ក្រសួងសុខាភិបាល បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ ករណី បន្ថែមទៀត ដែលលទ្ធផលនេះបង្ហាញថា ប្រភេទវី រុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។
 
យោងតាមលទ្ធផលវិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យាស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរ​ឱ្យ​កត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣។ 
 
ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា៖«ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ micron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ថាប្រភេទវីរុសបំប្លែងថ្មីនេះកំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។
 
ក្រសួងសុខាភិបាល ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងថា តាមចំណាត់ថ្នាក់របស់ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែលជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។ 

យ៉ាងណាមិញ ក្រសួងសុខាភិបាល អំពាវនាវក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការនូវការចម្លងវីរុស​កូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ដោយត្រូវអនុវត្តនូវវិធានការបង្ការមួយចំនួន។
 
ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លងគឺពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩។
 
ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប។ 

គួរជម្រាបថា ក្រសួងសុខាភិបាល ទើបតែបានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានរកឃើញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