ភ្នំពេញៈ ប្រធានឆ្មាំទន្លេនៃតំបន់កាំពី ខេត្តក្រចេះ លោក នុត ឫទ្ធី បានប្រាប់ឱ្យដឹងថា ការអនុវត្តយន្តការយាមល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី បានជំរុញឱ្យអត្រាស្លាប់របស់ផ្សោតមានការថយចុះ និងផ្សោតកើតថ្មីមានការកើនឡើង ប៉ុន្តែនៅតែមានហានិភ័យមួយចំនួនចំពោះផ្សោតទន្លេមេគង្គនេះ។
ក្នុងដំណើរដឹកនាំអ្នកសារព័ត៌មាន ទៅទស្សនាសត្វផ្សោត នៅតំបន់អន្លង់ផ្សោតកាំពី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក នុត ឫទ្ធី បានលើកឡើងថា នៅក្នុងតំបន់អន្លង់ផ្សោតកាំពី ដែលមានទំហំប្រមាណជាង ២០ គីឡូម៉ែតក្រឡា ដោយរាប់ចាប់ពីតំបន់កោះទ្រង់ ដល់តំបន់កាំពី ស្រុកសំបូរ ក្នុងខេត្តក្រចេះនេះ មានសត្វផ្សោតរស់នៅប្រមាណ ៣៥ ទៅ ៤០ ក្បាលក្នុងចំណោមសត្វផ្សោតសរុបដែលមានចំនួន ៨៩ ក្បាល ដោយបូកសរុបទាំងផ្សោតនៅខេត្តស្ទឹងត្រែង ផងដែរ។
លោក ថ្លែងថា៖«ការល្បាត ២៤ ម៉ោងលើ ២៤ ម៉ោងនេះ ដោយសារតែយើងមានកម្លាំងគ្រប់គ្រាន់ គឺ២៤ នាក់ ដែលល្បាតនៅក្នុងតំបន់កាំពីនេះ ដូច្នេះយើងអាចផ្លាស់ប្តូរគ្នាក្នុងការទប់ស្កាត់បទល្មើសនានាបាន។ ការណ៍ដែលយើងមានគ្នាច្រើនបែបនេះ យើងអាចមើលបានគ្រប់ជ្រុងជ្រោយ»។
បើតាមលោកប្រធានឆ្មាំទន្លេនៃតំបន់កាំពីនេះ ចំនួនផ្សោតសរុប ៨៩ ក្បាលនេះ គឺជាតួលេខតាំងពីឆ្នាំ២០២០ ដោយការរាប់ចំនួនសត្វផ្សោតនេះ គេត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដោយស្ថិតិចំនួនផ្សោតនឹងត្រូវរាប់ម្តងទៀតនៅចុងខែធ្នូ ឆ្នាំ២០២៣នេះ។
លោក នុត ឫទ្ធី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣ នេះ មានផ្សោតកើតថ្មីចំនួន ៨ ក្បាល និងស្លាប់ចំនួន ៥ ក្បាល ដែលចំនួនស្លាប់នេះ គឺរាប់ទាំងសត្វផ្សោតដែលស្លាប់ដោយសារវ័យចាស់ និងស្លាប់ដោយសារជាប់មងអ្នកនេសាទ និងការឆក់ដោយឧបករណ៍ខុសច្បាប់របស់អ្នកនេសាទមួយចំនួនជាដើម។
បើទោះបីជាបេសកកម្មការងារអភិរក្សសត្វផ្សោត បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូយ៉ាងណាក៏ដោយ ក៏ការបាត់បង់នៃសត្វផ្សោតនៅតែមានហានិភ័យខ្ពស់។
លោក ឫទ្ធី បានអំពាវនាវថា៖ «សូមបងប្អូនអ្នកនេសាទមេត្តាអធ្យាស្រ័យ និងសូមឈប់បន្តលួចប្រើប្រាស់ឧបករណ៍នេសាទណាដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់សត្វផ្សោតទៀតទៅ ព្រោះបើបងប្អូនៅតែបន្តប្រើប្រាស់ វានឹងប្រឈមដល់ការបាត់បង់សត្វផ្សោតរបស់យើង ហើយអ្នកស្រុកនឹងលែងបានចំណូលពីការនាំភ្ញៀវទស្សនាសត្វផ្សោតទៀតហើយ។ យើងដឹងស្រាប់ហើយថា ការស្លាប់របស់សត្វផ្សោត វាជាហានិភ័យមួយសម្រាប់ប្រទេស ខណៈសត្វនេះជាធនធានធម្មជាតិដ៏សំខាន់របស់ជាតិយើង»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានប្រាប់ឱ្យដឹងថា ឆ្នាំនេះ អត្រាស្លាប់របស់សត្វផ្សោតមានចំនួនតិចជាង អត្រាផ្សោតកើតថ្មី ខណៈឆ្នាំកន្លងទៅអត្រាស្លាប់តែងតែមានចំនួនច្រើនជាងអត្រាកើតថ្មី។
កញ្ញាបានបញ្ជាក់ថា៖«ឆ្នាំនេះ ជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីយើងបានដាក់ចេញយុទ្ធសាស្ត្រការពារ និងតាមដានឃ្លាំមើលយ៉ាងជាប់លាប់ពីសំណាក់ឆ្មាំយើង ដោយមានការគាំទ្រពីអង្គការ WWF។បន្ទាប់ពីយើងបានដាក់ចេញយន្តការនេះមក ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្ត យើងឃើញអត្រាកើតរបស់សត្វផ្សោតនៅទន្លេមេគង្គនេះ វាចំនួនកើនឡើង»។
បើតាអ្នកនាំពាក្យក្រសួងកសិកម្ម ក្រោយពីការស្លាប់ចុងក្រោយ របស់ផ្សោតទន្លេមេគង្គ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដែលបានកើតឡើងដោយសារឧបករណ៍ឆក់ ក្រសួងបានដាក់ចេញយុទ្ធនាការប្រមូលឧបករណ៍ឆក់ទាំងនោះ នៅតាមខេត្តជាប់ដងទន្លេមេគង្គ និងបឹងទន្លេសាប។
កញ្ញាបានបន្តថា ៖ «តាមបទបញ្ជាដាច់ណាត់របស់ឯកឧត្តមរដ្ឋមន្ត្រី អ្នកប្រព្រឹត្តិបទល្មើសឆក់ យើងនឹងតាមដានស្រាវជ្រាវស្វែងរកមុខឱ្យទាល់តែឃើញ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ»។
កញ្ញា អ៊ឹម រចនា បន្តទៀតថា សត្វផ្សោតវ័យក្មេង ១ ក្បាល នៅខេត្តស្ទឹងត្រែង បានស្លាប់ដោយសារតែឧបករណ៍ឆក់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយមកក្រសួង បានឃាត់ខ្លួនជនល្មើសបាន ២ នាក់ ដោយបានបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចរាល់ហើយ។ នេះជាវិធានការដែលក្រសួងបានធ្វើនាពេលកន្លងមក ហើយនឹងនៅតែបន្តអនុវត្តជាបន្តទៀត ដើម្បីធានានិរន្តរភាពសត្វផ្សោតទន្លេមេគង្គ និងធ្វើឱ្យចំនួនសត្វផ្សោតមានកំណើនពី ១ ឆ្នាំ ទៅ ១ ឆ្នាំ៕