កំពង់ស្ពឺៈ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញប៉ុណ្ណោះទេ តែនៅពេលនេះមានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយទៀតដែលកំពុងដំណើរការសាងសង់នៅទីនោះ។ បើទោះបីជាមជ្ឈមណ្ឌលមិនទាន់សាងសង់រួចរាល់ក្តី តែទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រៅពីទស្សនាទេសភាពធម្មជាតិហើយនោះ តែងតែចូលទៅទស្សនាមជ្ឈមណ្ឌលក្នុង ១ សប្តាហ៍ៗរាប់ពាន់នាក់។
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា លើកំពូលភ្នំក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មហាឧបាសិកាធម្មបណ្ឌិតញឹក ប៊ុនថា ដែលជាស្ថាបនិកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ សាងសង់លើផ្ទៃដី ១២៦ ហិកតា ដោយមានការអនុញ្ញាតពី «សម្តេចព្រះសង្ឃរាជ ទេព វង្ស និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង» និងលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ មជ្ឈមណ្ឌលនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានប្រាសាទធំ ១ អគារនៅចំកណ្តាលមជ្ឈមណ្ឌលត្រូវសាងសង់រួចហើយឈ្មោះ «បឋមចេតិយទី» ជាព្រះចេតិយតម្កល់ព្រះធម៌ដែលមានបណ្តោយ ១០៨ ម៉ែត្រ និងទទឹង ៣៧ ម៉ែត្រ។
ក្នុងនោះដែរលោកស្រីក៏មានគម្រោងសាងសង់ប្រាសាទធំៗ ៤ និងមានកសិណទឹក១ដែលមានបណ្តោយ ៦០០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ នៅពីមុខប្រាសាទទាំង ៤នោះ។ ក្នុងនោះក៏ត្រូវសាងសង់ប្រាសាទ ៨ បន្ថែមទៀតសម្រាប់តម្កល់ផ្ទាំងសិលាចារឹកព្រះត្រៃបិដកដែលមានចំនួន ១ ០១៧ ផ្ទាំងចារឹកជាអក្សរបាលីម្ខាងសម្រាយពីភាសាបាលី ហើយក្នុង១ផ្ទាំងៗ មានទំហំទទឹង៨តឹក និងកម្ពស់ជាង ១ ម៉ែត្រជាប្រភេទថ្មម៉ាប។
លោកស្រី ញឹក ប៊ុនថា បន្តថា ចំណែកផ្លូវបេតុងនៅក្នុងបរិវេណមជ្ឈមណ្ឌល គឺមានចំនួន ៥ ខ្សែ ក៏កំពុងសាងសង់បណ្តើរៗជិតរួចរាល់ហើយដែរ។ ជាមួយគ្នានេះ ក៏មានការចូលរួមពីក្រសួងនិងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺយកកូនឈើរាប់ម៉ឺនដើមទៅដាំនៅក្នុងបរិវេណមជ្ឈមណ្ឌលដែរ ព្រោះវប្បធម៌សាសនាក៏ត្រូវការព្រៃឈើធម្មជាតិដែរ។ ក្នុងនោះមជ្ឈមណ្ឌលក៏មានសាងសង់ព្រះចុឡាមនី ចេតិយដ៏ធំ ១ សម្រាប់តម្កល់ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធផងដែរ។
លោកស្រីថ្លែងថា៖«មជ្ឈមណ្ឌលព្រះពុទ្ធសាសនា បើនៅប្រទេសគេ គេធ្វើរាប់រយឆ្នាំឯណោះ ហើយយើងជាខ្មែរអង្គរកាន់ព្រះពុទ្ធសាសនា ១ នឹងគេដែរ បើមិនមានក៏មិនកើតដែរ។ ខ្ញុំសង់ទុកជាសម្បត្តិជាតិអ៊ីចឹងទៅខ្ញុំអត់មានលុយរាប់រយលានដុល្លារទេ តែជាសទ្ធាផ្តើមធ្វើទៅ សូម្បីតែសម្តេចម៉ែ ក៏លោកចូលរួមដែរ ពោលគឺគ្រប់មជ្ឈដ្ឋាន»។
លោកស្រីរៀបរាប់ថា ការកសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា រហូតមកដល់ពេលនេះត្រូវចំណាយថវិកាអស់ជាង ៩ លានដុល្លារហើយ។ ម្យ៉ាងវិញទៀត ការសាងសង់ក៏ត្រូវចំណាយពេលរាប់ឆ្នាំដែរ ព្រោះនៅលើភ្នំសុទ្ធតែថ្ម ដូច្នេះត្រូវយកថ្មចេញ។ នៅពេលឈូសឆាយឱ្យដីរាបស្មើទើបអាចសង់ទៅបានហើយការរាំងស្ទះមួយទៀត ក្នុងស្ថានភាពប្រទេសមានកើតជំងឺកូវីដត្រូវផ្អាក ២ ឆ្នាំ ហើយអាកាសធាតុភ្លៀងក៏ជាងធ្វើមិនកើតដែរ។
បើតាមលោកស្រីប៊ុនថា នៅក្នុងបរិវេណមជ្ឈមណ្ឌលមានឆ្លាក់ថ្មភ្នំជារូបសំណាកព្រះអង្គប្រសូត ព្រះអង្គផ្ចាញ់មារ រូបសំណាកព្រះអង្គគង់ចម្រើនសមាធិពោលគឺរូបព្រះចំនួន ៨៤ ០០០ ព្រះអង្គ ត្រូវឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងអស់ព្រោះមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ ត្រូវតម្កល់ទុកជាប្រវត្តិសាស្ត្ររហូតទៅអនាគត។
