ភ្នំពេញៈ ថ្វីដ្បិតតែកំពុងស្ថិតនៅក្នុងវ័យសិក្សា និងមិនទាន់មានថវិកាជាដើមទុន ប៉ុន្តែសិស្សម្នាក់ដែលជាយុវតី អាយុ ១៦ ឆ្នាំ ឈ្មោះ ប្រាក់ ចាន់ដាណេ មានគំនិតសង្កេតឃើញអ្នកប្រើប្រាស់ផ្ទាំងសូឡាសម្រាប់ទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ចំណាយថវិកាច្រើនសម្រាប់បំពាក់ឧបករណ៍តាមកម្ដៅព្រះអាទិត្យដែលនៅទ្រឹងក្នុងទិសដៅតែ ១ ធ្វើឱ្យនាងកើតគំនិតស្រាវជ្រាវបង្កើតបន្ទះសូឡា រេតាមព្រះអាទិត្យដើម្បីទាញយកថាមពលមកប្រើប្រាស់។
ចាន់ដាណេ រៀនថ្នាក់ទី ១០ NGS-C3 នៃសាលាស៊ីសុវត្ថិជំនាន់ថ្មី ដែលតំណាងឱ្យក្រុមមានគ្នា ៤ នាក់ ចាន់ដាណេ ប្រាប់ថា តាមពិតទៅក្រុមរបស់នាងបានបង្កើតគម្រោងលើកទី ១ គឺរថយន្តបូមធូលីដី ហើយគម្រោងទី២ជាការរកឃើញបច្ចេកវិទ្យាប្រើបន្ទះ solar ស្រូបថាមពលព្រះអាទិត្យ អាចរេតាមពន្លឺព្រះអាទិត្យនេះគឺជាស្នាដៃទី ២ បន្ទាប់ពីបានបង្កើតគម្រោងលើកទី ១ គឺរថយន្តបូមធូលីដី។
ចាន់ដាណេ បានឱ្យដឹងថា ការស្រាវជ្រាវបង្កើតជា Solar ស្រូបពន្លឺព្រះអាទិត្យ រេតាមពន្លឺព្រះអាទិត្យនេះ មានមិត្តស្រីរួមក្រុមចំនួន ៣ នាក់ទៀត គឺឈ្មោះ នង ភិរម្យ សុភ័ក្រនាថ អាយុ ១៦ ឆ្នាំ,ទូច ម៉ាលីននី អាយុ ១៥ ឆ្នាំ,ព្រៀង រចនា អាយុ ១៥ ឆ្នាំ ជាមិត្តរួមថ្នាក់ជាមួយគ្នា។
ក្រុមនាងបានចំណាយពេលស្រាវជ្រាវអស់ ៣ ខែរាប់ទាំងសរសេររបាយការណ៍ជាអំណះអំណាងថា ហេតុអ្វីបានជាសម្រេចយកគម្រោងនេះមកធ្វើ។ គម្រោងនេះបង្កើតឡើងមានប្រយោជន៍អ្វីខ្លះ ហើយតើត្រូវមានជាដំណោះស្រាយយ៉ាងម៉េចដែលរបាយការណ៍នៃគម្រោងនេះក៏ជាឯកសារទុកឱ្យអ្នកផ្សេងសិក្សាបន្តបាន។
ចាន់ដាណេ បញ្ជាក់ថា ដើម្បីដំឡើងឧបករណ៍ Solar ឱ្យដំណើរការទៅបាន គឺក្រុមនាងត្រូវស្រាវជ្រាវ ហើយសរសេរជាកូដ (code) ដាក់ក្នុងឧបករណ៍ដំឡើង។ ក្នុងនោះដែរក៏ត្រូវតជាប្រព័ន្ធខ្សែភ្ជាប់ នឹងឧបករណ៍សម្ភារ អេឡិចត្រូនិក ផ្សេងៗ ទើបដំណើរការបាន។
ឧបករណ៍នេះត្រូវបានដាក់តាំងនៅក្នុងកម្មវិធីបង្ហាញស្នាដៃលើកទី ១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣។ លើកទី ២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីថ្ងៃទី ២៦ ខែសីហា និងលើកទី ៣ នៅសណ្ឋាគារសុខា កាលពីថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ ២០២៣។
