ភ្នំពេញៈ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំនៅតែបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែទូទាំងប្រទេសនិងសិស្សមានពិការភាពបន្ថែមលើអាហារូបករណ៍ជិត៩ ០០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលនេះជាដំណឹងល្អសម្រាប់សិស្សទើបប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ថា ចំនួនអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃ១០០ភាគរយសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ដែលមានសរុបចំនួន៨ ៨១៦កន្លែងនេះ បែងចែកជា ៦អាទិភាពផ្សេងគ្នារួមមាន ដោយសិស្សទូទៅចំនួន៥ ៥៩៤ កន្លែង សិស្សអាទិភាពនារីចំនួន១ ១៥៦ កន្លែង សិស្សអាទិភាពក្រីក្រចំនួន១ ៥១៩កន្លែង និងសិស្សអាទិភាពតំបន់ដាច់ស្រយាលចំនួន៥៤៧កន្លែង។ ក្រៅពីនោះ ក្រសួងមានផ្តល់អាហារូបករណ៍សម្រាប់សិស្សពូកែទូទាំងប្រទេសគណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរ ក៏ដូចជាសិស្សមានពិការភាពផងដែរ។
អ្នកស្រីឃួន វិច្ឆិកា បានបន្តថា៖«ដូចឆ្នាំមុនៗដែរ ក្រសួងបានផ្សព្វផ្សាយប្អូនៗដែលជាបេក្ខជននឹងជ្រើសរើសតាំងពីខែកក្កដាកន្លងមក កាលពីមុនប្រឡងបាក់ឌុបម្ល៉េះ អ៊ីចឹងហើយប្អូនៗដែលជាបេក្ខជនប្រឡងបាក់ឌុបហ្នឹង គាត់បានជ្រើសរើសមុខវិជ្ជារបស់គាត់ឱ្យមានជម្រើសទី១ ទី២ និយាយរួមគឺដូចរៀងរាល់ឆ្នាំ។ អ៊ីចឹងក្រោយពេលប្រកាសលទ្ធផលហើយយើងយកជម្រើសដែលប្អូនៗបានស្នើសុំហ្នឹងទៅផ្តល់អាហារូបករណ៍តាមរយៈលំដាប់ពិន្ទុដែលគាត់ទទួលបានតាមរយៈការប្រឡងបាក់ឌុបនេះ»។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំពោះសិស្សពូកែជាប់ចំណាត់ថ្នាក់ទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រខ្មែរដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ១មុខជំនាញ ប្រសិនបើជ្រើសយកជំនាញដែលមិនឆ្លងកាត់ការប្រឡង ហើយត្រូវនឹងផ្នែកពូកែរបស់ខ្លួននិងបានមកដាក់ពាក្យសុំអាហារូបករណ៍ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត-រាជធានី ដែលខ្លួនបានរៀនសូត្រ។
ជាមួយគ្នានេះចំពោះសិស្សមានពិការភាពដែលកំពុងសិក្សាថ្នាក់ទី១២ក្នុងឆ្នាំសិក្សា២០២៣-២០២៤និងបានដាក់ពាក្យសុំអាហារូបករណ៍នៅតាមវិទ្យាល័យដែលខ្លួនបានរៀនសូត្រ ហើយនឹងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ មានសិទ្ធិទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិ១
កន្លែងលើមុខជំនាញដែលមិនឆ្លងកាត់ការប្រឡង។
