រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានថ្លែងឱ្យដឹងថា តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ អស់រយៈពេល ២៥ ឆ្នាំមកនេះ កម្ពុជាបានសម្រេចជោគជ័យ ក្នុងការលុបបំបាត់ជំងឺ ដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ដែលត្រូវបានទទួលស្គាល់ពី អង្គការសុខភាពពិភពលោក ដែលជោគជ័យនេះ រួមចំណែកដល់ការធ្វើសមាហរណកម្មផ្តល់សេវាសុខភាពឆ្ពោះទៅលុបបំបាត់ជំងឺចម្បងៗផ្សេងទៀត។
ការលើកឡើងរបស់លោក ឈាង រ៉ា បានធ្វើឡើងអំឡុងពេលអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ កាលពីទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះ ឈ្នះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
នៅក្នុងឱកាសអបអរសាទរខួប ២៥ ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ របស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រសួងសុខាភិបាល បានរៀបចំស្តង់តាំងពិព័រណ៍បង្ហាញពីសមិទ្ធផល និងស្នាដៃការងារសំខាន់ៗដែលក្រសួងបានសម្រេចនៅក្នុងរយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។
លោក ឈាង រ៉ា មានប្រសាសន៍ថា៖«ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឺងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមក ធ្វើឱ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ១៩ និងបានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន»។
លោកបន្តទៀតថា ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការពង្រីកការគាំពារសុខភាពសង្គម ព្រមទាំងភាពប្រសើរឡើងនៃកត្តាសង្គម បានបង្កើនអាយុកាលរស់រំពឹងទុករបស់ប្រជាជនកម្ពុជា ទាំងពីរភេទ ពី ៦២ ឆ្នាំ នៅឆ្នាំ២០០៨ ដល់ ៧៦ ឆ្នាំ នៅឆ្នាំ២០២១/២០២២ និងបានលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
លោកបញ្ជាក់ទៀតថា៖«កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ហើយដែលត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មានជាអាទិ៍ ជំងឺគ្រុនស្វិតដៃជើង នៅឆ្នាំ២០០០ ជំងឺតេតាណូសលើមាតានិងទារក និងជំងឺកញ្រ្ជឹល នៅឆ្នាំ២០១៥ ជំងឺជើងដំរី (lymphatic filariasis) នៅឆ្នាំ២០១៦ ជំងឺត្រអកភ្នែក (Trachoma) និងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B លើកុមារអាយុក្រោម ៥ ឆ្នាំ»។
លោករដ្ឋមន្រ្តីបានថ្លែងថា ជោគជ័យនេះ រួមជាមួយភាពរឹងមាំនៃអន្តរាគមន៍កម្មវិធីសុខភាព និងការធ្វើសមាហរណកម្ម ការផ្តល់សេវាសុខភាពបានរក្សាសម្ទុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺឆ្លងចម្បងៗផ្សេងទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ដូចជាលុបបំបាត់ជំងឺគ្រុនចាញ់ និងការចម្លងមេរោគអេដស៍ និងមេរោគជំងឺស្វាយពីម្តាយទៅកូនជាដើម។
បើតាមក្រសួងសុខាភិបាល ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌បានចាប់ផ្តើមនៅឆ្នាំ២០០០ និងបានពង្រីកជាបន្តបន្ទាប់រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ២០១៥។
ដោយឡែកបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស-សុខភាព) បានចាប់ផ្តើមសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន នៅឆ្នាំ២០១៦ និងបានពង្រីកដល់មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៨។ ថ្មីៗនេះ កម្មវិធីមូលនិធិសមធម៌ ក៏បានពង្រីកការគ្របដណ្តប់លើប្រជាជនងាយរងហានិភ័យ ដែលមានប្រមាណ ១,៨ លានាក់៕