អង្គភាព​ការពារកុមារហៅកាត់ CPU បញ្ជាក់ជំហរ​គាំទ្ររួមចំណែកជាមួយ​នឹងកិច្ចខិតខំប្រឹងប្រែង​របស់ក្រសួង​សុខាភិបាល ក្នុងការលើកកម្ពស់​សុខុមាលភាព​របស់ប្រជាជន​កម្ពុជា ជាពិសេស​កុមារកម្ពុជា ដើម្បីឈានទៅ​សម្រេចបាននូវការ​គ្របដណ្តប់​សុខភាពជាសកល។
 
ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួប​សម្តែងការគួរសម និងពិភាក្សាការងារ​រវាងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងលោក James McCabe នាយកប្រតិបត្តិអង្គភាព​ការពារកុមារ CPU កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
 
ក្នុងជំនួបនោះដែរ លោក កុយ វ៉ាន់នី បានស្វាគមន៍ និងថ្លែងអំណរគុណ​ដល់អង្គភាពការពារកុមារ CPU អំពីកិច្ចសហការ​ជាមួយមន្រ្តី​នគរបាលជាតិ​កម្ពុជា ក្នុងការងារស៊ើបអង្កេតបទល្មើសផ្សេងៗប្រឆាំងទៅនឹងកុមារ ព្រមទាំងធ្វើការផ្ដល់វគ្គបណ្ដុះបណ្ដាលស៊ីជម្រៅ លើជំនាញផ្នែក​ការងារស៊ើបអង្កេត​នៃការរំលោភបំពាន និងបទល្មើសផ្សេងៗទៀតដែលបានប្រព្រឹត្ត​ប្រឆាំងទៅនឹងកុមារ។
 
លោកក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត​ជូនដល់អង្គភាព​ការពារកុមារ CPU ជាពិសេស លោកនាយកប្រតិបត្តិ​អង្គភាព ដែលបានបញ្ជាក់ជំហរគាំទ្រ​រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់​ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់​សុខុមាលភាព​របស់ប្រជាជនកម្ពុជា ពិសេស​កុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
 
ជាការឆ្លើយតប​លោក James McCabe នាយកប្រតិបត្តិ បានជម្រាបជូន​អង្គប្រជុំថា អង្គភាពCPU បានចាប់ផ្តើមដំណើរការ​តាំងពីឆ្នាំ២០១៣ និងធ្វើប្រតិបត្តិការទូទាំង២៥ រាជធានីខេត្ត នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា ២៤​ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងផ្តល់នូវជំនាញ​ស៊ើបអង្កេត និងជំនាញកោសល្យវិច័យ​បន្ថែមក្នុងករណីធ្ងន់ធ្ងរ។ 

ពាក់ព័ន្ធកុមារនេះដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងក្រុមការងារ​អាហារូបត្ថម្ភ បានអញ្ជើញ​ចុះពិនិត្យមើលសកម្មភាពការផ្តល់​សេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារ ក៏ដូចជាស្តុកឱសថមួយចំនួន នៅមណ្ឌលសុខភាព​ចំណារក្រោម និងមណ្ឌលសុខភាព​ដំរីជាន់ខ្លា នាខេត្តកំពង់ធំ។ 

នាឱកាសនោះ លោកស្រី និងក្រុមការងារក៏បានឆ្លៀត​ពេលចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីជួប​សំណេះសំណាល សួរសុខទុក្ខដល់ស្រ្តីដែលកំពុងមានផ្ទៃពោះ និងស្រ្តីបំបៅដោះកូន ដែលស្ថិតក្នុង​ភូមិចំណារក្រោម។ លោកស្រីក៏បានលើក​ទឹកចិត្តស្ត្រី​ក្រោយសម្រាលឱ្យបន្តបំបៅកូន​ដោយទឹកដោះម្តាយ និងយកកូនទៅ​ទទួលថ្នាំបង្ការ​ឱ្យបានគ្រប់មុខទៅតាមកាលវិភាគរបស់​កម្មវិធីផ្តល់ថ្នាំបង្ការ៕