ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ចុះត្រួតពិនិត្យ និងមានវិធានការឱ្យតឹងរ៉ឹងបំផុតទៅលើរថយន្តធុនធំៗ ដែលបិទវាំងនន និងស្ទិកឃ័រពណ៌ខ្មៅនៅលើកញ្ចក់ខាងមុខរថយន្ត។
លោក ស សុខា បានដាក់បទបញ្ជាបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
លោកបានថ្លែងថា៖«ក្រុមហ៊ុនដឹកជញ្ជូន បើអាចទៅរួច ខ្ញុំស្នើសុំឯកឧត្តមស្នងការនគរបាលរាជធានី-ខេត្ត មេត្តាចុះត្រួតពិនិត្យ មិនមែនហាមមិនឱ្យបិទខ្មៅទេ ប៉ុន្តែអាវាំងននជុំវិញនោះ ព្រោះមែនទែនទៅកញ្ចក់ធ្វើមកឱ្យយើងមើលឃើញ ១០០% ប៉ុន្តែនៅពេលយើងបាំងទាំងអស់ គាត់ឃើញតែប៉ុន្មានភាគរយនៃទំហំកញ្ចក់ អ៊ីចឹងការសម្រេចចិត្តរបស់គាត់ក៏ទៅតាមហ្នឹងដែរ»។
លោក ស សុខា បានបន្តថា៖ «ខ្ញុំសុំស្នើឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្តក៏គួរមានវិធានការទៅលើការបិទកញ្ចក់នៅសងខាងនៃរថយន្តដែរ ព្រោះការបិទនោះ គឺការពារកម្ដៅ ប៉ុន្តែសម្រាប់កញ្ចក់នៅខាងមុខ គឺហាមដាច់ខាតមិនអាចឱ្យដាក់វាំងនន ឬស្ទិកឃ័របាំងទេ ក្រៅតែពីក្រដាសពន្ធ ឬពន្ធផ្លូវតែប៉ុណ្ណោះ»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ឱ្យដឹងថា លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ បានដាក់ផែនការឱ្យនគរបាលនៅតាមខណ្ឌមួយចំនួនរួចហើយ ឱ្យរឹតបន្តឹង និងអនុវត្តចំពោះរថយន្តដែលបានបិទកញ្ចក់ខ្មៅ និងមានវាំងនននៅខាងមុខរថយន្ត។
លោក សំ វិច្ឆិកា បានប្រាប់ថា៖ «កិច្ចការងារនេះ បើពិនិត្យមើលទៅលើលក្ខណៈបច្ចេកទេស វាខុសហើយ រថយន្តធំៗ ភាគច្រើន ដូចជាឡានដឹកដី ឬឡានធំៗ គាត់បិទកញ្ចក់ខ្មៅ គាត់បាំងវាំងននជិតៗ វាធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ដែរ ហើយថ្នាក់លើដាក់បទបញ្ជាមក គឺក្នុងនាមស្នងការដ្ឋានរាជធានីភ្នំពេញ នឹងអនុវត្តកិច្ចការងារនេះ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី នៅថ្ងៃទី៣ ខែធ្នូ បានថ្លែងដោយគាំទ្រលើការត្រួតពិនិត្យ និងចំណាត់ការចំពោះរថយន្តធុនធំដែលមានដាក់វាំងនន និងបិទស្ទិកឃ័រពណ៌ខ្មៅនេះ ព្រោះការដាក់វាំងនន និងបិទស្ទិកឃ័រពណ៌ខ្មៅនេះ ក៏ជាហេតុមួយបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ ខណៈមានករណីខ្លះ នៅពេលដែលពលរដ្ឋឈប់នៅស្តុប រថយន្តទាំងនោះមកពីក្រោយបុកតែម្តង ក៏មាន។
លោក គឹម បញ្ញា ថ្លែងដោយស្នើដល់ក្រសួងមហាផ្ទៃ គួរតែចេញសេចក្តីណែនាំសមស្របណាមួយដល់ម្ចាស់ក្រុមហ៊ុន ដែលមានរថយន្តធុនធំដោយកំណត់ទំហំដែលអាចបិទស្ទិកឃ័រ ឬវាំងនននេះបាន។ រីឯចំពោះបុគ្គលវិញ ស្នងការនគរបាលរាជធានី-ខេត្ត និងខណ្ឌ ត្រូវកោះហៅម្ចាស់រថយន្តនោះមកណែនាំ និងបន្ទាប់មកត្រូវមានវិធានការជាក់ស្តែង និងជាប្រចាំ ដូចទៅនឹងវិធានការករណីរថយន្តតទ្រុងជាដើម។
លោកបានស្នើទៀតថា៖«ខ្ញុំលើកទឺកចិត្តឱ្យមានក្រុមល្បាតចល័តផងដែរ ដែលក្រុមល្បាតចល័តនេះ ត្រូវត្រួតពិនិត្យរថយន្ត ដែលគាត់បិទស្ទិកឃ័រ ឬវាំងននខុសពីច្បាប់ ត្រូវជិះធ្វើការឃាត់រថយន្តប្រភេទនេះ នៅកន្លែងសមស្របណាមួយ យកមកអនុវត្តវិធានការច្បាប់របស់យើង»។
យោងតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅឆ្នាំ២០១១ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនយានយន្តចុះបញ្ជី ១០ ០០០ គ្រឿង គឺមានចំនួន ១០ នាក់ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកនៅត្រឹម ២,៨ នាក់ នៅឆ្នាំ២០២០ និង ២,៦ នាក់ នៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណជាង៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ។
ក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១- ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនប្រជាជន ១០០ ០០០ នាក់ ពី ១៣,១ នាក់ នៅឆ្នាំ២០១១ មកនៅត្រឹម ១០,៩ នាក់ នៅឆ្នាំ២០២០ និង ១០,១ នាក់ នៅឆ្នាំ២០២២។
ក្រសួងបានបន្តថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាមនុស្សចំនួន ៩៦,៨% កត្តាយានយន្តចំនួន ២,៨% និងកត្តាផ្លូវចំនួន ០,៦%។ ក្នុងឆ្នាំ២០២០ ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មាន ពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក៕