វាជាការពិតដ៏ក្រៀមក្រំដែលជនក្រីក្រ និងងាយរងគ្រោះបំផុតនៅក្នុងសង្គម ទទួលរងឥទ្ធិពលអាក្រក់ពីវិបត្តិសកលនានា។ ជាប្រវត្តិសាស្ត្រ ជនមានពិការភាពតែងស្ថិតនៅក្នុងចំណោមប្រជាជន ដែលមិនសូវទទួលបានការយកចិត្តទុកដាក់ មិនទទួលបានការគាំទ្រ និងងាយរងគ្រោះបំផុត ហើយពួកគេរមែងតែងត្រូវបានគេទុកចោលក្រោយគេបំផុត។ ជាពិសេស កុមារ និងស្ត្រីមានពិការភាពស្ថិតនៅក្នុងចំណោមប្រជាជនដែលរងឥទ្ធិពលជ្រាលជ្រៅបំផុតពីវិបត្តិមនុស្សធម៌បង្កដោយជម្លោះ និងគ្រោះមហន្តរាយអាកាសធាតុដែលកំពុងកើនឡើងនៅទូទាំងពិភពលោក។
ដោយសារយើងកំពុងឈានទៅរកចំណុចកណ្ដាលនៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និន្នាការដ៏គួរឱ្យព្រួយបារម្ភបានបង្ហាញថា ពិភពលោកកំពុងឈានទៅរកការមិនសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) មួយចំនួន។ គោលដៅ SDGs ដែលជាគោលដៅសកលត្រូវអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ បានដាក់ចេញសកម្មភាពសកលដើម្បីបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងធានាថានៅត្រឹមឆ្នាំ ២០៣០ ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានសន្តិភាព និងវិបុលភាព មិនថាពួកគេជានរណា និងនៅកន្លែងណាទ្បើយ។
ប្រទេសជាច្រើន បាននិងកំពុងប្តេជ្ញាចិត្តផ្តល់អាទិភាពគាំទ្រដល់ប្រជាជនដែលកំពុងមិនសូវទទួលបានការគាំទ្រ ជាពិសេសគឺជនមានពិការភាព។ វឌ្ឍនភាពត្រូវបានសម្រេចលទ្ធផលល្អ ប៉ុន្តែក្នុងករណីខ្លះ បានធ្លាក់ចុះនៅក្រោយចំណុចចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ទៅវិញ។ បញ្ហានេះបង្កឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់ភពផែនដី និងប្រជាជន។ ស្ថានភាពនេះកាន់តែអាក្រក់ជាងមុន ដោយសារឥទ្ធិពលពីជំងឺរាតត្បាតកូវីដ ១៩។
ដើម្បីអបអរសាទរទិវាជនមានពិការភាពអន្តរជាតិនៅឆ្នាំ ២០២៣ នេះយើងត្រូវរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឱ្យបានគោលដៅ SDGs សម្រាប់ជនមានពិការភាព។ ដូចការបង្ហាញនៅក្នុងរបាយការណ៍ស្ដីពីពិការភាព និងអភិវឌ្ឍន៍ឆ្នាំ ២០២៣ របស់អង្គការសហប្រជាជាតិ យើងដឹងថា ពិភពលោកកំពុងងាកកាន់តែឆ្ងាយពីការសម្រេចបាន SDGs មួយចំនួនសម្រាប់ជនមានពិការភាព។
ជនមានពិការភាពជួបប្រទះនឹងឧបសគ្គដោយឡែក ជាពិសេសនៅក្នុងការទទួលបានសេវាសុខភាព អប់រំ ព័ត៌មាន និងសេវាសង្គមហើយការរើសអើងបង្កភាពរាំងស្ទះដល់លទ្ធភាពរបស់ពួកគេក្នុងការចូលរួមពេញលេញនៅក្នុងសង្គម។ ឧបសគ្គទាំងនេះរួមមាន ឧបសគ្គផ្នែកហិរញ្ញវត្ថុ ទីតាំងភូមិសាស្ត្រ គុណភាពនៃការថែទាំ បញ្ហាខ្វះចំណេះដឹងអំពីសេវាសង្គមកិច្ច និងសិទ្ធិ។