យុវសិស្សឈ្មោះ ម៉ៅ កើន ដែលប្រឡងជាប់និទ្ទេសA នៅសម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ មកពីវិទ្យាល័យសម្តេចជាស៊ីមអង្គរជ័យដែលមានលំនៅនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បានឱ្យដឹងថា សព្វថ្ងៃប្អូនប្រុសកំពុងស្វែងរកអាហារូបករណ៍សម្រាប់បន្តការសិក្សាផ្នែកឱសថការី ប៉ុន្តែគ្រួសាររបស់ប្អូនកំពុងមានជីវភាពខ្វះខាត គ្មានលទ្ធភាពនៅក្នុងការទៅសិក្សាបន្តទេ។ប្រសិនបើអាចទទួលបានអាហារូបករណ៍ដែលផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា គឺអាចជួយគ្រួសារប្អូនបានច្រើន។
យុវសិស្ស ម៉ៅ កើន បានបញ្ជាក់ថា៖«សម្រាប់អាហារូបករណ៍នឹងវាអាចជួយខ្ញុំបានច្រើនខ្លាំងមែនទែន ដោយសារតែឪពុកម្តាយខ្ញុំអត់មានលទ្ធភាពស្រាប់ ហើយខ្ញុំអត់ភ័យខ្លាចចាំបាច់បង់ថ្លៃសាលា ហើយការចំណាយអីផ្សេងៗ វាជួយបានច្រើនខ្លាំងមែនទែន»។
ជាមួយគ្នានេះ ប្អូនប្រុស ម៉ៅ កើន បានសង្កត់ធ្ងន់ថា៖ « សម្រាប់ការប្រឡងបាក់ឌុបឆ្នាំក្រោយៗ ក្រសួងគួរតែផ្តល់អាហារូបករណ៍បន្ថែម ព្រោះថាមានអ្នកដែលខ្វះខាត អ្នកដែលក្រអត់មានលទ្ធភាពដូចខ្ញុំហ្នឹងច្រើនណាស់ ដែលគាត់ចាំទទួលបានអាហារូបករណ៍បែបហ្នឹងហើយពួកគាត់ចង់សម្រេចក្តីស្រមៃរបស់គាត់ប៉ុន្តែអត់មានលទ្ធភាព អ៊ីចឹងទៅវាជារឿងល្អមែនទែន ដែលអាចបានអាហារូបករណ៍ឱ្យពួកគាត់បាន»។
ម៉ៅ កើន បានបន្តថា បើទោះបីជាពួកគាត់រៀនពូកែអាចទទួលបានលទ្ធផលនិទ្ទេស A ក៏ដោយ ក៏អាចនឹង បោះបង់ចោលការសិក្សាដែរ ពីព្រោះគ្មានថវិកានៅក្នុងការរៀនបន្ត។បញ្ហាហិរញ្ញវត្ថុគឺវាសំខាន់មែនទែន ប្រសិនបើអត់មានទេអត់អាចបន្តការសិក្សាដោយសារត្រូវយកលុយមកផ្គត់ផ្គង់គ្រួសារដែលមានម្តាយឪពុកពិបាក ឬចាស់ជរា ។
បើតាមក្រសួងអប់រំ ចំពោះលក្ខខណ្ឌសិស្សក្រីក្រដែលមានអាទិភាពស្នើសុំអាហារូបករណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា គីត្រូវភ្ជាប់ជាមួយពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យមានបិទរូបថត(ថតថ្មី)ទំហំ
4 cm × 6 cm ចំនួន១ច្បាប់ ពាក្យសុំបន្ថែមសម្រាប់បេក្ខជនស្នើសុំអាទិភាពក្រីក្រចំនួន១ច្បាប់ សលាកបត្រឯកត្តជន (សម្រាប់តែបេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាត់ការប្រឡង)ចំនួន១ច្បាប់ និងបណ្ណគ្រួសារថតចម្លងដែលមានការបញ្ជាក់ពីរដ្ឋអំណាចអាជ្ញាធរ១ច្បាប់។
លោកឈន គី មេឃុំខ្នារសណ្តាយ បានឱ្យដឹងថា នៅក្នុងការបញ្ជាក់លិខិតឯកសារឬក៏ស្នើបណ្ណក្រីក្រនៅក្នុងការដាក់ពាក្យទៅសិក្សាបន្ត ឬអាហារូបករណ៍ ត្រូវមើលទៅតាមលក្ខខណ្ឌរបស់ក្រសួងអប់រំនិងលក្ខខណ្ឌដែលជាតម្រូវការរបស់សិស្សដែលស្នើសុំការបញ្ជាក់ដូចជាសៀវភៅគ្រួសារ ឬសំបុត្រកំណើតជាដើម។
អ្នកស្រី ឃួន វិច្ឆិកា ក៏បានបញ្ជាក់បន្ថែមដែរថា សម្រាប់សិស្សដែលមិនទាន់មានអាហារូបករណ៍ពីឆ្នាំមុនៗ លើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ក៏អាចនៅបន្ដទទួលបានអាហារូបករណ៍ផងដែរ តែត្រូវមានអាយុត្រឹម២២ឆ្នាំ គិតចាប់ពីសបា្តហ៍ទី៣ ខែធ្នូ តទៅ៕
កុសល សិរីកន្យា