ភ្នំពេញៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២៣ខាងមុខ ក្នុងខួបលើកទី៧៥ រដ្ឋាភិបាលកម្ពុជានឹងបង្ហាញការប្តេជ្ញាចិត្តខ្ពស់លើកកម្ពស់សិទ្ធិមនុស្សតាមរយៈការថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់នៅស្នាក់ការសិទ្ធិមនុស្សអន្តរជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចំពោះការពង្រឹងកិច្ចគាំពារសង្គមដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្តកន្លងមក និងបានច្របាច់បញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
នេះជាការថ្លែងឡើងរបស់លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) តាមរយៈវីដេអូឃ្លីបផ្សព្វផ្សាយដោយ CHRC កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ អបអរទិវាសិទ្ធិមនុស្សអន្តរជាតិសម្រាប់ថ្ងៃទី១០ធ្នូ ខាងមុខ។
លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាបានចូលរួមជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដើម្បីអបអរព្រឹត្តិការណ៍ខួបនៃសេចក្តីប្រកាសសិទ្ធិមនុស្សជាសកលនេះ។
លោក កែវ រ៉េមី បានអះអាងទៀតថា៖ «កម្ពុជានឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់នៃខួបលើកទី៧៥នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខ នៅទីក្រុងហ្សឺណែវ ដែលជាទីស្នាក់ការកណ្តាលនៃការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ជាមួយការថ្លែងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលកម្ពុជាទាំងការអនុវត្តកន្លងមក និងការច្របាច់បញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋាភិបាលកម្ពុជា»។
សូមបញ្ជាក់ថា ក្នុងចំណុចលើកកម្ពស់សិទ្ធិមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណ ដែលលោកកែវ រ៉េមី លើកឡើងនេះ មានគោលនយោបាយអាទិភាពចំនួន ៦ចំណុច។
លោកថា ចំណុចទី១ ផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, ទី៣ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
លោកបានបន្តថា ចំណុចទី៤ ដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ទី៥ ដាក់ចេញយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ជាពិសេសនៅទីជនបទ។
លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលបានបង្ហាញឆន្ទៈខ្ពស់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងគ្រប់យន្តការរបស់អង្គការសហប្រជាជាតិ។ កម្ពុជាឈានមុខគេដែលបានទទួលយកកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩»។
លោកបន្តថា កម្ពុជាបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើទឹកដីរបស់ខ្លួន ហើយមានវត្តមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង ជាពិសេស គ្មានឡើយច្បាប់ប្រហារជីវិតនៅកម្ពុជា។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាតាំងពីសម័យដឹកនាំរបស់លោកហ៊ុន សែន បានធានាលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខ ដែលជាមូលដ្ឋានទៅលើការគោរពសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សទៀតសោត ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញជាតិឆ្នាំ១៩៩៣។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា ការណ៍ដែលរដ្ឋាភិបាលបង្ហាញការប្តេជ្ញាចិត្តនោះ គឺល្អហើយ ប៉ុន្តែខាងសង្គមស៊ីវិលចង់ឃើញមានការអនុវត្តតាមការប្តេជ្ញាចិត្ត ដោយត្រូវពិចារណាបើកលម្ហសិទ្ធិសេរីភាព ជាពិសេសសិទ្ធិនយោបាយ ការពិនិត្យលើច្បាប់នានាឡើងវិញ៕