ភ្នំពេញៈ ឆ្នាំ២០២៣ ជាឆ្នាំទី ៦ ដែលសប្តាហ៍ថាមពលស្អាតត្រូវបានរៀបចំឡើង និងជាព្រឹត្តិការណ៍ថាមពលស្អាតមួយដ៏ធំដោយទទួលបានការចូលរួមពីដៃគូជាច្រើននៅកម្ពុជា ខណៈមេរៀនដែលបានរៀនពេញ ១ សប្តាហ៍ចាប់ពីថ្ងៃទី១៦-២៣ ខែវិច្ឆិកាកន្លងទៅ នឹងត្រូវប្រើប្រាស់បន្តដើម្បីជំរុញដល់វឌ្ឍនភាពថាមពលស្អាតនៅក្នុងប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពីការអបអរសាទរចំពោះការបិទជាស្ថាពរនៃព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ២០២៣ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការច្នៃប្រឌិតនិងភាពជោគជ័យថាមពលស្អាតដែលព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីចែករំលែកចំណេះដឹងនិងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។
សេចក្តីប្រកាសបានបញ្ជាក់ថា៖«សប្តាហ៍ថាមពលស្អាតបានចាប់ផ្តើមដោយផ្តោតលើតួនាទីដែលថាមពលស្អាតត្រូវតែដើរតួក្នុងការផ្តល់សន្តិសុខថាមពលសម្រាប់កម្ពុជា។ ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់មានសក្តានុពលយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា និងអាចកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីល និងអគ្គិសនីពីក្រៅប្រទេស»។
ប្រភពដដែលបន្តថា ការវិនិយោគថ្មីៗលើថាមពលស្អាតក៏អាចជួយកាត់បន្ថយការបង្កើតថ្មីនូវឥន្ធនៈហ្វូស៊ីលថ្មីដែលមិនចាំបាច់ដែលនឹងជំរុញឱ្យកម្ពុជាបន្តពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិសម្រាប់ទសវត្សរ៍ខាងមុខ។
តាមរយៈកម្មវិធីចំនួន២២ ដែលធ្វើឡើងនៅអំឡុងពេលពេញ១សប្តាហ៍នេះ ថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រិនក្នុងវិស័យថាមពលស្អាតបានចូលរួមស្វែងយល់ពីប្រធានបទរបស់ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ២០២៣គឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជាកំពុងទទួលយកថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពល។
លោកបញ្ជាក់ថា៖«យើងកំពុងបញ្ចូលគោលការណ៍CAREដែលតំណាងឱ្យថាមពលស្អាត តម្លៃសមរម្យប្រកបដោយទំនុកចិត្តនិងដោយសមធម៌ទៅក្នុងយុទ្ធសាស្ត្ររបស់យើង។វិធីសាស្ត្រនេះគឺជាគន្លឹះក្នុងការធានាបាននូវទិដ្ឋភាពថាមពលរួមមួយ ដែលជួយដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ការពារបរិស្ថានរបស់យើង និងលើកកម្ពស់ប្រជាជនរបស់យើង»។
ជាមួយគ្នានោះដែរ លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានថ្លែងដែរថា គួរតែចាប់យកសក្តានុពលរបស់ថាមពលពន្លឺព្រះអាទិត្យឱ្យបានពេញលេញមុននឹងយឺតពេល។ លោកបន្តថា៖
«កម្ពុជាមានលទ្ធភាពនិងឱកាសដ៏ច្រើនក្នុងការកាត់បន្ថយកាបូនពីបណ្ដាញអគ្គិសនីរបស់ខ្លួនព្រមទាំងសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងជំរុញឱ្យសន្តិសុខថាមពលរបស់ប្រទេសកាន់តែប្រសើរឡើង»។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ចាសស្ទីន វ៉ាយអេត បានលើកឡើងដែរ១សប្តាហ៍នេះ បានប្រព្រឹត្តទៅដោយជោគជ័យគួរឱ្យកត់សម្គាល់។លោកថា៖«យើងបានអញ្ជើញអ្នកបង្កើតគោលនយោបាយនិងអ្នកជំនាញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍។ រួមគ្នាជាធ្លុងមួយ យើងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការផ្តល់នូវបណ្តាញថាមពលស្អាត តម្លៃសមរម្យ សុវត្ថិភាពបណ្តាញនិងសម្រេចបានគោលដៅអាកាសធាតុរបស់ខ្លួន»។
រីឯលោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជាក៏បានថ្លែងដែរថា នូវែលហ្សេឡង់មានមោទនភាពដែលអាចគាំទ្រសប្តាហ៍ថាមពលស្អាតកម្ពុជានៅឆ្នាំនេះ ដោយលោកថ្លែងថាព្រឹត្តិការណ៍នេះពិតជាប្រកបដោយថ្លែផ្កានិងជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងសន្តិសុខថាមពលនិងមហិច្ឆតាថាមពលស្អាតក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖«បញ្ហាប្រឈមសំខាន់មួយដែលត្រូវបានសម្គាល់គឺជំនាញរបស់កម្លាំងពលកម្មដែលកំពុងធ្វើការក្នុងវិស័យថាមពលនៅមានកម្រិតនៅឡើយ។កម្មវិធីមួយរបស់សប្ដាហ៍ថាមពលស្អាតក្រោមប្រធានបទជំនាញសម្រាប់អន្តរកាលថាមពលបានបង្ហាញពីកាលានុវត្តភាពសម្រាប់ប្រទេសកម្ពុជាដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសក្នុងវិស័យថាមពលនេះ»។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងថា សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣បានបញ្ជាក់ឡើងវិញថាអន្តរកាលថាមពល និងការអភិវឌ្ឍថាមពលគួរតែត្រូវបានចាត់ទុកជាអាទិភាព ។
លោកស្រីថា៖«ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលយើងកំពុងប្រារព្ធព្រឹត្តិការណ៍ដ៏ជោគជ័យមួយនេះ យើងគួរចងចាំថា យើងត្រូវតែបន្តការខិតខំប្រឹងប្រែងក្នុងការបង្កើនល្បឿននៃអន្តរកាលថាមពលរបស់កម្ពុជា»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏មានមហាជនរាប់ពាន់នាក់ចូលរួមក្នុងកម្មវិធីដែលបើកជាសាធារណៈរួមមានកម្មវិធីរត់ដើម្បីថាមពលស្អាតការតាំងពិព័រណ៍សប្តាហ៍ថាមពលស្អាតនិងការបញ្ចាំងវីដេអូឯកសារថាមពលស្អាត។ ព្រឹត្តិការណ៍នេះបានជំរុញសាធារណជនមានឱកាសទទួលយកបទពិសោធន៍ដោយផ្ទាល់នូវបច្ចេកវិទ្យាដែលនឹងជំរុញការអភិវឌ្ឍថាមពលស្អាតរបស់កម្ពុជា៕