បាត់ដំបងៈ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា រដ្ឋបាលខេត្តនឹងបន្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍ថ្មីៗជាទៀងទាត់ ៣ទៅ៤ដងក្នុង១ឆ្នាំ ដើម្បីរួមចំណែកក្នុងការទាក់ទាញទេសចរបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរនេះ បញ្ចប់ទៅ។
លោកបានថ្លែងបែបនេះ នាព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរនៅខេត្តបាត់ដំបងដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាខេត្តមានការច្នៃប្រឌិតលើផ្នែកម្ហូបអាហាររបស់អង្គការUNESCO និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤។
ព្រឹត្តិការណ៍ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ម្ហូបអាហារ និងបង្អែមខ្មែរដ៏សម្បូរបែបដែលបានយកមកដាក់តាំងបង្ហាញសម្រាប់ភ្លក្ស និងសម្រាប់លក់។
លោកសុខ លូ បានថ្លែងថា៖«យើងបានរៀចំពិព័រណ៍ម្ហូបអាហារជាលើកទី២ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរបានដឹងថា បាត់ដំបងយើងមានអ្វីខ្លះដើម្បីបង្ហាញដល់បងប្អូនអ្នកទេសចរយើងហើយខ្ញុំសង្ឃឹមថា ពិធីនេះនឹងមានរៀបចំជាបន្តបន្ទាប់ទៀត»។
លោកបានបញ្ជាក់បន្ថែមថា៖«រដ្ឋបាលខេត្តក៏បានគិតគូរ ក្នុងការបង្កើតនូវព្រឹត្តិការណ៍ ដែលមានលក្ខណៈជាទម្លាប់ ដើម្បីយ៉ាងណាអាចទាក់ទាញអ្នកទេសចរបានច្រើនទៅថ្ងៃអនាគត។ ឧទាហរណ៍ថា យើងកំណត់យកខែដែលសម្បូរទិន្នផលកសិផលរបស់យើង ដូចជាទុរេនសំឡូត ក្រូចពោធិ៍សាត់ ឬខែប្រមូលស្រូវអង្ករជាដើម ដែលយើងអាចនឹងគិតរៀបចំឱ្យមានព្រឹត្តិការណ៍នេះ៣ឬ៤ដង ក្នុង១ឆ្នាំ ខ្ញុំយល់ថាប្រាកដជាអាចទាក់ទាញទេសចរបានច្រើន»។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តនេះបានចាត់ទុកថា ព្រឹត្តិការណ៍នេះមិនត្រឹមតែស្ដែងចេញនូវការគាំទ្រលើវិស័យវប្បធម៌ប៉ុណ្ណោះទេ តែជាការរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងលើកស្ទួយវប្បធម៌ជាតិឱ្យបានថ្កុំថ្កើងរុងរឿងនិងស្ថិតស្ថេរជាអមតៈក្នុងដួងព្រលឹងកូនខ្មែរទាំងអស់គ្នាជារៀងរហូត។
លោកសុខ លូ បានបន្តដែរថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះឡើងគឺមានសារៈសំខាន់សំដៅលើកកម្ពស់ដាស់ស្មារតី រំឭកដល់កូនខ្មែរគ្រប់ៗរូបឱ្យចូលរួមបង្កើតបានជាចលនាយ៉ាងផុលផុស ក្នុងការថែរក្សាការពារ និងលើកស្ទួយតម្លៃនៃកេរមរតកវប្បធម៌ជាតិ ជាពិសេសយល់ដឹងពីអ្វីដែលខេត្តបាត់ដំបងមានសក្តានុពល ដូចជា រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រកែច្នៃ និងធម្មជាតិ ពិសេសខេត្តបាត់ដំបងក៏ធ្លាប់ជាខេត្តជង្រុកស្រូវ ជម្រកមច្ឆជាតិ ដំណាំឈើហូបផ្លែ ហើយក៏ជាតំបន់កសិ-ឧស្សាហកម្មផងដែរ។
