លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ជាពិសេសសម្រាប់បណ្តានិស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេស ដែលលោកជឿជាក់ថា ធនធានមនុស្សកម្ពុជាតែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម ក្នុងការចូលរួមបន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។
ការបង្ហាញសុទិដ្ឋនិយមខ្ពស់របស់លោក ហ៊ុន ម៉ានី ដូច្នេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាល ពីសំណាក់ក្រុមប្រតិភូនិស្សិតខ្មែរដែលជាជយលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំ២០២៤ ចំនួន ៣២ នាក់ ក្នុងនោះមានស្រី ១៩ នាក់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងមុខងារសាធារណៈ។ នេះបើយោងតាមខ្លឹមសារប្រកាសពីក្រសួងមុខងារសាធារណៈ។
នៅក្នុងជំនួបសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានឆ្លៀតផ្តាំផ្ញើការសួរសុខទុក្ខ និងការសាទរពីប្រមុខរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដល់ក្រុមនិស្សិតដែលទទួលបានឱកាសទៅសិក្សានៅនូវែលសេឡង់នេះ។ លោកក៏បញ្ជាក់ប្រាប់ក្រុមនិស្សិតអំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលយកការលើកកម្ពស់ធនធានមនុស្ស ជាអាទិភាព និងជាមុំស្នូលនៃយុទ្ធសាស្ត្រ។
លោកបានសង្កត់ធ្ងន់ដល់ប្រតិភូនិស្សិតអំពីសារៈសំខាន់នៃមូលដ្ឋានចំណេះដឹងដូច្នេះថា៖«មូលដ្ឋាននៃចំណេះដឹង គឺជាកត្តាសំខាន់ តែការចេះប្រើប្រាស់ចំណេះដឹងឱ្យត្រូវនឹងបរិបទ ចំគោលដៅ ស្របជាមួយនឹងមធ្យោបាយដែលមានក្នុងដៃរឹតតែសំខាន់ក្នុងការឈានទៅការសម្រេចជោគជ័យ»។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមដល់សមត្ថភាពរបស់ធនធានមនុស្សកម្ពុជា ដែលលោកជឿជាក់ថា ប្រតិភូនិស្សិតកម្ពុជាគ្រប់ៗរូបនឹងខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានជោគជ័យលើការសិក្សា ហើយវិលត្រឡប់មកមាតុភូមិវិញ ដើម្បីយកចំណេះមកប្រើប្រាស់រួម ក្នុងទិសដៅបន្តរក្សាភាពធន់របស់ជាតិ និងកសាងសមត្ថភាពប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សង្កត់ធ្ងន់ថា ធនធានមនុស្សកម្ពុជាពិតជាសមត្ថភាព មិនថាអ្នកទទួលបានការអប់រំនៅក្នុងស្រុក និងអ្នកទទួលបានការអប់រំក្រៅស្រុកនោះទេ ឱ្យតែទទួលបានការអប់រំ បណ្តុះបណ្តាលមួយដែលត្រឹមត្រូវ បូកផ្សំការខិតខំប្រឹងប្រែងដោយខ្លួនឯង។
លោកបន្តថា៖«សម្រាប់ខ្ញុំ ធនធានកម្ពុជាយើងជាឈាមជ័រមួយដែលពូកែតាំងពីសម័យមហានគរ និងមុនមហានគរទៅទៀត ដែលសង់ប្រាសាទបានតួយ៉ាងអង្គរវត្ត ដែលជាសម័យកាលបុរាណ។ នៅពេលថ្មីៗនេះវិញ ក្នុងការប្រណាំងប្រជែងផ្នែកគណិតវិទ្យាកម្រិតអន្តរជាតិក្តី សុទ្ធតែទទួលបានចំណាត់ថ្នាក់ល្អផងដែរ ដែលនេះសមត្ថភាពកូនខ្មែរក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ»។
ទោះជាយ៉ាងណា លោកសំណូមពរឱ្យរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ ធ្វើយ៉ាងណាលើកស្ទួយនិងលើកកម្ពស់ដល់ធនធានមនុស្សខ្មែរដែលមានសមត្ថភាព និងបើកលទ្ធភាពឱ្យមានការប្រកួតប្រជែងក្នុងស្រុកប្រកបដោយសមធម៌ ចៀសវាងយកនិន្នាការបក្សពួកនិយម ឬគ្រួសារនិយម មកប្រើប្រាស់ដែលជារនាំងសម្រាប់ធនធានមនុស្សពូកែពិតប្រាកដអាចបញ្ចេញសមត្ថភាពបាន៕