ភ្នំពេញ: ប្រទេសកម្ពុជា និងចិន កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅ បានរៀបចំកម្មវិធីសម្តែងសិល្បៈវិថីសូត្រក្រោមប្រធានបទ«ពន្លឺសិល្បៈប្រទេសចិន» នៅសាលនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈដែលជាព្រឹត្ដិការណ៍សម្ដែងសិល្បៈរួមគ្នារវាងប្រទេសទាំង២។
ព្រឹត្ដិការណ៍ដែលប្រារព្ធឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយមានការចូលរួមសម្ដែងពីសិល្បករ-សិល្បការិនីសាកលវិទ្យាល័យគរុកោសល្យកានណាន និងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។
លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងកម្មវិធីសម្ដែងសិល្បៈថា៖«កម្មវិធីសម្តែងសិល្បៈ ក្រោមប្រធានបទ «ភាពសម្បូរបែបចិន» ជាផ្នែកមួយនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន ក៏ដូចជាការផ្លាស់ប្ដូរសិល្បៈវប្បធម៌»។
លោកស្រី បានបន្ដថា ក្នុងឆ្នាំ២០២៣នេះ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២កម្ពុជា-ចិន ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង២។
លោកស្រី សាន់ណារ៉ា បានលើកឡើងថា៖ «បើប្រៀបធៀបទៅនឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ ទំនាក់ទំនងការទូតក្នុងរយៈពេល ៦៥ ឆ្នាំនេះ ប្រទេសទាំង២ បានឈានដល់កម្រិតកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលផ្តោតលើគម្រោងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន»។
ក្រុមសិល្បៈរបស់សាកលវិទ្យាល័យគរុកោសល្យកានណាន និងសាលាមធ្យមសិក្សាវិចិត្រសិល្បៈបានរួមគ្នាសម្តែងសិល្បៈដែលពោរពេញដោយលក្ខណពិសេសរបស់វប្បធម៌កម្ពុជា និងចិន ព្រមទាំងជនជាតិភាគតិច។
ការសម្ដែងសិល្បៈនេះផ្ដោតលើសុភាសិតមួយរបស់ចិន«មាននិស្ស័យគង់បានជួបគ្នា ទោះបីជាឆ្ងាយពីគ្នារាប់ពាន់យោជន៍» តែបានពង្រឹងទំនាក់ទំនងវប្បធម៌សិល្បៈរវាងប្រទេសទាំង២។
លោក Qu Xiaoyun សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យគរុកោសល្យកានណានប្រទេសចិន បានលើកឡើងពីភាពរឹងមាំចំពោះទំនាក់ទំនងដែកថែបរបស់កម្ពុជានិងចិន។
លោកបានថ្លែងថា៖ «ក្នុងនាមជាប្រទេសដ៏សំខាន់មួយលើវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបន្ស៊ីគ្នារវាងគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ចិន ក្នុងដំណើរការនេះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវាងភាគីទាំង២កាន់តែជិតស្និទ្ធ និងទទួលបានផ្លែផ្កាច្រើនអនេក»។
លោកបានឱ្យដឹងថា នៅឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំចិន និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ការអប់រំភាសាចិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ក្នុងកោះពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំង២ និងលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
សិល្បករនិងសិល្បការិនីប្រទេសកម្ពុជា និងចិន បានរៀបចំកម្មវិធីយ៉ាងច្រើន ដែលបង្ហាញវប្បធម៌ចិនដោយតាមរយៈរបាំបុរាណ ចម្រៀងប្រជាប្រិយ ចម្រៀងល្ខោន ក្បាច់គុន និងការសម្តែងសៀកជាដើម។
លោក Xiaoyun បានបន្ដថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការសម្តែងនាថ្ងៃនេះអាចញ៉ាំងឱ្យមានភាពសប្បាយរីករាយ ជាឱកាសសម្រាប់ភ្ញៀវកិត្តិយស ក្នុងការស្វែងយល់បន្ថែមអំពីវប្បធម៌ បង្កើនការស្វែងយល់ពីគ្នាទៅវិញទៅ មករវាងប្រជាជនទាំង២ ដោយតាមរយៈសិល្បៈ បង្កើនចំណងមិត្ដភាពនៃប្រជាជនទាំង ២ ឱ្យកាន់តែស៊ីជម្រៅ»។
លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ប៉ុន្មានឆ្នាំនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន Xi Jinping ជាមួយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដល់ដំណាក់កាលថ្មីមួយទៀតជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមកសាងសសហគមន៍សាសនារួមរវាងចិននិងកម្ពុជាប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្ដង់ដាខ្ពស់នៅក្នុងយុគសម័យថ្មី។
លោកបានថ្លែងថា៖«រយៈពេល៦៥ឆ្នាំកន្លងមកនេះ ប្រទេសទាំង២មានជំនឿចិត្តនឹងគាំទ្រគ្នាទៅវិញទៅមក និងព្រមទាំងទទួលបានសមិទ្ធផលផ្លែផ្កាក្នុងការផ្លាស់ប្តូរចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងយោធាជាដើម បង្កើតបានជាអ្នកជិតខាងល្អប្រៀបដូចជា បងប្អូន»។
លោកបានបន្ដថា អំឡុងពេលលោក ហ៊ុន ម៉ាណែត បានចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំឡើងនៅរដ្ឋធានីប៉េកាំង កាលពីខែតុលា លោក Xi Jinping និងលោកនាយករដ្ឋមន្ដ្រីកម្ពុជា បានរួមគ្នាប្រកាសឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២។
លោកបានបន្ថែមថា៖ «យើងជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំង២ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន នឹងទទួលបានលទ្ធផលកាន់តែត្រចះត្រចង់នាឆ្នាំថ្មីខាងមុខនេះ»។
ជាមួយគ្នានេះគណៈប្រតិភូសាកលវិទ្យាល័យគរុកោសល្យកានណាន ប្រទេសចិន ក៏ទទួលបានការអញ្ជើញចូលរួមសម្តែងក្នុងពិធីបើកបុណ្យសមុទ្រលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកែបផងដែរ៕