
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិមាននយោបាយឈ្នះ-ឈ្នះ មិនមែនជារបស់បុគ្គលណាមួយទេ តែជារបស់ប្រជាពលរដ្ឋទាំងអស់។ ហុង មិនា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា វិមាននយោបាយឈ្នះ-ឈ្នះ ជានិមិត្តរូបនៃសុខសន្តិភាព ដែលវិមាននេះសាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា ហើយនយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងបែបនេះ នៅក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

ហុង មិនា
លោកបានថ្លែងថា៖ «អ្នកដែលបានមើលឃើញនៅទីនេះ គឺជាតឹកតាងដែលបង្ហាញថាកម្ពុជាយើងបានឆ្លងកាត់អ្វីខ្លះទើបទទួលបានដូចបច្ចុប្បន្ននេះ ហើយក៏បង្ហាញឱ្យស្គាល់នូវសន្តិភាពកាន់តែមាំ។ ស្គាល់តម្លៃសន្តិភាព ទាល់តែមើលឃើញពេលបាត់បង់សន្តិភាពតើវេទនាប៉ុនណា។ កូនខ្មែរត្រូវចងចាំថាសង្គ្រាមមិនមែនជាអ្វីដែលយើងចង់បាននោះទេ ហើយត្រូវរួមគ្នាការពារសន្តិភាព។ នេះគឺជាអត្ថន័យនៃវិមាននេះ»។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា វិមានឈ្នះ-ឈ្នះនេះមិនមែនធ្វើឡើងដើម្បីលើកតម្កើងអ្នកណា ឬក្រុមណាមួយប៉ុណ្ណោះទេ តែសម្រាប់កត់សម្គាល់ កត់ត្រាទុកជាសក្ខីភាព ទុកជាតឹកតាងឱ្យកូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ បានឃើញនូវដំណើរការប្រវត្តិសាស្ត្រទាំងនេះ។
លោកបានថ្លែងថា ៖ «សន្តិភាពដែលបានពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោគឺជារបស់រួមរបស់កម្ពុជាយើងទាំងមូល ហើយសមិទ្ធផលទាំងអស់នេះការធានា៣យ៉ាង ដែលជាស្នូលនៃការអនុវត្តបានជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលមាន៖ ធានាអាយុជីវិត និងរូបកាយ, ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិទ្រព្យសម្បត្តិ»។
លោកបានបន្តថា ការធានារូបរាងកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាព ខាងផ្នែកសន្តិសុខទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម ហើយវិលត្រឡប់ មករួមរស់ជាសរសៃឈាម និងចរន្តនៃសង្គមជាតិវិញ។ ចំណែក ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូននូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ថែមទាំងឋានន្តរស័ក្តិ របស់ខ្លួនផងដែរ។ រីឯការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងអចលទ្រព្យ និងចលនទ្រព្យ គឺការធានាខាងផ្នែកកម្មសិទ្ធិ ដែលពួកគាត់មាន និងបានកាន់កាប់ក្នុងពេលកន្លងមកដោយមិនមានការដកហូត រុះរើ ឬរឹបអូស។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «និយាយជារួម នយោបាយ ឈ្នះ-ឈ្នះ មានន័យថា ឈ្នះទាំងអស់គ្នាមិនមានអ្នកណាចាញ់ឡើយ គោលការណ៍នេះ បើស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែធាតុពិត គឺជាយុទ្ធសាស្ត្របង្រួបបង្រួមជាតិ ដ៏មានប្រសិទ្ធភាពរបស់មគ្គទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន»។
ប្រវត្តិសាស្ត្រកម្ពុជាបានញាំញីដោយសង្គ្រាមអស់ជាង៥០០ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គទេសក៍ឯកអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈមហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

ហុង មិនា
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា និងបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ ជាបន្តទៀត និងឱ្យបន្តសាងសង់វិមាន ឈ្នះ-ឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗទៀតផងដែរ៕

ហុង មិនា

ហុង មិនា

ហុង មិនា

ហុង មិនា

ហុង មិនា