ភ្នំពេញៈអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា សេរីភាពសារព័ត៌មានមិនស្ថិតនៅលើការនិយាយរបស់អ្នកណាឬក្រុមណាមួយទេដែលការអះអាងនេះជាការឆ្លើយតបទៅនឹងរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា(Camboja)ដែលបានចេញកាលពីចុងខែធ្នូ។
ការលើកឡើងរបស់លោកបែបនេះបន្ទាប់ពីមានរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៨ ខែធ្នូថា អ្នកសារព័ត៌មានចំនួន៤៤នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ក្នុងឆ្នាំ២០២៣ ជាពិសេសអំឡុងពេលប៉ុន្មានខែនៅមុនការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកទេព អស្នារិទ្ធ បានលើកឡើងថា៖«សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧ នេះតែម្តង»។
លោកបានបន្តថា អ្នកសារព័ត៌មានទាំងអស់មានសេរីភាពពេញលេញក្នុងការប្រកបអាជីពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងអនុវត្តសកម្មភាពការងារបានដោយគ្មានការរំខានឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ ដូច្នេះ អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ និងយ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា៖ «សូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានដែលកន្លងមកបានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបានល្អនិងបានប្រកបការងារដោយមិនបំពានលើសតួនាទីខ្លួនជាអ្នកសារព័ត៌មាន មិនបំពានលើសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងបានគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងដែនដែលច្បាប់បានកំណត់»។
អ្នកនាំពាក្យក្រសួងព័ត៌មានដែលបានបញ្ជាក់ដែរថា៖«សេរីភាពសារព័ត៌មានមិនស្ថិតនៅលើការនិយាយរបស់អ្នកណាឬក្រុមណាមួយទេ ជាពិសេសសកម្មភាពទាំងឡាយណាដែលមានចរិត និងរបៀបវារៈនយោបាយ។ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិនិងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក»។
ក្រសួងព័ត៌មានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ការគាំពារ និងការការពារសិទ្ធិដល់អ្នកសារព័ត៌មាននិងការលើកកម្ពស់សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចាញមតិ និងសេរីភាពក្នុងចូលរួមក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ លោក ទេព អស្នារិទ្ធ បន្ថែម។
បើតាមរបាយការណ៍របស់(ខេមបូចា) ក្នុងចំណោមអ្នកសារព័ត៌មានចំនួន៤៤នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យប្រឈមមុខនឹងការយាយីក្នុងឆ្នាំ២០២៣ គឺមានអ្នកសារព័ត៌មានយ៉ាងហោចណាស់៦នាក់ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារ បន្ទាប់ពីឆ្នាំ២០២២ មានចំនួន៧នាក់ត្រូវបានឃុំខ្លួន។ ពួកគេរងការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងផ្សាយព័ត៌មានក្លែងក្លាយ។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ដែរថា លោកពុំមានយោបល់អ្វីទេទាក់ទងនឹងការលើកឡើងរបស់មន្ត្រីនាំពាក្យក្រសួងព័ត៌មានលើរបាយការណ៍របស់សមាគមរបស់លោក ក៏ប៉ុន្តែលោកថា រាជរដ្ឋាភិបាលគឺជាតួអង្គសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនៃសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយរបាយការណ៍នេះគឺជាធាតុចូលមួយទៀតសម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងសិទ្ធិសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖«រាជរដ្ឋាភិបាលអាចចូលរួមនៅក្នុងការការពារលើការអនុវត្តការងាររបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ហើយអ្នកសារព័ត៌មានត្រង់នេះគឺជាអ្នកសារព័ត៌មានដែលប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។ ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមិនទាន់មានក្រមសីលធម៌វិជ្ជាជីវៈល្អនោះ រាជរដ្ឋាភិបាលគួរតែមានយន្តការពង្រឹងបន្ថែមដែរ»។
លោក ណុប វី បានបន្តថា នៅក្នុងវិស័យសារព័ត៌មានក៏មានដែរច្បាប់ស្តីពីរបបសារព័ត៌មានដែលស្ថាប័នតុលាការគួរតែប្រើច្បាប់នេះទៅលើករណីណាដែលកើតឡើងលើអ្នកសារព័ត៌មានចំពោះការអនុវត្តការងាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា៕ វង្ស ដារាវ៉ាឌី