ភ្នំពេញៈ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម បានប្ដេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំង២ ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដោយបន្តនិងពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំសមាជិករដ្ឋសភា និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង។
ប្រទេសទាំង២ក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ ដូចជាការបោះបង្គោលព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍ ការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីវៀតណាមនៅកម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៊ីនធឺណិតជាដើម ផងដែរ។
ប្រធានរដ្ឋសភានៃប្រទេសទាំង២លើកឡើងដូចនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តិពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ដែលដឹកនាំដោយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា លោកស្រី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយលោក NGUYEN PhuTrongអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក Vo Van Thuongប្រធានរដ្ឋវៀតណាម និងលោក VUONG Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយក៏បានទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងទៅបំពេញទស្សនកិច្ចនៅខេត្តហាណាមផងដែរ។
ប្រភពដដែលបានលើកឡើងថា ភាគីទាំង២បានឯកភាពរួមគ្នានៅក្នុងការពូនជ្រំ និងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អនិងកម្រនេះ ដល់យុវជនជំនាន់ក្រោយឱ្យបានដឹង និងបន្តថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក VUONG Dinh Hue បានលើកឡើងថា ថ្នាក់ដឹកនាំនិងសមាជិក សមាជិការដ្ឋសភាវៀតណាម បានប្ដេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត នៅលើគ្រប់វិស័យ រួមមានវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្ដុះបណ្ដាល កសិកម្ម ជាដើម។
ជាមួយគ្នានោះដែរ លោកស្រី ឃួន សុដារី បានថ្លែងគាំទ្រការលើកឡើងរបស់សមភាគីវៀតណាម និងបាន បញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាង ភូមិផង របងជាប់គ្នា នៅក្នុងស្ថានការណ៍ដែលពិភពលោកកំពុងមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងមានហានិភ័យខ្ពស់។
លោកស្រីបានបន្តថា ៖ «ឈរលើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្តនេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពដំបូងគេបង្អស់នៅដើមរដ្ឋសភានីតិកាលទី៧នេះ»។
លោកស្រី ឃួន សុដារី ក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ របស់រដ្ឋាភិបាលនៃប្រទេសទាំង២ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ដែលសម្រេចបានជាង១០ពាន់លានដុល្លារក្នុង១ឆ្នាំ។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថាទំនាក់ទំនងល្អជាមួយវៀតណាមដែលជាប្រទេសក្បែររបងជាមួយកម្ពុជាគឺជារឿងល្អណាស់ ក្នុងកិច្ចសហការលើវិស័យផ្សេងៗមិនថាសេដ្ឋកិច្ច និងការបង្ក្រាបបទល្មើសតាមព្រំដែនផ្សេងទៀត។
លោកសង្កត់ធ្ងន់ថា បញ្ហាដែលធំជាងគេរវាងទំនាក់ទំនងកម្ពុជា-វៀតណាមគឺការធ្វើយ៉ាងណាបោះបង្គោលព្រំដែនឱ្យបានលឿន ដោយឈរលើផលប្រយោជន៍ភាគីទាំងសងខាង និងមួយទៀតគឺការដោះស្រាយបញ្ហាជនអន្តោរប្រវេសន៍វៀតណាមនៅកម្ពុជាដោយឈរលើគោលការណ៍ច្បាប់។ រឿងធំទាំង២នេះគឺជាដំបៅប្រវត្តិសាស្ត្រហើយភាគីទាំង២ត្រូវតែបន្តយន្តការលើការដោះស្រាយដោយឈរលើផលប្រយោជន៍រួមគ្នាមួយ។
លោក គិន ភា បញ្ជាក់ថា៖ «ដើម្បីឱ្យទំនាក់ទំនងមួយល្អទាល់តែទំនាក់ទំនងនោះឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព ឯករាជភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក»។
លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)និងជាអ្នកជំនាញការទូតសន្តិសុខ មើលឃើញថា ចំពោះទំនាក់ទំនងរដ្ឋសភានៃប្រទេសទាំង២គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាប្រពៃណី យុទ្ធសាស្ត្រ ព្រំដែនសន្តិភាពនិងអភិវឌ្ឍ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង២។
លោកបានបន្ថែមថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាប្រវត្តិសាស្ត្រផងដែរ ដែលនេះសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងគ្រប់ជាន់ថ្នាក់ទាំងរដ្ឋាភិបាល រដ្ឋសភាព គណបក្សនិងប្រជាជននៃប្រទេសទាំង២។
លោកបន្តថា ដោយសារតែបម្រែបម្រួលភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ កម្ពុជានិងវៀតណាមកាន់តែត្រូវការគ្នាទៅវិញទៅមកក្នុងការជំរុញកិច្ចសហប្រតិបត្តិនយោបាយ សន្តិសុខនិងសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីធានាបាននិរន្តរភាពសន្តិសុខព្រំដែន ការចែករំលែកបទពិសោធន៍ និងជំនួយបច្ចេកទេសក្នុងវិស័យសន្តិសុខប្រពៃណី និងព័ត៌មានវិទ្យា។
លោកថុង ម៉េងដាវិតថា៖ «កម្ពុជានិងវៀតណាមក៏ត្រូវតែបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសល់ឱ្យបានឆាប់រហ័ស និងពន្លឿនការស្វែងរកអដ្ឋិធាតុជនជាតិវៀតណាមដែលបានពលីជីវិតក្នុងការជួយកម្ពុជាផ្តួលរលំរបបប្រល័យពូជសាសន៍»។
សូមជម្រាបថា ក្នុងអំឡុងទស្សនកិច្ចនេះដែរ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ សមភាគីវៀតណាមមួយចំនួនទៀត ដែលក្នុងនោះមានលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន បានជួបពិភាក្សាការងារជាមួយលោកប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម។លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យរដ្ឋសភាវៀតណាម និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វៀតណាមផងដែរ៕ វង្ស ដារាវ៉ាឌី