ក្រចេះៈ អ្នកវិនិយោគបរទេសក្នុងវិស័យកសិកម្ម នឹងចូលមកដាក់ទុនវិនិយោគដោយផ្ទាល់ក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មកម្ពុជាទៅក្រៅប្រទេស នៅពេលកម្ពុជាបង្កើតបានសហគមន៍កសិកម្មទំនើបក្នុងពេលឆាប់ៗខាងមុខនេះ ដែលអាចធានាដល់ការផ្គត់ផ្គង់ វត្ថុធាតុដើម និងផលិតផលកែច្នៃជូនអ្នកវិនិយោគបាន។
នេះជាការលើកឡើងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីកម្ពុជា ដែលមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រសួងកសិកម្មបានដាក់ចេញនូវគោលនយោបាយដ៏សំខាន់សម្រាប់អាណត្តិថ្មីនេះ គឺចងក្រងបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យការដាំដុះស្វាយចន្ទីដែលមានទាំងកសិករ និងអ្នកប្រមូលទិញផ្សាភ្ជាប់គ្នា សំដៅធ្វើឱ្យការផលិត និងការផ្គត់ផ្គង់សមាមាត្រគ្នា ស្ថិតក្នុងតម្លៃសមរម្យ ១ ដែលអាចទទួលយកបាន។
ប្រភពនេះអះអាងថា សហគមន៍កសិកម្មទំនើប គឺជាការចងក្រងដំណាំកសិកម្មតាមប្រភេទចូលជាសហគមន៍តែមួយ ដោយដំណើរការជាលក្ខណៈ សហករណ៍កសិកម្ម ប្រៀបដូចជាក្រុមហ៊ុនមួយដែលមានទាំងនាយកប្រតិបត្តិ គណនេយ្យ និងបុគ្គលិកផ្សេងៗទៀត ដែលយល់ច្បាស់ពីខ្សែច្រវាក់តម្លៃក្នុងផលិតផលស្វាយចន្ទី ដោយផ្សារភ្ជាប់ជាមួយកសិករតាមរយៈការចងកុងត្រា។
កញ្ញា រចនា ថ្លែងថា៖ «នៅពេលដែលកសិករចងកុងត្រាជាមួយនឹងសហគមន៍កសិកម្មទំនើប ដែលយើងនឹងបង្កើតឡើងនៅពេលខាងមុខនេះ យើងនឹងអាចធានាបានថា ប្រជាកសិករ លោកនឹងដាំដុះដំណាំស្វាយចន្ទីហើយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ទៅឱ្យសហគមន៍កសិកម្មទៅតាមគុណភាព ដែលសហគមន៍កសិកម្មចង់បានដើម្បីយកទៅផលិតកែច្នៃ និងលក់ចេញទាំងក្នុង និងក្រៅប្រទេស»។
កញ្ញាបញ្ជាក់ថា ទោះបីជានៅតាមសហគ្រាសស្វាយចន្ទីនៅមានបញ្ហាប្រឈមមួយចំនួន ដូចជាទុននៃការផលិត ទុននៃការទិញស្តុកគ្រាប់ស្វាយចន្ទីស្រស់ដើម្បីកែច្នៃបន្តនៅមាន កម្រិតក៏ដោយ ប៉ុន្តែបញ្ហាទាំងនោះនឹងអាចដោះស្រាយបាន នៅពេលមានសហគមន៍កសិកម្មទំនើប។ បន្ថែមលើនោះ តាមរយៈគោលនយោបាយអាទិភាពទី ៥ និងទី ៦ រាជរដ្ឋាភិបាលក៏មានការដាក់ចេញការផ្តល់ហិរញ្ញប្បទានសម្រាប់កសិករ ឬសហគមន៍កសិកម្មណាដែលមានសក្ដានុពល ផងដែរ។
កញ្ញាថ្លែងថា៖ «នៅពេលដែលយើងអនុវត្ត យើងជឿជាក់ថា វានឹងដោះស្រាយបញ្ហាទាំងស្រុងបាន និងជួយលើកទឹកចិត្តឱ្យអ្នកវិនិយោគ ហ៊ានដាក់ទុនវិនិយោគនៅក្នុងផលិតកម្មស្វាយចន្ទីនេះឱ្យបានកាន់តែច្រើន»។
លោក Guenter wessel ប្រធានពហុគម្រោង GIZ បានឱ្យដឹងថា អង្គការ GIZ គ្រោងនឹងអនុវត្តគម្រោងថ្មីក្នុងឆ្នាំ ២០២៤ ឈ្មោះថា CAPSAFE មានរយៈពេល ៤ ឆ្នាំ ផ្តល់ថវិកាដោយសហភាពអឺរ៉ុប ផ្តោតសំខាន់ ទៅលើការជំរុញខ្សែច្រវាក់តម្លៃវិស័យកសិកម្មកម្ពុជា មានស្វាយចន្ទី និងម្រេច។ គម្រោងនេះក៏នឹងជួយច្រើនទាក់ទងនឹងស្តង់ដា គុណភាព បរិមាណ ការផលិតរបស់កសិករតាមរយៈសហគមន៍កសិកម្ម ព្រមទាំងគាំទ្រគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។
លោកថ្លែងថា៖ «គ្រប់ទិសដៅ និងវិស័យ ដែលគម្រោងថ្មីនឹងជួយគាំទ្រនេះ នឹងទាក់ទាញអ្នកវិនិយោគ ក្នុងការបង្កើតការកែច្នៃបន្ថែម ឱ្យបានទូលំទូលាយនៅក្នុងប្រទេសកម្ពុជា»។
លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា ម្រេច និងស្វាយចន្ទីកម្ពុជា គឺជាដំណាំមានសក្ដានុពល។ សក្ដានុពលនៅទីនេះគឺចង់សំដៅដល់សមត្ថភាពនៃការផលិត បរិមាណ និងគុណភាព ដែលប្រទេសកម្ពុជាមានលក្ខណៈគ្រប់គ្រាន់អាចធ្វើបាន ក្នុងការកែច្នៃ ហើយអាចនាំចេញទៅកាន់ទីផ្សាសកល ក៏ដូចជាអឺរ៉ុប។
លោកបានថ្លែងថា តាមរយៈគម្រោង CAPSAFE សហភាពអឺរ៉ុប និង GIZ នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងអស់ មានកសិករដែលដាំដើមស្វាយចន្ទី សហព័ន្ធស្វាយចន្ទី ក៏ដូចជាសហគមន៍កសិកម្មដែលផលិតស្វាយចន្ទី ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់។
លោកថ្លែងថា៖ «យើងនឹងធ្វើយ៉ាងណាដើម្បីជួយឱ្យការវិនិយោគលើវិស័យស្វាយចន្ទីនេះ អាចមានលទ្ធភាពល្អជាងមុន ក្នុងការផលិតនៅស្រុកខ្មែរ ហើយជំហានបន្ទាប់គឺយើងនឹងទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសអឺរ៉ុប ដើម្បីធ្វើការជួយទិញ មានន័យថា នាំចេញផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអឺរ៉ុប»៕