ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់អភិបាលរាជធានី-ខេត្ត ពិនិត្យពិចារណាក្នុងការបង្កើតផ្សាររាត្រី ឱ្យបានច្រើនដោយកំណត់យកតំបន់មួយចំនួនក្នុងការរៀបចំដែលអាចចាប់ផ្តើមបើកផ្សាររាត្រីនេះ ២ ថ្ងៃ ក្នុង ១ សប្តាហ៍ ដោយការរៀបចំនេះ មានលក្ខណៈស្រដៀងនឹងផាប់ស្ទ្រីត (Pub Street) នៅខេត្តសៀមរាប ដើម្បីជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តរបស់ខ្លួន។
លោក ស សុខា បានថ្លែងដូចនេះ នៅក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
លោកបានបញ្ជាក់ថា ៖«សូមឱ្យអភិបាលរាជធានី-ខេត្ត មេត្តាពិនិត្យយកទីតាំងណាមួយនៅក្នុងខេត្តរបស់ខ្លួនដើម្បីជាភាពទាក់ទាញ។ នៅភ្នំពេញក៏ដូចគ្នាដែរ ដោយសារនៅទីនេះមានទីតាំងច្រើនណាស់ដែលយើងអាចសិក្សា ប៉ុន្តែសូមឱ្យផ្តោតទៅលើការងារធំៗ២ គឺទី១រឿងសន្តិសុខ ទី២រឿងចំណត ព្រោះមិនអាចបិទបាំងហើយស្ទះចរាចរណ៍ប្រជាពលរដ្ឋកាន់តែជេរយើងថែមទៀតនោះទេ»។
លោករដ្ឋមន្ត្រី ស សុខា បានបន្តថា៖«នៅក្នុងផែនការ ខ្ញុំគិតថា យើងនឹងអាចចាប់ផ្តើមបាននៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខ ក្នុងគោលដៅដើម្បីមានភាពទាក់ទាញបន្ថែមទៀតដល់ខេត្តរបស់យើងដោយសារតែឥឡូវការផ្តល់អាទិភាពក្នុងការទាក់ផ្នែកទេសចរណ៍នេះ មានភាពសកម្មណាស់នៅលើពិភពលោក»។
លោកបានបន្ថែមថា ដោយសារតែគេមិនទាន់អាចព្យាករបានច្បាស់លាស់ពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤និង២០២៥ នាពេលខាងមុខបាននៅឡើយ ដូច្នេះកម្ពុជាខ្លួនឯងត្រូវមានភាពរឹងមាំ និងគិតគូរឱ្យបានច្បាស់លាស់ តាមរយៈការរៀបចំផែនការរកចំណូល និងចំណាយនៅក្នុងស្រុក។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារខេត្ដព្រះសីហនុ ជាខេត្តទេសចរណ៍ស្រាប់ ដូចនេះការជ្រើសរើសទីតាំងនានាក្នុងការរៀបចំផ្សាររាត្រី គឺមិនមានការលំបាកទេ ដោយលោកយល់ស្របនឹងផែនការរបស់រដ្ឋមន្ត្រីមហាផ្ទៃ ។
លោកបានថ្លែងថា៖«ខេត្តព្រះសីហនុយើង មានទីតាំងសក្តានុពលច្រើនក្នុងការរៀបចំជាផ្សាររាត្រីចុងសប្តាហ៍បែបនេះ។ នេះអាចចាត់ទុកថា ជាផលិតផលទេសចរណ៍បន្ថែមទៀតរបស់ខេត្ត ដែលទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តកាន់តែច្រើនឡើងនាពេលចុងសប្តាហ៍»។
ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះដែរ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ និងជាទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានយល់ស្របចំពោះផែនការនេះ ដោយលោកថ្លែងថា វាផ្នែកមួយដែលរុញកំណើនទេសចរក្នុងស្រុកបន្ថែមទៀត ដោយកម្ពុជាមិនអាចពឹងផ្អែកតែទេសចរបរទេសមួយមុខនោះទេ។
លោកបានបន្ថែមថា កន្លងមក ផ្សាររាត្រីមានតែនៅតាមបណ្តាខេត្តធំៗនិងល្បីមួយចំនួនប៉ុណ្ណោះ ខណៈលោកសង្កេតឃើញថា បណ្តាខេត្តផ្សេងទៀតក៏មានសក្តានុពលក្នុងការរៀបចំឱ្យផ្សាររាត្រីនេះបានដែរ ដើម្បីទាក់ទាញទេសចរក្នុងស្រុកនិងអន្តរជាតិ។
លោក ហូ វណ្ឌី បានបញ្ជាក់ថា៖«តាមពិតទៅ យើងឃើញថា កន្លងមកមានតែភ្នំពេញ សៀមរាប ជាដើម ដែលជាខេត្តមានផ្សាររាត្រីច្រើនកន្លែង។ ផ្សាររាត្រី អាចចាត់ទុកថា ជាតំបន់ទេសចរណ៍មួយដែលមានសារៈសំខាន់ដែរ។ កន្លងមកយើងឃើញថា ទាំងទេសចរជាតិនិងអន្តរជាតិចូលចិត្តទៅកម្សាន្ត នៅផ្សាររាត្រីមាត់ទន្លេនៅភ្នំពេញ ដោយសារផ្សាររាត្រីនេះ មានលក់ទំនិញចម្រុះ មានតម្លៃសមរម្យ និងថែមទាំងអាចកម្សាន្តសប្បាយជាមួយការសម្តែងសិល្បៈទៀតផង»៕