ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងរយៈពេល៤៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់៣០ ខែធ្នូ ឆ្នាំ២០២៣ មានយុវជនយុវនារីមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ប្រមាណជិត២ម៉ឺននាក់ ខណៈក្រសួងការងារនឹងបើកបវេសនកាលទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក កត្តា អ៊ន រដ្ឋអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ថា នៅក្នុងរយៈពេល៤៥ថ្ងៃ ក្រោយប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយមានយុវជនប្រមាណជិត២ម៉ឺននាក់បានចុះឈ្មោះចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមសាលាវិជ្ជាជីវៈផ្សេងៗ ដែលនេះគឺមោទនភាព និងជាជោគជ័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា៖«វាជាជោគជ័យរបស់ក្រសួងការងារដែលបានប្រឹងប្រែងផ្សព្វផ្សាយពីព័ត៌មានដល់យុវជន គ្រប់ស្រទាប់ គ្រប់ទីកន្លែងទាំងអស់តាមរយៈការចុះឈ្មោះនៅតាមគ្រឹះស្ថានដោយផ្ទាល់ដែលមានចំនួន៣៧គ្រឹះស្ថានទូទាំងប្រទេស និងតាមរយៈទំនាក់ទំនងមកមន្ទីរការងារទាំង២៥រាជធានី ខេត្ត ក៏ដូចជា អាជ្ញាធរដែនដីឃុំសង្កាត់ដែលនៅជាប់លំនៅឋានរបស់គាត់»។
លោក កត្តា អ៊ន បានបន្ថែមថា ក្រសួងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ជាពិសេសក្រុមការងាររបស់ក្រសួងបានចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់តែម្តងដែលនេះគឺជាសកម្មភាពមួយដែលបានធ្វើឱ្យមហាជន និងយុវជនមានការចាប់អារម្មណ៍ចំពោះការចុះឈ្មោះចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។
«វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាលព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។ កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវទូទាំងប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។ នេះបើតាម លោក កត្តា អ៊ន បានបញ្ជាក់ប្រាប់បន្ថែម។
លោកបានលើកឡើងដែរថា យុវជនមកពីគ្រួសារក្រីក្រ ជាង១៩ ០០០នាក់ ដែលបានមកចុះឈ្មោះចូលរៀននេះ ក្នុងនោះមាននៅរាជធានីភ្នំពេញ ច្រើនជាងគេ ខណៈវិស័យដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។
អ្នកនាំពាក្យក្រសួងការងារ ក៏បានរំឭកដែរថា ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វារគ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និងទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យក្រុមយុវជនគោលដៅចុះឈ្មោះចូលរៀន។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១,៥លាននាក់ដែលប្រមុខរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តនេះគឺជាកម្មវិធីបណ្តុះបណ្តាលដ៏ត្រឹមត្រូវនិងចំគោលដៅក៏ដូចជាតម្រូវការ
ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
លោកបានថ្លែងថា កន្លងទៅ វិនិយោគិនបរទេស អាចនឹងមានការស្ទាក់ស្ទើរក្នុងការវិនិយោគលើវិស័យឧស្សាហកម្មធុនមធ្យម ឬធុនធ្ងន់ ដោយសារតែបង្ហាញកង្វះខាតកម្លាំងពលកម្មជំនាញ។ ដូច្នេះដាក់នូវគោលនយោបាយនេះ វិស័យឯកជន រីករាយ និងគាំទ្រយ៉ាងខ្លាំង។
លោកបានបញ្ជាក់ថា៖«ជាការពិតណាស់នៅកម្ពុជាយើងមានកម្លាំងយុវជនច្រើន ប៉ុន្តែយើងនៅខ្វះការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសដែលជាតម្រូវការទីផ្សារការងារ។ ខ្ញុំសង្ឃឹមថា ចាប់ពីឆ្នាំ២០២៤ តទៅយើងនឹងលែងខ្វះខាតកម្លាំងពលកម្មទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដែលនឹងផ្តល់នូវធនធានមនុស្ស ដែលប្រកបដោយចំណេះជំនាញពិតប្រាកដ ដែលអាចបម្រើការដល់វិស័យអាទិភាពរបស់កម្ពុជាយើង»។
បើតាមក្រសួងការងារ ការបណ្តុះបណ្តាលនេះនឹងផ្តោតលើវិស័យចំនួន១០ មាន៣៨មុខជំនាញដែលវិស័យទាំង១០នោះរួមមាន៖ វិស័យសំណង់,អគ្គិសនី,អេឡិចត្រូនិក,បរិក្ខារក្តៅនិងត្រជាក់,មេកានិចទូទៅនិងមេកានិចរថយន្ត,ទេសចរណ៍,សេវាកម្ម,កសិកម្ម និងកសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន៕