ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើម​ឱ្យមានការរៀបចំ​យុទ្ធនាការប្រឡងប្រណាំង«សហគ្រាសមួយ​ជាសហគមន៍​សុខសាន្តមួយ» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួម​លើកកម្ពស់​សុខដុមនីយកម្ម​ក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅតាម​រោងចក្រសហគ្រាស។

នេះបើយោងតាម​ប្រកាសស្តីពី​កំណត់​លក្ខណវិនិច្ឆ័យ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ចុះហត្ថលេខា​ដោយរដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣។
 
លោក ហេង សួរ បានលើកឡើងថា៖«ប្រកាសនេះ​មានគោលបំណង​ចូលរួមលើកកម្ពស់សុខដុមនីយកម្ម​ក្នុងទំនាក់ទំនង​វិជ្ជាជីវៈ សំដៅបង្កើត​នូវវប្បធម៌​អនុលោមភាព​តាមច្បាប់ ពង្រឹងប្រសិទ្ធភាព​នៃយន្តការដោះស្រាយ​វិវាទការងារក្រៅ​ប្រព័ន្ធតុលាការ ពង្រឹងការអនុវត្ត​របបសន្តិសុខសង្គម និងបង្កើន​ផលិតភាព​ការងារ តាមរយៈការរៀបចំ​យុទ្ធនាការ​ប្រឡងប្រណាំង សហគ្រាសមួយ​ជាសហគមន៍​សុខសាន្តមួយ នៅទូទាំងប្រទេស»។

ប្រកាសនេះ​បញ្ជាក់ថា ការប្រឡងប្រណាំង​ដើម្បី​ទទួលបាន​ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍​សុខសាន្តមួយត្រូវ» ត្រូវអនុវត្ត​ជារៀងរាល់ឆ្នាំ ចំពោះសហគ្រាស​ផ្នែកវាយន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ​និងកាបូប និង​សហគ្រាសផ្នែក​ផ្សេងទៀត ដែលស្ម័គ្រចិត្ត​ចូលរួម ស្របតា​មសេចក្តីជូនដំណឹង​របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សម្រាប់លក្ខណ​វិនិច្ឆ័យ​ក្នុងការទទួលបាន​ពានរង្វាន់នេះ ត្រូវបានកំណត់​នូវលក្ខខណ្ឌមួយចំនួន​រួមមាន លក្ខខណ្ឌ​ការងារល្អ សំដៅដល់​សហគ្រាសដែល​ទទួលបានវិញ្ញាបនបត្របញ្ជាក់​​អនុលោមភាព លក្ខខណ្ឌការងារ​ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមិន​មានការប្រើប្រាស់​ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ។ ​

មានទំនាក់ទំនង​វិជ្ជាជីវៈល្អ សំដៅ​ដល់សហគ្រាស ដែលមានយន្តការ​ដោះស្រាយវិវាទ​ការ​ងារ​​នៅថ្នាក់​សហគ្រាស និងមានយន្តការ​កិច្ចសន្ទនា​សង្គម។ មានសុវត្ថិភាព​និងសុខភាព​​ការងារ សំដៅដល់​សហគ្រាស ដែលមិនមាន​គ្រោះថ្នាក់​ការងារ និង មានស្នាដៃ​ក្នុងការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​និងគ្រឿងញៀន​នៅកន្លែងការងារ។  

មានអនុលោមភាព​របបសន្តិសុខសង្គម សំដៅដល់​សហគ្រាស ដែលអនុវត្តល្អ​នូវកាតព្វ​កិច្ចស្របតាម​ច្បាប់ស្តីពី​របបសន្តិសុខសង្គម។ មានគោលការណ៍​ជំរុញការប្រើប្រាស់​កម្មករនិយោជិត​មានពិការភាព សំដៅដល់​សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិ​ការ​ភាពលើសពី ៣ ភាគរយ នៃចំនួន​កម្មករនិយោជិតសរុប។ 

មានកម្មវិធីលើកកម្ពស់​ផលិតភាពការងារ សំដៅដល់​សហគ្រាស ដែលអនុវត្ត​កម្មវិធីបណ្តុះបណ្តាល ជំនាញនិងលើកកម្ពស់​សមត្ថភាព​របស់កម្មករ​និយោជិត និងមានកម្មវិធីទទួលខុសត្រូវ​សង្គម សំដៅដល់​សហគ្រាស ដែលចូលរួមគាំទ្រ​ក្នុងដំណើរការ​ទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធី​ការងារបៃតង និងលើកទឹកចិត្ត​មិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង ចូលរួមការងារ​សង្គមផ្សេងៗ។

ចំពោះការវាយតម្លៃ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទនិងនីតិវិធី ដែលកំណត់ដោយ​សេចក្តី​សម្រេច​របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។ 
 
ប្រកាសដដែលេនេះ​បញ្ជាក់ថា សហគ្រាស​ដែលទទួលបានជយលាភី ​ក្នុងការប្រឡងប្រណាំងនេះ ត្រូវទទួលបាន​ការលើកទឹកចិត្ត​ដូចជា ទទួលបាន​ពានរង្វាន់ សហគ្រាសមួយជា​សហគមន៍​សុខសាន្តមួយ ដែលមាន ៣ កម្រិត,វិញ្ញាបនបត្រ សហគ្រាសមួ​យជាសហ​គមន៍​សុខសាន្តមួយ និង ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ ដែលទទួលបាន។
 
ការផ្តួចផ្តើមនេះ ធ្វើឡើងតាមការណែនាំ​របស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានផ្តល់​អនុសាសន៍ ១០ ចំណុច ដោយ​ក្នុងនោះ មានកិច្ចការអាទិភាព​ចំនួន ៦ ចំណុច។ 

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលលោក ប៉ែន បូណា នៅថ្ងៃទី៣០ ខែធ្នូ បានឱ្យដឹង​ថា៖«កិច្ចការអាទិភាពក្នុង​វិស័យការងា​រចំនួន ៥ចំណុច បានប្រកាស​ឱ្យអនុវត្ត​កន្លងមករួច​មកហើយ រីឯអនុសាសន៍ទី៦ ទាក់ទងនឹងការរៀបចំ​បង្កើតឱ្យ​មានកម្មវិធី​ប្រកួតប្រជែង​លើប្រធានបទ ភាពសុខដុមរមនា​នៅកន្លែងធ្វើការ ដើម្បី​ប្រែក្លាយ (សហគ្រាសមួយ​ជា​សហគមន៍​​សុខសាន្តមួយ) ត្រូវបានយក​ចិត្តទុកដាក់ និងបដិសន្ធិឡើង​ជាស្ថាពរ»៕