ភ្នំពេញៈ ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី បានជំរុញនិងលើកទឹកចិត្តដល់និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសឡាវ ឱ្យខិតខំរៀនសូត្រ កសាងសមត្ថភាព សីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់ ដើម្បីយកចំណេះជំនាញទាំងនេះ មកចូលរួមអភិវឌ្ឍប្រទេសជាតិ។
ការជំរុញនេះធ្វើឡើងនាឱកាសដែលលោកស្រីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រី បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបនោះលោកស្រីបានលើកទឹកចិត្តនិស្សិតទំាងអស់ឱ្យខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។
លោកស្រី បានលើកឡើងថា៖«ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិយើង»។
លោកស្រីបានបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។
លោកស្រីថា៖«សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន ១រូបបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា»។
យោងតាមរបាយការណ៍របស់លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន៦៧នាក់ ក្នុងនោះ៣០នាក់ជាស្រ្តី។ សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន២៥នាក់ ៤នាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន៤នាក់ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរសាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម និងភាសាអង់គ្លេសជាដើម។
នៅថ្ងៃដដែលនោះដែរ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅឡាវ លោកស្រី ឃួន សុដារី បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក XaysomphonePhomvihane ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា នាទីក្រុងវៀងចន្ទន៍ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋសភា លោក Xaysomphone Phomvihane ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ឃួន សុដារី ថា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាង២ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ រីកចម្រើន គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពឡើង។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាង២ ក៏បានចែករំលែកនិងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក នូវសភាពការណ៍នយោបាយសេដ្ឋកិច្ច និងសង្គម។
នាឱកាសនោះដែរ ប្រធានរដ្ឋសភាឡាវ ក៏បានលើកឡើងដែរថា នៅឆ្នាំ២០២៤ខាងមុខ ប្រទេសឡាវនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ ដោយបានស្នើសុំរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយគំាទ្រដើម្បីឱ្យការបំពេញកាតព្វកិច្ចរបស់ឡាវនេះទទួលបានជោគជ័យ។
នាឱកាសនោះដែរ លោកស្រី ឃួន សុដារី បានបង្ហាញការគំាទ្រការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់រដ្ឋសភាឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ៕