រដាស អនាម័យ រួច​ខ្ចប់​បោះចោល​ក្នុង​ធុងសំរាម​បិទ​ជិត​។

បើតាម​ក្រសួងសុខាភិបាល ៖ «​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លងជំងឺ ដូចជា​កុមារ ជន​ចាស់ជរា ជន​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម មិនត្រូវ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​ដែលមាន​មនុស្ស​ច្រើន បើ​មិន​មានការ ចាំបាច់​បំផុត​នោះ ត្រូវតែមាន​ការអនុវត្ត​កិច្ចការពារ​ខ្លួន​ឱ្យបាន​ល្អ និង​រក្សា​គម្លាត​ពីគ្នា ព្រមទាំង​មាន​អ្នក​ជួយ​មើល​ការខុសត្រូវ​ឱ្យបាន​ត្រឹមត្រូវ​»​។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឱ្យ​បុគ្គល​ម្នាក់ៗ ត្រូវ​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឱ្យបាន​គ្រប់​ដូ​ស ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រៀងៗ​ខ្លួន​ឱ្យបាន​សមស្រប ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ​១៩​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩​សរុប​ទូទាំងប្រទេស ចំនួន ១៣៩ ០០៣ នាក់​, ករណី​ជាសះស្បើយ​សរុប​ចំនួន​១៣៥ ៩២៨ នាក់ និង​ករណី​ស្លាប់​ចំនួន ៣០៥៦ នាក់​។ ចំណែក​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់  បាន​ចំនួន ៩៥,៧៣%៕​