ជាមួយនឹងសមិទ្ធផល​គួរឱ្យស្ញប់ស្ញែង​ក្នុង ឆ្នាំ២០២៣ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​លោក ស សុខា បានក្រើនរំឭក​ដល់កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ត្រូវបន្ត យក​ចិត្តទុកដាក់បំ​ពេញភារកិច្ច និងបេសកកម្ម​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ ថិភាព​សង្គម រួមទាំងការបម្រើ​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋ​ ឱ្យបានកាន់តែប្រសើរ​ឡើងថែមទៀត។
 
ការក្រើនរំឭក​របស់លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា ធ្វើឡើងតាមរយៈ​ផ្ញើសារ​ជូនពរ ដល់កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់​នៅទូទាំងព្រះ រាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់​នាពេលឆាប់ៗ​ខាងមុខនេះ។ 
 
លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា បានយកឱកាស​នេះសម្តែងនូវការកោត​សរសើរ​ដល់កងកម្លាំង​ទាំងអស់​ដោយស្មោះចំពោះ​កិច្ចខិតខំប្រឹងប្រែង និងពលិកម្ម​គ្រប់បែបយ៉ាង អស់រយៈពេលពេញមួយ​ឆ្នាំ២០២៣ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាព​សង្គមបានល្អ​ប្រសើរ និងការខិតខំផ្តល់​សេវាសាធារណៈ គ្រប់ប្រភេទជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ស្មារតីទទួលខុស​ត្រូវខ្ពស់។
 
លោក ស សុខា បញ្ជាក់ថា៖«ជាក់ស្តែង សមិទ្ធផល និងស្នាដៃ​លេចធ្លោមួយចំនួន ដែលកើតចេញ​ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងមនសិការមោះមុតក្នុងវិជ្ជាជីវៈ ពីសំណាក់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បានរួមចំណែកនាំ​មកនូវជោគជ័យ​យ៉ាងត្រចះត្រចង់ និងកិត្យានុភាព​ដ៏ឧត្តុង្គឧត្តម ជូនជាតិ​មាតុភូមិ តាមរយៈ​ការពុះពារ​រក្សាបានបរិយាកាស​សង្គមអំណោយផលសម្រាប់ការប្រារព្ធ​នូវព្រឹត្តិការណ៍​ជាតិ និងអន្តរជាតិ​សំខាន់ៗ»។
 
ព្រឹត្តិការណ៍​ទាំងនោះរួមមាន ការប្រកួតកីឡា​អាស៊ីអាគ្នេយ៍​លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី៧នៃរដ្ឋសភា និងការប្រារព្ធព្រះរាជពិធី​បុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក​ដ៏មហោឡារិកអធិកអធម​នាពេលថ្មីៗនេះ ដែលមានប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ​មកពីគ្រប់ទិសទីបានមកចូលរួម​ប្រកបដោយសេចក្តី​សោមនស្ស និងសុខសុវត្ថិភាព។
 
ជាមួយនឹងសមិទ្ធផល​គួរឱ្យស្ញប់ស្ញែង​ដែលសម្រេចបានកន្លង​មកដូចបានលើកឡើង​ខាងលើនេះ លោកស សុខា នៅតែបន្ត​ក្រើនរំឭកដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី​ពន្ធនាគារ​ទាំងអស់ ត្រូវបន្ត យកចិត្តទុកដាក់​បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងការបម្រើ​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឱ្យ​បានកាន់តែប្រសើរ​ឡើងថែមទៀត។

ជាពិសេស​ត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់​នូវរាល់​បទបញ្ជា និងគោលការណ៍​នានារបស់​ក្រសួង​មហាផ្ទៃ និងរាជរដ្ឋាភិបាល ព្រមទាំងចលនា​ឱ្យបាន​សកម្មផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមចំណែក​សម្រេចបាននូវខ្លឹមសារ​ជាសារវន្ត​នៃយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាល​ទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