លោកបានបញ្ជាក់ថា៖«បច្ចុប្បន្នភាពនៃចរន្តសកលភាវូបនីយកម្ម បាននាំមកនូវឱកាសដ៏វិសេសវិសាលសម្រាប់យើងជាខ្មែរគ្រប់ៗរូប ដើម្បីរំលេចចេញនូវអត្តសញ្ញាណជាតិ ពង្រឹងអត្តសញ្ញាណជាតិ លើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិឱ្យបានគង់វង្សស្ថិតស្ថេរ នៅក្នុងចរន្តដ៏ខ្លាំងក្លានៃសកលភាវូបនីយកម្មនេះ ដែលបានធ្វើសមាហរណកម្មកម្ពុជានៅក្នុងតំបន់ និងក្នុងពិភពលោក»។
លោកបន្តថា នេះជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គមកម្ពុជា មួយបម្រើគោលដៅសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ធ្វើឱ្យវិស័យវប្បធម៌ខ្មែរក្លាយជាកត្តាកំណត់មួយមានការចាប់អារម្មណ៍ពីប្រទេសខាងក្រៅ និងសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តយកចិត្តទុកដាក់លើកតម្កើង និងថែរក្សាមុខម្ហូបអាហារ បង្អែមខ្មែរអ្នកបាត់ដំបងដោយយកចិត្តទុកដាក់បង្រៀនពីការដាំស្ល ការផ្សំគ្រឿង ការកែច្នៃមុខម្ហូបដល់កូនចៅ ជាពិសេសនៅតាមសាលារៀន លោកគ្រូ អ្នកគ្រូ គួរដាក់បញ្ចូលកម្មវិធីសិក្សាផ្នែកវិជ្ជាមេផ្ទះដល់សិស្សនារី ដែលជាអ្នកស្នងត្រកូល បន្តវេនក្រោយៗទៀត។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានថ្លែងឱ្យដឹងដែរថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានាយ៉ាងសម្បូរបែប បានជំរុញឱ្យភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅខេត្តបាត់ដំបង មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។
លោកបានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរនេះ ក្នុងគោលបំណងដើម្បីអបអរសាទរខេត្តបាត់ដំបងជាប់ជាខេត្តមានការច្នៃប្រឌិតលើផ្នែកម្ហូបអាហារ របស់អង្គការ UNESCO ខណៈដែលម្ហូបអាហារនេះ គឺជាភាពចាំបាច់បំផុត សម្រាប់វិស័យទេសចរណ៍។
លោកបានបញ្ជាក់ថា៖«បាត់ដំបង ជាជង្រុកស្រូវរបស់កម្ពុជា និងជាខេត្តដែលសម្បូរទៅដោយម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងច្រើនទម្រង់។ភ្ញៀវទេសចរជាច្រើន ដែលមកទេសចរក្នុងខេត្តនេះ ក្រៅពីទស្សនាតំបន់រមណីយដ្ឋាននានា តែក៏ចង់ភ្លក្សរសជាតិម្ហូបអាហារដ៏សម្បូរបែបនៅទីនេះផងដែរ»។
លោកអ៊ុច អ៊ុភីនីស្សារ៉ា បានបន្ថែមដែរថា ការដែលខេត្តបាត់ដំបង ជាប់ជាខេត្ត មានការច្នៃប្រឌិតលើផ្នែកម្ហូបអាហាររបស់អង្គការ UNESCO នាពេលថ្មីៗនេះ គឺជាចលករមួយក្នុងការជំរុញពិភពលោកកាន់តែមានការចាប់អារម្មណ៍ចំពោះខេត្តបាត់ដំបង។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ នៅខេត្តបាត់ដំបង មានការចូលរួមតាំងបង្ហាញម្ហូបប្លែកៗប្រមាណ១១១ស្តង់ ដែលរៀបចំដោយមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុក និងអាជីវករនៅក្នុងខេត្តបាត់ដំបង៕