ក្រុមការងារបច្ចេកទេស​ប្រចាំខេត្តក្រចេះ នៃអង្គការ​សមាគមអភិរក្ស​សត្វព្រៃ (WCS) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានទទួលកូនកន្ធាយក្បាល​កង្កែប​ប្រភេទសត្វ​ជិតផុតពូជមួយសម្បុក ដែលមានពង​ប្រមាណ ៣០គ្រាប់ ពីសមាជិក​សហគមន៍នេសាទ ខណៈក្រុមការងារបច្ចេកទេស​យកទៅរក្សាទុកនៅទីតាំងភ្ញាស់​ដែលមានសុវត្ថិភាព។  

យោងតាម (WCS) ដែលបានបង្ហោះនៅលើបណ្តាញ​សង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ខែធ្នូ បានឱ្យដឹងថាសម្បុក​កន្ធាយក្បាលកង្កែប​ដែលទទួលបានមាន​ពងសរុបចំនួន ២៩គ្រាប់ គឺជាសម្បុកទីមួយក្នុងរដូវកាលពងកូន។ សម្បុកកន្ធាយក្បាលកង្កែបនេះ ត្រូវបានក្រុមការងារបច្ចេកទេស​នៃអង្គការ​សមាគមអភិរក្ស និងក្រុមការងារ​ការពារសម្បុក​ធ្វើការវាស់វែង ប្រមូល និងរក្សាទុកនៅ​ទីតាំងភ្ញាស់​ដែលមានសុវត្ថិភាព។
 
គួរជម្រាបថា គម្រោងអភិរក្សកន្ធាយក្បាលកង្កែប​នេះ​គឺស្ថិតក្រោមការ​គាំទ្រដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការ​អនុវត្តដោយ​ខណ្ឌរដ្ឋបាលជលផល​ក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

បើតាមអង្គការ​សមាគមអភិរក្សសត្វព្រៃ គូសបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប​ត្រូវបានចាត់ចំណាត់ថ្នាក់​ជាប្រភេទកំពុង​រងគ្រោះ ដោយ​អនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុត​ពូជនៅទូទាំង​សកលលោក។ ប្រភេទសត្វនេះ​ត្រូវបានរកឃើញ​សាជាថ្មីម្ដងទៀត​ចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់​ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈចម្ងាយ​ប្រមាណ ៥០គីឡូម៉ែត្រ។
 
អង្គការ​សមាគមអភិរក្សសត្វព្រៃ មានក្ដីសោមនស្ស​ដែលសមាជិក​សហគមន៍​បានយល់ដឹងលើការងារ​អភិរក្សធនធាន​ជលផលជិតផុតពូជ ជាពិសេស​ការងារការពារ និងអភិរក្សកន្ធាយក្បាលកង្កែប។
 
WCS បានបញ្ជាក់​ថា៖«ទាំងនេះសបញ្ជាក់ឱ្យឃើញ​ថា ការងារអប់រំ​ផ្សព្វផ្សាយ​តាមមូលដ្ឋាន ពិតជា​មានសារៈសំខាន់ ក្នុងការជួយដល់​ការងារការពារ និងអភិរក្ស​ជីវចម្រុះតាមដងទន្លេមេគង្គ រួមទាំងកន្ធាយក្បាលកង្កែបផងដែរ»។ 

បើតាមប្រភព​ដដែល បញ្ជាក់ទៀតថា ការចាប់ ការប្រមូលពង ការលក់ ការទិញ ការហូប ការរក្សាទុក និងការដឹកជញ្ជូន​កន្ធាយក្បាលកង្កែប​ពីដែនទឹកធម្មជាតិ ជាអំពើ​ល្មើសច្បាប់ ហើយជន​ដែលប្រព្រឹត្តល្មើស នឹងត្រូវផ្តន្ទាទោសតាម​ច្បាប់ជាធរមាន។
 
គួរជម្រាប​ថា ក្នុងរដូវពងកូនកាល​ពីខែកុម្ភៈឆ្នាំ ២០២២ ក្រុមការពារ​សម្បុក​សហគមន៍បានរកឃើញ​សម្បុកពងកន្ធាយក្បាលកង្កែប​ចំនួន ២៨ សម្បុក ដែលមានពងសរុបចំនួន ៨២៣ ពង ដែលចំនួននេះ កើនលើស ៥០% បើធៀបទៅ​នឹងរដូវពងកូនឆ្នាំ ២០២០-២០២១ ក្នុងរយៈពេលដូចគ្នា៕