ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ដោយស្នើឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិអន្តរជាតិរួមនឹងឪពុកម្តាយចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំ ជាពិសេសត្រូវអប់រំណែនាំកូនឱ្យមានគុណធម៌ និងសីលធម៌ល្អក្នុងការរស់នៅ។ លោកបានលើកឡើងដូចនេះកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នាវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្នើស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា រួមទាំងលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់នៅទូទាំងប្រទេសសូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លាដល់ការជួយអប់រំកូនចៅរបស់ខ្លួនឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ ដឹងគុណគ្រូជាដើម»។
លោករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថា សម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
លោកបន្តថា៖ «ក្រសួងក៏នឹងបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ដោយប្រើប្រាស់ស្តង់ដា និងសូចនាករដែល
បានរៀបចំក្នុងគោលដៅផ្តល់ការគាំទ្រ និងការចុះជួយនៅតាមសាលារៀនគោលដៅដែលមិនសម្រេចបានតាម ស្តង់ដា និងរៀបចំផ្តល់ការលើកទឹកចិត្តចំពោះសាលារៀនដែលសម្រេចបានតាមស្តង់ដា»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានប្តេជ្ញាដែរថា ក្រសួងនឹងអនុវត្តគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យបានជោគជ័យដោយធ្វើយ៉ាងណាក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ ត្រូវប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ចំនួនពី ៥០០ ទៅ ១ ពាន់សាលាឱ្យក្លាយជាសាលារៀន គំរូដោយចាប់ផ្តើមពីការរៀបចំសាលារៀនគំរូ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំនាខែមេសា ឆ្នាំ ២០២៤ ខាងមុខ ឱ្យបានពី ៥០ ទៅ ១០០ សាលា។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ មានសាលាមត្តេយ្យសិក្សាសាធារណៈសរុប ៤ ៦៥១ និងសិស្សមត្តេយ្យសិក្សាសាធារណៈសរុប ២៣៩ ៤១៨ នាក់ (ស្រី ១២៧ ៤៩៣ នាក់)។ សាលាបឋមសិក្សាសរុប ៧៣៤៨ សាលា និងសិស្សចំនួន ២ ០៧៣ ៤៥១ នាក់ (ស្រី ១ ២២២ ២៧១ នាក់)។ ចំណែកអនុវិទ្យាល័យមានចំនួន ១ ២៤៤ សាលា និងសិស្សសរុបចំនួន ៥១២ ៣៩៦ នាក់ (ស្រី ២៥៧ ៧៦១នាក់) និងវិទ្យាល័យចំនួន ៥៧៥ សាលា និងសិស្សសរុបចំនួន ៤៧៥ ១៦៨ នាក់ (ស្រី ២៧០ ៥១៩ នាក់)។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា ថ្លែងថា ដើម្បីឱ្យដំណើរការនៃការអប់រំរបស់ប្រទេសមួយទទួលបានជោគជ័យ និងមានផ្លែផ្កា លុះត្រាតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធនៅក្នុងប្រទេសនោះ។ ដូច្នេះការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងអបរំ ឱ្យមាតាបិតា អាណាព្យាបាល និងសហគមន៍ ចូលរួមលើកកម្ពស់វិស័យអប់រំ គឺជារឿងត្រឹមត្រូវ និងចាំបាច់បំផុត។
លោកថ្លែងថា៖ «ប្រសាសន៍របស់រដ្ឋមន្ត្រីអប់រំគឺជាប្រសាសន៍ដ៏ថ្លៃថ្លា ពីព្រោះថា ក្រសួងអប់រំ សាលារៀន និងលោកគ្រូ-អ្នកគ្រូ មិនអាចធ្វើទៅតែឯងបានទេ។ អ៊ីចឹង មានតែសិស្សខ្លួនឯង និងសហគមន៍ មាតាបិតា និងអាណាព្យាបាល ឱ្យតម្លៃលើការអប់រំហ្នឹងផង»។
បើតាម លោក សំនៀង អាណាព្យាបាល ឪពុកម្តាយ ត្រូវតែចំណាយពេលចូលរួមរាល់សកម្មភាពរបស់សាលា ដូចជាការតាមដានការសិក្សារបស់កូន ដែលសាលាដាក់ឱ្យធ្វើជាដើម ដើម្បីឱ្យដឹងពីការរៀនសូត្ររបស់កូន ប៉ុន្តែភាគច្រើនពួកគាត់មិនសូវជាយកចិត្តទុកដាក់ទេ គិតតែពីការរកស៊ី និងធ្វើការប៉ុណ្ណោះ ហើយពឹងផ្អែកទាំងស្រុង តែទៅលើតែសាលារៀន លោកគ្រូ-អ្នកគ្រូ គឺមិនអាចឱ្យវិស័យអប់រំមានការរីកចម្រើនបានទេ៕