សៀមរាបៈលោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានអង្គមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងជាសមាជិកកិត្តិយសរបស់ក្លិប។
លោក Louis Thebault ប្រធានក្លិបនេះបានប្រគល់វិញ្ញាបនបត្រសមាជិកកិត្តិយសនេះដល់លោក ថោង ខុនក្នុងឱកាសនៃទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរនៅខេត្តសៀមរាប នៅថ្ងៃទី៣ ខែធ្នូ។
លោក Louis Thebault បានថ្លែងតាមរយៈអ្នកបកប្រែថា លោក ថោង ខុន គឺជាឥស្សរជនដ៏ឆ្នើមតាំងពីដំណាក់កាលដំបូងនៃការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លិបនេះតាំងពីឆ្នាំ២០១០ ហើយបន្តមកទៀត លោកបានរៀបចំឱ្យមានយន្តការស្ថាប័នមួយចំនួនដូចជា គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងការរៀបចំឱ្យមានបុណ្យសមុទ្រជាដើមដែលផ្ដើមចេញអំពីក្លិបនេះ។
លោកបានបញ្ជាក់ថា៖ «ឆ្នេរសមុទ្រកម្ពុជាបានបង្ហាញអំពីភាពស្រស់ស្អាតរបស់ខ្លួនសក្ដានុពលជាច្រើនរាប់តាំងពីកោះ ទីក្រុងតំបន់ព្រៃកោងកាងនៅពាមក្រសោបនៅកោះកុង។ឆ្នេរសមុទ្រកម្ពុជាបានរក្សានូវភាពស្រស់ស្អាតរបស់ខ្លួនចាប់តាំងពីចូលជាសមាជិកក្លិបនេះកាលពីឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន»។
លោក Louis Thebault បានកោតសរសើរ លោក ថោង ខុន ដែលកន្លងមកជារដ្ឋមន្ត្រីទេសចរណ៍ផង និងជាតំណាងឆ្នេរសមុទ្រកម្ពុជាផង ដែលបានធ្វើកិច្ចការជាច្រើនដែលធ្វើឱ្យអន្តរជាតិកោតសរសើរចំពោះការគ្រប់គ្រងតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។
ជាមួយគ្នានេះលោកប្រធានក្លិបរូបនេះបានថ្លែងអំណរគុណចំពោះកម្ពុជា ជាពិសេសលោក ថោង ខុន ផ្ទាល់ដែលបានរៀបចំមហាសន្និបាតចំនួន២លើកដោយលើកទី១នៅឆ្នាំ២០១៣ និងលើកទី២នៅឆ្នាំ២០២០ ដែលបានធ្វើឱ្យគណៈប្រតិភូជាច្រើនពេញចិត្តចំពោះការរៀបចំកម្រិតថ្នាក់ជាតិរបស់កម្ពុជា ហើយលោកថា លោក ថោង ខុន ពិតជាស័ក្តិសមក្នុងការទទួលបានតួនាទីជាសមាជិកកិត្តិយសនេះ។
លោក ថោង ខុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានសេចក្តីរំភើបណាស់ចំពោះការខិតខំរបស់លោក Louis Thebault ក្នុងការផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រសមាជិកក្លិបនេះដល់រូបលោក។ លោកបញ្ជាក់ថា លោកនឹងខិតខំបន្តទៀតដោយជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំថែរក្សា គ្រប់គ្រង និងអភិវឌ្ឍឆ្នេររបស់កម្ពុជាប្រកបដោយនិរន្តរភាពនិងការអភិវឌ្ឍដើម្បីទាក់ទាញទេសចរឆ្នេរឱ្យបានច្រើន៕