ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ខ្លួននៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ដែលអគារថ្មីនេះនឹងធ្វើឡើងនៅលើដីដែលរាជរដ្ឋាភិបាលបានដកហូតពីលោក គង់ គាំ អតីតមន្ត្រីគណបក្សប្រឆាំងស្ថិតនៅលើដីឡូត៍លេខ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.បចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប នឹងរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ព្រឹក នៅដីឡូត៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក សោម សូរីដា សមាជិក គ.ជ.ប បានប្រាប់នៅថ្ងៃទី៣១ ខែធ្នូ ថា លោកមិនបានដឹងពីទំហំថវិកាដែលត្រូវចំណាយ និងលក្ខណៈអគារទីស្តីការ គ.ជ.ប ថ្មីដែលនឹងត្រូវសាងសង់នៅលើទីតាំងដីខាងលើនោះទេ ព្រោះព័ត៌មានទាំងអស់ស្ថិតនៅលើដៃគណៈកម្មការសាងសង់ដែលដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ ចន្ទ។
ប៉ុន្តែ លោកថា អគារទីស្តីការគ.ជ.បថ្មី ពិតជាមានសារៈសំខាន់ សម្រាប់គ.ជ.បក្នុងការធានាបានសុវត្ថិភាពសម្រាប់បំពេញភារកិច្ចរបស់ខ្លួនតាមការកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សោម សូរីដា បានបន្តថា មួយវិញទៀត អគារទីស្តីការថ្មីនេះ ក៏សម្រាប់បម្រើកិច្ចការនៃការអនុវត្តរបស់មន្ត្រីដែលបម្រើការងារនៅគ.ជ.ប ដែលត្រូវការអគារដែលមានទំហំធំទូលាយ ដើម្បីធានាដល់អគ្គនាយកដ្ឋានចំនួន ៣ បំពេញកិច្ចការបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដែលរួមមាន អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងអគ្គនាយកដ្ឋានបណ្តុះបណ្តាលព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលមាននាយកដ្ឋាន៨នៅក្រោមចំណុះ។
លោកបានថ្លែងថា៖«អគារទីស្តីការថ្មីនេះ ក៏នឹងធានាសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង ៩ រូប មានទីកន្លែងសមរម្យសម្រាប់បំពេញកិច្ចការខ្លួនផងដែរ។ អ៊ីចឹងការសាងសង់អគារថ្មីនេះ គឺពិតជាសារៈសំខាន់សម្រាប់ស្ថាប័នជាតិមួយនេះ»។
បើតាម លោក សោម សូរីដា ទីតាំងដីដែលនឹងសាងសង់អគារទីស្តីការគ.ជ.បថ្មីនេះ គឺជាដីដែលរាជរដ្ឋាភិបាល ដកហូតពីលោកគង់ គាំ អតីតមន្ត្រីគណបក្សប្រឆាំងនៅកម្ពុជា ដែលបានប្រគល់ឱ្យគ.ជ.ប ធ្វើជាកម្មសិទ្ធិ និងរៀបចំសាងសង់អគារទីស្តីការថ្មីនេះ។
លោក បានបញ្ជាក់ទៀតថា ក្រោយពីអគារទីស្តីការគ.ជ.បថ្មីសាងសង់រួចរាល់ មន្ត្រីទាំងអស់នឹងរើចេញពីអគារទីស្តីការចាស់ដែលនៅជាប់នឹងអគារណាហ្គាវើល ហើយនឹងប្រគល់អគារនោះទៅឱ្យក្រុមហ៊ុនណាហ្គាលវើលជាអ្នកគ្រប់គ្រងវិញ។
ជុំវិញបញ្ហានេះ លោក សម គន្ធាមី នាយកប្រតិបត្តិនិកហ្វិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ស្នើសុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។
សូមរំឭកផងដែរថា លោក គង់ គាំ និងភរិយាបានសម្រេចប្រគល់ដីទំហំ៥ ២៩០ម៉ែត្រការ៉េនិងផ្ទះ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេសាក់ ដែលលោក គង់ គាំ និងលោកស្រីសៀក អយ ទទួលបានវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ជូនទៅរដ្ឋគ្រប់គ្រងវិញ ក្រោយពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវជ្រាវ លើករណីធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ដោយខុសច្បាប់។
ក្នុងលិខិតចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ បានសរសេរថា៖ «ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់ពីបែបបទនៃការសុំកាន់កាប់ផ្ទះនិងដីនិងម្យ៉ាងទៀតដើម្បីកុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយខាតពេលវេលាក្នុងការស្រាវជ្រាវហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ៧១នេះដោយស្ម័គ្រចិត្តជូនរដ្ឋវិញ»៕