ភ្នំពេញៈ ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់​សមុទ្រ សម្រាប់​មន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម ជុំវិញ​គោលនយោបាយ​ដែនសមុទ្រ សន្តិសុខ​ដែនសមុទ្រ ឆ្មាំ​សមុទ្រ និង​កងទ័ពជើងទឹក​។​

ការបណ្តុះបណ្តាល​នេះ ត្រូវបាន​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​ចាត់ទុក​ច្បាប់​សមុទ្រ​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា ខណៈ​ច្បាប់​នេះ​នៅមាន​ភាពស្មុគស្មាញ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ បង្រៀន​ដោយ​មជ្ឈមណ្ឌល​ជាតិ អូស្ត្រាលី​ សម្រាប់​ធនធាន និង​សន្តិសុខ​មហាសមុទ្រ​ពី​សាកលវិទ្យាល័យ Wollogong​ នៃ​ប្រទេស​អូស្ត្រាលី ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​កម្ពុ​ជា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​វគ្គ​នេះ បាន​ធ្វើឡើង​រយៈពេល ៤​ថ្ងៃ គឺ​ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅ នា​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក​ចឺ​យ វិ​ចិត្ត ប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​លោក Andreas Zurbrugg​អនុប្រធាន​បេសកកម្ម​នៃ​ស្ថា​ន​ទូត​អូស្ត្រាលី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៣​។​

សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់​សមុទ្រ​នេះ មានការ​ចូលរួម​ពី​សិក្ខាកាម​ចំនួន ២៣​នាក់ ដែលជា​មន្ត្រី​ជំនាញ​របស់​កម្ពុជា វៀតណាម និង​ឡាវ ដែល​កំពុងធ្វើការ​ក្នុង​ជំនាញ​គោលនយោបាយ​ដែនសមុទ្រ សន្តិសុខ​ដែនសមុទ្រ ឆ្មាំ​សមុទ្រ និង​កងទ័ពជើងទឹក ដែល​ការសិក្សា​នេះ​បាន​បញ្ចូល​គោលការណ៍​សំខាន់ៗ​ជុំវិញ​ច្បាប់​សមុទ្រ​ដែល​មានចែង​ក្នុង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ របស់​អង្គការសហប្រជាជាតិ ជាមួយ​សិទ្ធិ និង​កាតព្វកិច្ច​នៃ​រដ្ឋ​ក្នុង​តំបន់​ដែនសមុទ្រ និង​របប​នាវាចរណ៍​ផ្សេងគ្នា​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា​៖ «​វគ្គ​សិក្សា​នេះ​បាន​វិភាគ​ពី​ការវិវឌ្ឍ​នៃ​ច្បាប់​សមុទ្រ តាមរយៈ​ការអនុវត្ត និង​ការចរចា​របស់​រដ្ឋ និង​ការវាយតម្លៃ​ការ​ការអនុវត្ត​ចម្រុះ​។ សិក្ខាកាម​បានធ្វើការ​ពិចារណា​ពី​របៀប​ដែល​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ត្រូវបាន​បកស្រាយ និង​ទាក់ទង​ទៅនឹង​ទិដ្ឋភាព​ផ្សេងទៀត​នៃ​ច្បាប់​អន្តរជាតិ រួមទាំង​ជលផល បរិស្ថាន​សមុទ្រ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​»​។​

បន្ថែម​ពីនេះ មន្ត្រី​ជំនាញ​នៃ​ប្រទេស​ទាំង​ ៣ ក៏បាន​ធ្វើការ​ពិចារណា​ទៅលើ​ការប្រើប្រាស់​ភាគី​ទី​៣ ក្នុង​ដំណោះស្រាយ​ជម្លោះ​ដែលមាន​ចែង​ក្នុង​ផ្នែក​ទី XV នៃ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​។​

ជុំវិញ​បញ្ហា​នេះដែរ លោក ​ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា វគ្គ​បណ្តុះបណ្តាល​ពី​ច្បាប់​សមុទ្រ ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​និង​ចំណេះដឹង​ដល់​មន្ត្រី​កម្ពុជា ដែល​មានការ​ប្រឈម​លើ​សន្តិសុខ​ផ្ទៃសមុទ្រ បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ដែនសមុទ្រ ជាដើម ខណៈ​អូ​ស្តា​លី​បាន​ដើរតួនាទី​សំខាន់​សម្រាប់​កម្ពុជា​និង​អាស៊ាន​លើ​ការពង្រឹង​ច្បាប់​អន្តរជាតិ និង​ការពារ​ចរាចរណ៍​សមុទ្រ​ក្នុង​ភាពសេរី បើកចំហ និង​សុវត្ថិភាព​។​