គោលបំណងដ៏ធំរបស់លោកស្រីក្នុងការកសាងមជ្ឈមណ្ឌលនេះឡើង គឺចង់រួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ រួមចំណែកលើកតម្កើងតម្លៃព្រះពុទ្ធវចន: (ពុទ្ធឱវាទ ឬពុទ្ធដីកា) ដែលជាពាក្យប្រៀនប្រដៅឱ្យមនុស្សធ្វើតែអំពើល្អ ជាមនុស្សដែលមានគុណធម៌ មានសីលធម៌។
ក្នុងនោះដែរ សំដៅលើការពង្រឹងវប្បធម៌ជាតិ បណ្តុះបណ្តាលធនធានមនុស្សឱ្យខ្មែរចេះស្រឡាញ់វប្បធម៌ជាតិ ចេះគោរពមាតាបិតា។ ពិសេសទៀតនោះ គឺចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតរបស់មនុស្សម្នាក់ៗ ឱ្យមានជោគជ័យ។ លោកស្រីបន្ថែមថា កាលពីមុនសម័យជំងឺកូវីដ មជ្ឈមណ្ឌលមានកម្មករជាង ៧០ នាក់។ តែក្រោយពីជំងឺកូវីដស្បើយទៅ កម្មករដែលធ្លាប់ធ្វើពីមុនក៏ទៅរកការងារផ្សេងធ្វើ ដូច្នេះបច្ចុប្បន្ននៅសល់តែជាង ២០ នាក់ទេ។ តែសំណង់ផ្សេងៗដែលត្រូវសាងសង់បន្តគឺលោកស្រីម៉ៅមេការជាងសំណង់ធ្វើដាច់មុខតែម្តង។
សម្រាប់មជ្ឈមណ្ឌលក៏ត្រូវរៀបចំឱ្យមានវត្តផងដែរ តែពេលនេះលោកស្រី មិនទាន់រៀបចំឱ្យមានជាវត្តអារាមនៅឡើយទេ ព្រោះនៅលើភ្នំ ខណៈផ្ទះប្រជាជនច្រើននៅឆ្ងាយ។ បច្ចុប្បន្នមានព្រះសង្ឃចំនួនតែ ៥ អង្គប៉ុណ្ណោះដែលគង់បណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌល)។
លោកជ័យ ហ៊ីម មេឃុំចំបក់ ក្នុងស្រុកភ្នំស្រួចឱ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៅលើភ្នំគិរីរម្យនេះមិនទាន់សាងសង់រួចនៅឡើយទេ។ នៅក្នុងមជ្ឈមណ្ឌលនេះ មានតម្កល់ទៅដោយព្រះត្រៃបិដកដែលឆ្លាក់លើផ្ទាំងថ្មម៉ាប។ រីឯនៅក្នុងប្រាសាទ ក៏មានរូបចម្លាក់របស់ថ្នាក់ដឹកនាំកំពូលៗបច្ចុប្បន្នដែរ និងមានចម្លាក់ថ្មរៀបរាប់ពីដំណើរព្រះពុទ្ធតែម្តង។
ភ្នំគិរីរម្យជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយចាប់តាំងពីមានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាមក មានភ្ញៀវរាប់ពាន់នាក់ក្នុង ១ សប្តាហ៍ បានទៅទស្សនានៅក្នុងមជ្ឈមណ្ឌលនោះ។ នៅទីនោះមានចម្រុះទៅដោយព្រៃឈើធម្មជាតិមានតាំងបង្ហាញពីវប្បធម៌ជាតិ រួមនឹងប្រាសាទយ៉ាងល្អឯកគួរជាទីទាក់ទាញភ្ញៀវទេសចរ។ លោកជ័យ ហ៊ីមបន្តថា៖«មជ្ឈមណ្ឌលមិនត្រឹមតែជាទីតម្កល់ និងបង្ហាញពីវប្បធម៌របស់ខ្មែរប៉ុណ្ណោះទេ តែក៏ជាទីតាំងទេសចរណ៍មួយបន្ថែមទៀត ក្រៅពីតំបន់ទេសចរណ៍ដែលមានស្រាប់។ ខ្ញុំសប្បាយចិត្តណាស់ដែលមានមជ្ឈមណ្ឌលនេះឡើង»។
លោករៀបរាប់ថា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ មានតំបន់ទេសភាពដូចជាព្រៃស្រល់ដ៏ស្កឹមស្កៃដែលមានទំហំប្រហែលជាង ៣ ម៉ឺនហិកតា មានតំបន់ទឹកធ្លាក់មានរមណីយដ្ឋានថ្មលយដែលមើលពីលើទៅក៏ឃើញទេសភាពភូមិករបស់អ្នកស្រុកផងដែរ។ ក្រៅពីនោះមានទីតាំងទស្សនាហៅថា តំបន់ឃ្លាំងប្រាក់ និងព្រះរាជដំណាក់របស់ព្រះមហាក្សត្រកម្ពុជា កាលពីសម័យដើម។
លោកស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សំណង់មជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាសង់មិនទាន់រួចរាល់ទេ ព្រោះធំណាស់ ប៉ុន្តែសមិទ្ធផលបានកើតឡើងជាបណ្តើរៗហើយ។ ម្យ៉ាងវិញទៀត រាល់សំណង់នីមួយៗ ត្រូវការសាងសង់ដោយភាពហ្មត់ចត់បំផុត ហើយនៅក្នុងបរិវេណមជ្ឈមណ្ឌលមានដាំកូនឈើរាប់ម៉ឺនដើម។
លោកឱ្យដឹងថា៖«មជ្ឈមណ្ឌលនេះ ជាសមិទ្ធផលមួយយ៉ាងធំធេង និងក្លាយជាតំបន់ទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនាតែម្តង ព្រោះមជ្ឈមណ្ឌលនោះធំណាស់»៕