ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពដោយមិនមានការរើសអើង និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ។
ការអំពាវនាវនេះធ្វើឡើងតាមរយៈព្រះរាជសារនាឱកាស «ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១» នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣។
ជាមួយគ្នានេះព្រះមហាក្សត្រ បានសម្តែងព្រះទ័យស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ សំដៅបង្កើតមូលនិធិជាតិជំនួយសង្គមបង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយតម្លាភាព សមធម៌និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាពឱ្យមានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពី ១ ថ្ងៃទៅ ១ ថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះដែរព្រះករុណាបានផ្តាំផ្ញើដល់ ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាពដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅសម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។
ជាមួយគ្នានេះព្រះករុណាបានអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិនិងការចូលរួមរបស់ជនមានពិការភាដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា។
ព្រះអង្គមានព្រះបន្ទូលថា៖ «ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់ រាប់អានដែលប្រការនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ»។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការនិងភរិយានឹងចូលរួម ប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី ២៥ និងអន្តរជាតិលើកទី ៤១ ដែលនឹងធ្វើនៅសាលមហោស្រពកោះពេជ្រ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣។ យោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យដឹងកាលពីសប្តាហ៍មុនថា នេះជាកម្មវិធីលើកទី១ ដែលលោក ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ខណៈអាណត្តិកន្លងទៅលោកហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីនិងភរិយា តែងបានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយជនមានពិការភាពមកពីតាមរាជធានី-ខេត្ត។
នៅក្នុងសារលិខិតរបស់លោក ហ៊ុន ម៉ាណែត នាឱកាសទិវា ជនមានពិការភាពកម្ពុជា ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះ ជាមួយប្រជាជាតិទូទាំងពិភពលោកជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មោះមុត និងយកចិត្តទុកដាក់ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ឆ្នាំ ២០២៣ នេះកម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅជំរុញឱ្យមានការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែមានការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍»។
តាងនាមរាជរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងកាត់បន្ថយហានិភ័យសេដ្ឋកិច្ចនិងធានាដល់សន្តិសុខប្រាក់ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព។
ទាក់ទងនឹងការរៀបចំទិវានេះដែរ យោងតាមសារាចររបស់លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៣ ពាន់លាននាក់នៃប្រជាជនសរុបនៅក្នុងពិភពលោក។
លោក ហ៊ុន ម៉ាណែត ឱ្យដឹងថា៖ «ដោយឡែកកម្ពុជាប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំឭកពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា»។
លោកថា មរតកនៃសង្គ្រាម ក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃប្រទេសជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។
ទន្ទឹមនឹងនេះដែរលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្តដើម្បីធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីនព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពនិងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកថ្លែងថា៖ «ក្នុងការរំឭកទិវាជនពិការអន្តរជាតិ យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១,៣ ពាន់លាននាក់ រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេប៉ុន្តែថែមទាំងអបអរសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលពួកគេ បានធ្វើចំពោះសហគមន៍ពិភពលោកចម្រុះរបស់យើង»។
លោកបន្តថា ភាពរឹងមាំ និងភាពធន់របស់ពួកគេ ជាពិសេសនៅពេលប្រឈមមុខនឹងគ្រោះអាសន្ននិងវិបត្តិមនុស្សធម៌សមនឹងទទួលបានការកោតសរសើរ និងទទួលស្គាល់។
ជាមួយគ្នានេះ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការថ្លែងថា ថ្នាក់ដឹកនាំប្រទេសតែងតែយកចិត្ដទុកដាក់ចំពោះជនមានពិការភាពដែលទាំងនេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេសការផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមដែលមានសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។
«យើងពិការតែកាយតែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯងនិងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព»៕