ភ្នំពេញៈ យោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ ថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ មនុស្សប្រមាណជាង ៣,៣០ លាននាក់ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងរយៈពេលជាង១ខែ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។
ក្រសួងបានបញ្ជាក់ថា អ្នកចូលរួមទាំងនោះ រួមមានលោកគ្រូអ្នកគ្រូសរុបចំនួន ១១៨,០២២ នាក់ សិស្សានុសិស្សសរុបចំនួន ២ ៩៧៤ ៩១២ នាក់ កម្មករកម្មការិនី និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៥៦២ ២៧០ នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០ ២៥១ លើក ក្នុងសាលារៀនសរុបចំនួន ៧ ១៣៥ សាលា, រោងចក្រ ១៧៩, វត្តអារាម ២៨ និងសហគមន៍ ទីប្រជុំជន ចំនួន ៧១ កន្លែង នៅទូទាំងប្រទេស។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ បានប្រាប់ឱ្យដឹងថា លោកគាំទ្រចំពោះយុទ្ធនាការនេះ ដែលក្នុងនោះវាបានធ្វើទៅដល់កម្មករកម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស ព្រោះមានរោងចក្រជាច្រើននៅកម្ពុជា បានប្រើប្រាស់ថង់ប្លាស្ទិកច្រើន ហើយទុកដាក់មិនបានត្រឹមត្រូវ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
ជាមួយគ្នានេះ លោក អាត់ ធន់ បានស្នើដល់ក្រសួងបរិស្ថានឱ្យបន្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះទៅដល់កម្មករកម្មការិនីផ្សេងទៀត នៅតាមបណ្តារោងចក្រនៅទូទាំងប្រទេស ដើម្បីឱ្យពួកគាត់ចូលរួមមិនប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីសោភណភាព និងបរិស្ថានព្រមទាំងអនាម័យនៅតាមរោងចក្រ។
ចំណែក លោក ចេង លឹមហ៊ន់ ប្រធានមន្ទីរអបរំ យុវជន និងកីឡា ខេត្តព្រះវិហារ ក៏បានប្រាប់ដែរថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀនក្នុងខេត្តព្រះវិហារនេះ បាននិងកំពុងយកចិត្តដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ។
លោកបានថ្លែងថា៖ «ប្លាស្ទិកនេះនៅពេលដែលមានការប្រើប្រាស់ច្រើន បង្កគ្រោះថ្នាក់ជាច្រើន ជាពិសេសប៉ះពាល់ដល់បរិស្ថាន និងខូចសោភណភាព នៅពេលដែលមានប្លាស្ទិកត្រូវបានចោលពាសវាលពាសកាល និងទុកដាក់មិនបានត្រឹមត្រូវ»។
លោកបានបន្តថា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវបានថ្នាក់ដឹកនាំនៃសាលារៀននៅក្នុងក្រុងព្រះវិហារបានចាប់ផ្តើមអនុវត្តសាកល្បងនៅឆ្នាំសិក្សា ២០២៣-២០២៤ នេះ ដោយចាប់ផ្តើម មិនឱ្យមានលក់នំ និងចំណីណាដែលប្រើប្រាស់ថង់ប្លាស្ទិក ដោយឱ្យជំនួសមកប្រើប្រាស់ស្លឹកចេក ឬក៏ស្លឹកឈើផ្សេងៗវិញ។
លោក ចេង លឹមហ៊ន់ បានថ្លែងថា៖ «ថង់ប្លាស្ទិក មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងបរិស្ថាន នៅពេលដែលយើងប្រើប្រាស់ច្រើន ហើយទុកដាក់មិនបានត្រឹមត្រូវ។ ដូច្នេះ យើងចាប់ផ្តើម មិនឱ្យប្រើថង់ប្លាស្ទិកនៅតាមសាលារៀនក្នុងក្រុងសិន សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ បើជោគជ័យ យើងនឹងពង្រីកទៅតាមសាលារៀននៅតាមបណ្តាស្រុកផ្សេងទៀតនៅក្នុងខេត្តព្រះវិហារទាំងមូលតែម្តង»៕