ចាន់ដាណេ និយាយថា៖«ពួកខ្ញុំបង្កើត solar រេតាមពន្លឺព្រះអាទិត្យបានដោយខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនប្រើ solar នៅ ១ កន្លែងហើយផ្ទះខ្លះបំពាក់បន្ទះ solar គ្រប់ជ្រុងផ្ទះផង។ អ៊ីចឹងអ្នកប្រើប្រាស់ទាំងនោះត្រូវចំណាយលុយទិញ solar ច្រើនបន្ទះ ប៉ុន្តែបើគាត់ប្រើ solar រេតាមពន្លឺព្រះអាទិត្យ វាអាចកាត់បន្ថយការចំណាយច្រើន ហើយវាអាចបំប្លែងជាថាមពលអគ្គិសនីប្រើបានទៀត។ ឧបករណ៍ខ្ញុំអាចជួយកាត់បន្ថយការប្រើប្រាស់ភ្លើងអគ្គិសនីបាន ១ ផ្នែកទៀតផង»។
ចាន់ដាណេ ថ្លែងថា៖ «អ្វីដែលក្រុមការងាររបស់ខ្ញុំគិតទៅដល់នោះ គឺភាគច្រើនអ្នកដែលរស់នៅទីជនបទគាត់មិនសូវមានភ្លើងអគ្គិសនីប្រើគ្រប់គ្រាន់ទេ។ តែបើ solar រេតាមពន្លឺព្រះអាទិត្យដែលក្រុមនាងបង្កើតថ្មីនេះអាចស្រូបយកថាមពលព្រះអាទិត្យស្តុកទុក និងបំប្លែងជាភ្លើងអគ្គិសនីប្រើបានក្នុងផ្ទះទៀតផង។ តែពេលនេះក្រុមនាងគ្មានថវិកាដើម្បីដំឡើងជាឧបករណ៍ខ្នាតធំទេហើយបើមានអ្នកជួយ គឺក្រុមនាងនឹងដំឡើងចេញជារូបរាងបាន។
Solar នេះ ពេលវាស្រូបបានពន្លឺព្រះអាទិត្យរួច វាបញ្ចេញមកផ្ទុកក្នុងថ្មស្តុកសិន បន្ទាប់មកវាបំប្លែងជាថាមពលអគ្គិសនីចន្លោះពី ៥ ទៅ ៦ វ៉ុលដែលអាចប្រើប្រាស់កង្ហារ ឆ្នាំងដាំបាយអគ្គិសនី និងទូទឹកកកជាដើម។ បន្ទះ solar អាចរេតាមពន្លឺព្រះអាទិត្យដែលក្រុមនាងបានផលិតមកនេះនឹងនាំយកគម្រោងនេះទៅប្រកួតប្រជែងនៅប្រទេសថៃក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខ។
លោកស្រី ឡេង ជីវន ជាគ្រូដឹកនាំក្រុមការងារគម្រោងប្រព័ន្ធ solar រេតាមថាមពលពន្លឺព្រះអាទិត្យនៃសាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិបានឱ្យដឹងថា សមិទ្ធផល solarដែលយុវសិស្សបង្កើតមកនេះបានបង្ហាញនូវគំនិតបញ្ញាឆ្លាតវៃរបស់ពួកគេ។ កិច្ចការនេះមិនមែនតែសិស្សនៅក្នុងក្រុមរបស់អ្នកគ្រូទេ សិស្សសាលាជំនាន់ថ្មីផ្សេងទៀតក៏មានបញ្ញាឆ្លាតវៃដូចគ្នាដែរដែលពួកគេ បានបង្កើតស្នាដៃច្រើនប្រភេទមកហើយ។
លោកស្រីថ្លែងថា៖«ប្រទេសរបស់យើងចាប់ផ្តើមមានធនធានមនុស្សហើយ ប្រទេសនឹងរីកចម្រើន ដែលនេះក៏ជាការចង់បានរបស់ក្រសួងអប់រំដែរ ប៉ុន្តែការធ្វើបានលុះត្រាតែមានអ្នកគាំទ្រនៅពេលពួកគាត់ផលិតចេញជាឧបករណ៍ និងក៏ត្រូវការធនធានលុយកាក់ដែរដើម្បីដំឡើង»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ពាក់ព័ន្ធនឹងសាលាជំនាន់ថ្មីនេះ ចំពោះ សិស្សសាលាជំនាន់ថ្មី គឺអាចបញ្ជាក់ពីសតិបញ្ញារបស់គាត់ដែលមានការទទួលស្គាល់តាមរយៈការទទួលបានមេដាយកម្រិតជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំក្នុងការប្រកួត។
លោកស្រីថ្លែងថា ជាពិសេសនៅក្នុងឆ្នាំ ២០២២-២០២៣ នេះមានសិស្សប្រុស-ស្រីទទួលមេដាយបានប្រមាណជាជាង ៧០០ មេដាយ (ទិន្នន័យរបស់សាលាស៊ីសុវត្ថិជំនាន់ថ្មី) ពីកម្រិតជាតិ និងអន្តរជាតិ៕