ភាពក្រីក្រធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរអត្រាភាពក្រីក្រចំពោះគ្រួសារដែលមានសមាជិកមានពិការភាព គឺ ១៨ ភាគរយធៀបនឹង ១៣,៦ ភាគរយនៃគ្រួសារដែលគ្មានសមាជិកមានពិការភាព (ការអង្កេតសង្គមសេដ្ឋកិច្ចកម្ពុជា (២០០៩-២០១៤)។ ចំនួននេះកើនឡើងកាន់តែខ្ពស់រហូតដល់ ៣៤ ភាគរយនៅពេលពិចារណាទៅលើបន្ទុកចំណាយលើពិការភាពដែលធ្លាក់ទៅលើគ្រួសារ។ គ្រួសារមានចំណូលទាបជាច្រើនអាចពិបាកក្នុងការចំណាយលើកិច្ចគាំទ្រ ឬសេវាពាក់ព័ន្ធនឹងពិការភាពសម្រាប់កុមារដែលធ្វើឱ្យពួកគេជ្រើសរើសយកជម្រើសដែលមិនស្មានដល់ដោយបោះបង់កុមារចោល ឬដាក់ពួកគេនៅក្នុងមណ្ឌលថែទាំកុមារ។
វឌ្ឍនភាពត្រូវបានសម្រេចបានកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញសេចក្ដីប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិរបស់ជនមានពិការភាព រួមមាន ការផ្ដល់សច្ចាប័នអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព នៅឆ្នាំ ២០១២ ព្រមទាំងតាមរយៈច្បាប់ជាតិពាក់ព័ន្ធនឹងពិការភាព និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព២០១៩-២០២៣ (NDSP II) ដែលផ្ដល់មូលដ្ឋានមួយសម្រាប់ការមានចំណាត់ការ។ ថ្វីបើមានសេចក្ដីប្ដេជ្ញាចិត្តនេះក្ដី បញ្ហាប្រឈមនៅតែមានក្នុងការអនុវត្តពេញលេញនូវគោលនយោបាយ និងផែនការ រួមមាន ធនធានហិរញ្ញវត្ថុនៅមានកម្រិតសម្រាប់អនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដែលតម្រូវសម្រាប់សង្គមប្រកបដោយបរិយាបន្ន។
អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយស្តីពីកិច្ចការពារសិទ្ធិជនមានពិការភាពដោយផ្ដល់យោបល់ស្ដីពីការសម្របច្បាប់នេះទៅតាមអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព (CRPD)។ ជាមួយការគាំទ្រពី UNDP រាជរដ្ឋាភិបាលបានអនុវត្តផែនការ NDSP II និងបានបង្កើតផែនការ NDSP ថ្មីសម្រាប់ឆ្នាំ ២០២៤-២០២៨ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាពនៅកម្ពុជា។ ការគាំទ្រនេះបានចូលរួមចំណែកពង្រឹងក្របខ័ណ្ឌច្បាប់លើកកម្ពស់ចំណេះដឹងនៃ CRPD និងកសាងសមត្ថភាពស្ថាប័នទាក់ទងនឹងជនមានពិការភាព។
