តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាជាជំនួយមនុស្សធម៌ វ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលកន្លងមក។
 
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលា រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ 
 
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២៨ ខែធ្នូ បានឱ្យដឹងថា នាជំនួបនោះ ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ 

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកអគ្គរដ្ឋទូត ក៏បានកោតសរសើរ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស​កម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក៏ដូចជាដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខ។ 
 
តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាជាជំនួយមនុស្សធម៌ វ៉ាក់សាំង សម្ភារបរិក្ខារពេទ្យជាច្រើនសន្ធឹកសន្ធាប់ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលកន្លងមក។ បន្ថែមពីនេះលោកបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
 
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖«ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់សម្រាប់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងនាមជាមិត្តជិតស្និទ្ធ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
 
គួររំឭកថា បើទោះបីជាកម្ពុជាខិតខំដោះស្រាយជំងឺកូវីដ១៩ ដែលបានរីករាលដាលនៅក្នុងប្រទេសកាលពីពេលកន្លងទៅក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំដោយ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដល់អំណោយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារវេជ្ជសាស្ដ្រ ជូនដល់បណ្ដា​ប្រទេសជិតខាងរួមមាន មីយ៉ាន់ម៉ា ទីម័រខាងកើត នេប៉ាល់ វៀតណាម និងឡាវ ជាដើម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