លោក​សង្កត់ធ្ងន់ថា​៖ «​បច្ចុប្បន្ននេះ​កម្ពុជា​ក៏មាន​បញ្ហា​ច្រើន​នៅក្នុង​ដែនសមុទ្រ​របស់ខ្លួន​ជាមួយនឹង​ប្រទេសជិតខាង​ដូចជា​ថៃ​និង​វៀតណាម ក៏ប៉ុន្តែ​បញ្ហា​ទាំងអស់នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​»​។​

លោក​បន្ថែមថា កម្ពុជា​ត្រូវតែ​សហការ​ជាមួយ​បណ្តា​ប្រទេស​ដទៃ​លើ​បញ្ហា​សមុទ្រ ក៏ដូចជា​ជំរុញ​ការសិក្សា​ស្វែងយល់​បន្ថែម​លើ​ច្បាប់​សមុទ្រ ជាពិសេស​ធ្វើឱ្យ​សកម្ម​ជាមួយ​ស្ថាប័ន​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធានា​កុំឱ្យ​មានការ​ខ្វែងគំនិត​គ្នា និង​ភាព​តានតឹង​ណាមួយ ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​

​សម្រាប់​លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ក៏បាន​អះអាង​ប្រាប់​ដែរ​ថា កន្លងមក​កម្ពុជា​តែង​ព្យាយាម​ស្នើសុំ​ភាគី​ពាក់ព័ន្ធ​នានា មិនថាតែ​អូស្ត្រាលី​ឡើយ ដើម្បី​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល ក៏ដូចជា​អាហារូបករណ៍​ដល់​មន្ត្រី ឬ​ប្រជាជន​កម្ពុជា​សិក្សា​លើ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សមុទ្រ​នេះ ដោយសារ​កម្ពុជា​ជា​ប្រទេស​ជាប់​ដែនសមុទ្រ ខណៈ​សម្បូរ​អ្នកជំនាញ​ផ្នែក​ផែនទី ផ្នែក​ភូមិសាស្ត្រ ប៉ុន្តែ​នៅ​ខ្វះ​អ្នកជំនាញ​បញ្ហា​សមុទ្រ ស្របពេល​ច្បាប់​សមុទ្រ​មានការ​វិ​វត្ត​លឿន​។​


​លោក​ថ្លែងថា​៖ «​បញ្ហា​សមុទ្រ​ជា​បញ្ហាសំខាន់ ហើយ​ជម្លោះដែនសមុទ្រ កើតចេញពី​ការមិន​យល់ដឹង​ពី​ច្បាប់​សមុទ្រ​។ ដើម្បី​ដោះស្រាយ​លើ​ការទាមទារ​សិទ្ធិ​កាន់កាប់​លើ​ដែនសមុទ្រ​ត្រួតស៊ីគ្នា វា​បង្កបញ្ហា​ទៅលើ​សន្តិសុខ​ដែនសមុទ្រ និង​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ​។ ដូច្នេះ​បានជា​កម្ពុ​ជាទ​ទួ​ច​ស្នើសុំ​ការសិក្សា​ច្បាប់​សមុទ្រ​នេះ​»​។​

​លោក សេង វណ្ណ​លី ថា វគ្គ​បណ្តុះបណ្តាល​ក្រោម​ជំនួយ​ពី​ភាគី​អូស្ត្រាលី​នេះ មាន​សារៈសំខាន់​ ទៅដល់​អ្នក​ចាប់អារម្មណ៍​លើ​បញ្ហា​ដែនសមុទ្រ ជាពិសេស​សម្រាប់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ធ្វើការ​លើ​ផ្នែក​នេះ ស្រប​ពេលដែល​ច្បាប់​សមុទ្រ​កំពុង​រង​ភាពស្មុគស្មាញ ខណៈ​ប្រទេស​មួយចំនួន​មានការ​បកស្រាយ​ចម្រូងចម្រាស​គ្នា​។​

​កម្ពុជា​ នៅមាន​ភាពទន់ខ្សោយ​នៅឡើយ​ទៅលើ​ច្បាប់​សមុទ្រ ដែល​ទាមទារ​ឱ្យមាន​ខិតខំ​ប្រឹងប្រែង​ស្វែងយល់​បន្ថែម ឬ​តាមរយៈ​ការបណ្តុះបណ្តាល​ពី​ដៃគូ​ពាក់ព័ន្ធ​នានា​រួមមាន​អូស្ត្រាលី​ជាដើម​នេះ​។​លោក សេង វណ្ណ​លី បានបញ្ជាក់​បន្ថែម​៕