UNICEF និង UNDP បានគាំទ្រក្នុងការបង្កើតយន្តការកំណត់ពិការភាព និងប្រព័ន្ធព័ត៌មានគ្រប់គ្រងពិការភាព ដែលត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការបង្កើតមូលដ្ឋានទិន្នន័យជាតិសម្រាប់ជនមានពិការភាព។ មានប្រជាជនចំនួន ២៥០ ០០០ នាក់ដែលបានចុះបញ្ជី រួមទាំងកុមារផងដែរ នៅពេលនេះប្រជាជនងាយរងគ្រោះបំផុតកាន់តែច្រើននៅក្នុងប្រទេសនេះនឹងអាចទទួលបានកម្មវិធីកិច្ចគាំពារសង្គមដ៏ចាំបាច់ដើម្បីគាំទ្រដល់សុខភាព និងជីវភាពរបស់ពួកគេដោយផ្ដល់ដល់ពួកគេនូវឱកាសក្នុងការដឹកនាំជីវិតដ៏ពេញលេញ។ ក្នុងឆ្នាំ ២០២២ មានជនមានពិការភាពចំនួន ៥ ម៉ឺននាក់ (៥១ ភាគរយជាស្ត្រី) បានទទួលសេវាគាំទ្រសាធារណៈ និងកិច្ចគាំពារសង្គម។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅកម្ពុជាកំពុងគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តប្រកបដោយបរិយាបន្នដែលស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។ វាជាការគាំទ្រដល់ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើនចំណេះដឹង និងជំនាញបច្ចេកទេសនៅក្នុងវិស័យ “សិទ្ធិទទួលបានយុត្តិធម៌”។ លើសពីនេះ OHCHR កំពុងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនចំណេះដឹងសាធារណៈអំពីភាពថ្លៃថ្នូរ និងសិទ្ធិនៃជនមានពិការភាព ដោយផ្សព្វផ្សាយអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងមានការបំផុសទឹកចិត្ត អំពីជនមានពិការភាពមកពីគ្រប់មជ្ឈដ្ឋានផងដែរ។
ជាមួយការគាំទ្ររបស់ UNESCO ស្ថាប័នពាក់ព័ន្ធនឹងជនមានពិការភាព ត្រូវបានផ្តល់ចំណេះដឹងអំពីបច្ចេកវិទ្យាជីឌីថលដើម្បីបង្កើនសមត្ថភាពទទួលព័ត៌មានតាមរយៈបច្ចេកវិទ្យា និងជំនួយបច្ចេកទេស ដែលផ្តល់ជូនសម្រាប់ពង្រឹងច្បាប់ដើម្បីជនមានពិការភាពទទួលបានព័ត៌មានគ្រប់គ្រាន់។ នេះជាកត្តាសំខាន់សម្រាប់ការចូលរួមសកម្មរបស់ជនមានពិការភាពក្នុងកិច្ចពិភាក្សាសាធារណៈ និងក្នុងដំណើរការបង្កើតគោលនយោបាយនានា។
អង្គការសហប្រជាជាតិនៅតែរក្សាការពារសិទ្ធិរបស់ជនមានពិការភាពគ្រប់រូប រួមទាំងស្ត្រី និងកុមារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័ននៃជនមានពិការភាព និងសហគមន៍ផងដែរ។
ការងារយើងត្រូវធ្វើបន្ថែមទៀតជនមានពិការភាពត្រូវមានឱកាសស្មើគ្នា និងទទួលបានគ្រប់សេវាទាំងអស់ ទោះជាពួកគេរស់នៅទីកន្លែងណាក៏ដោយ។ គ្រួសារត្រូវទទួលបានការគាំទ្រក្នុងការថែទាំកុមារមានពិការភាព។ ជនមានពិការភាពគ្រប់រូបត្រូវទទួលបានឱកាសរៀនសូត្រពេញ ១ ជីវិត។
កុមារមានពិការភាពគ្រប់រូបត្រូវទទួលបានឱកាសដើម្បីទទួលបានការអប់រំបែបបរិយាបន្នប្រកបដោយគុណភាព។ សំឡេងរបស់ជនមានពិការភាពទាំងអស់ត្រូវតែទទួលបានការស្ដាប់ឮ និងការគោរព។
តម្រូវការរបស់ពួកគេត្រូវតែទទួលបានកិច្ចគាំទ្រនៅចំពោះមុខកំណើនជម្លោះ និងវិបត្តិអាកាសធាតុ យើងអំពាវនាវឱ្យរាជរដ្ឋាភិបាល សង្គមស៊ីវិល សាធារណជន និងដៃគូវិស័យឯកជនបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការសង្គ្រោះ និងសម្រេចបាន SDGs នៅកម្ពុជាសម្រាប់ជនមានពិការភាព ជាមួយពួកគេ និងដោយពួកគេផ្ទាល់ ជាពិសេស កុមារ។ យើងត្រូវចាត់អាទិភាពលើវិធានការដូចតទៅ៖ លុបបំបាត់ការមាក់ងាយ និងការរើសអើង ដែលរារាំងជនមានពិការភាពពីការចូលរួមពេញលេញនៅក្នុងសង្គម។ បង្កើន និងផ្ដល់ភាពអង់អាចចំពោះសំឡេងរបស់ពួកគេ និងរួមបញ្ចូលពួកគេនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត។
● ធានានូវលទ្ធភាពស្មើគ្នាពេញ ១ ជីវិតក្នុងការទទួលបានការអប់រំគ្រប់កម្រិត និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការបញ្ចូលសម្ភាររៀនសូត្រនិងកម្មវិធីសិក្សាប្រកបដោយបរិយាបន្ន ដោយរក្សាបាននូវបច្ចេកវិទ្យាជំនួយ ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងបុគ្គលិករដ្ឋបាល ព្រមទាំងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ លម្ហលេងកម្សាន្ត បរិក្ខារអនាម័យ និងការដឹកជញ្ជូន។
● ពង្រឹងលទ្ធភាពក្នុងការទទួលបានសេវាថែទាំ និងសេវាគាំទ្រគ្រប់ជ្រុងជ្រោយនៅតាមសហគមន៍ រួមទាំងតាមរយៈវិធានការកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នពិការភាព និងវិធានការប្រកបដោយបរិយាបន្នពិការភាពនៅក្នុងស្ថានភាពហានិភ័យផ្នែកអាកាសធាតុនៅទូទាំងវិស័យមនុស្សធម៌ និងអភិវឌ្ឍន៍។
● ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការមាន និងការប្រើប្រាស់ទិន្នន័យ សេវា កម្មវិធី និងវេទិកាសម្របសម្រួលប្រកបដោយបរិយាបន្នពិការភាព រួមទាំងសម្រាប់សុខភាពផ្លូវចិត្ត និងកិច្ចគាំទ្រចិត្តសង្គម។
● ធានាការចូលរួមពេញលេញ និងប្រកបដោយអត្ថន័យរបស់កុមារ និងយុវវ័យមានពិការភាព។ យុវជនមានពិការភាពត្រូវតែទទួលបានលម្ហសុវត្ថិភាពមួយដើម្បីបង្ហាញគំនិតបញ្ហាប្រឈម និងដំណោះស្រាយរបស់ពួកគេស្របពេលដែលក៏ទទួលបានឧបករណ៍អប់រំដែលចាំបាច់ដើម្បីរួមចំណែកចំពោះកិច្ចពិភាក្សាបែបនេះ។
តាមរយៈការរួបរួមគ្នានៅក្នុងការចាត់វិធានការ ការធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍ជនមានពិការភាព និងកុមារមានពិការភាពព្រមទាំងតាមរយៈការស្ដាប់សំឡេងតម្រូវការនិងអាទិភាពរបស់ពួកគេនៅក្នុងគ្រប់ពិពិធភាពរបស់ពួកគេ យើងអាចតំណាងឱ្យស្មារតីនៃការមិនទុកនរណាម្នាក់ចោលយ៉ាងពិតប្រាកដ ហើយតាមរយៈកិច្ចគាំទ្រដល់តម្រូវការរបស់ជនងាយរងគ្រោះបំផុតនៅក្នុងសង្គមយើងធ្វើការងារឆ្ពោះទៅរកអនាគតកាន់តែស្រស់បំព្រងសម្រាប់មនុស្សគ្រប់រូប។ យើងមិនត្រូវទុកនរណាម្នាក់ចោលឡើយ៕
ដោយស្ថាប័នអង្គការសហប្រជាជាតិ OHCHR, UNDP, UNESCO, UNICEF នៅកម្ពុជា