ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា សំណើរបស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលជិត ២០ស្ថាប័ន ដែលបានដាក់ជូនក្រសួងនាពេលកន្លងទៅនេះ ក្រសួង បាននិងកំពុងអនុវត្តដោយទទួលបានលទ្ធផលល្អដោយមានការគាំទ្រពីប្រជាពលរដ្ឋ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូថា រាល់សំណើ ២២ចំណុចដែលក្រុមអង្គការ សមាគម និងសហជីព ដាក់មកក្រសួងការងារដើម្បីធ្វើការពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព គឺក្រសួងបានពិនិត្យឃើញថា រាល់សំណើទាំងនោះត្រូវបានក្រសួង បាននិងកំពុងអនុវត្ត និងបានទទួលលទ្ធផលល្អ។
បើតាមលោក កត្តា អ៊ន ចំពោះការលើកឡើងខាងភាគីសហជីព រួមទាំងអង្គការសមាគមទាំងនោះ ទាក់ទងនឹងចំណុចខ្វះខាតផ្សេងៗទៀត រួមមាន៖ ការមិនបានយកចិត្តទុកដាក់ព្យាបាលជំងឺពីគ្រូពេទ្យ ហើយនិងការទូទាត់សំណងមានការយឺតយ៉ាវជាដើម គឺក្រសួងនឹងធ្វើការពិនិត្យ ពិចារណា និងកែលម្អភាពខ្វះចន្លោះណាមួយឱ្យកាន់តែល្អថែមទៀត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចូលរួមចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីទទួលបានបណ្ណ ប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការថែទាំសុខភាព។
សូមរំឭកថា កាលពីថ្ងៃទី២៥ ខែធ្នូ តំណាងសហព័ន្ធសហជីព និងអង្គការ សមាគមចំនួន ១៧ស្ថាប័នរួមមាន៖ សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាអង្គការតម្លាភាពកម្ពុជាបានស្នើសុំក្រសួងការងារ និងប.ស.ស ឱ្យបង្កើតគោលការណ៍ និងពង្រឹងការអនុវត្តសេវាឱ្យមានប្រសិទ្ធភាព រួមទាំងពង្រីកការចុះបញ្ជិកាគ្របដណ្ដប់ទៅដល់កម្មករនិយោជិតក្នុងក្រុមហ៊ុនតូចៗផ្នែកសំណង់ កសិកម្មរួមទាំងអ្នកក្រៅប្រព័ន្ធផងដែរ។
ក្នុងលិខិតដាក់ជូនក្រសួងបានបញ្ជាក់ថា៖ «យើងសង្កេតឃើញថា ប.ស.ស ដែលកំពុងតែដំណើរការនេះឃើញមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏នៅឃើញមានចំណុចខ្វះខាតផ្សេងៗទៀតផងដែរដូចជា ការយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធសន្តិសុខសង្គមនៅមានកម្រិត ការមិនបានយកចិត្តទុកដាក់ព្យាបាលជំងឺពីគ្រូពេទ្យ ការទូទាត់សំណងមានការយឺតយ៉ាវ និងកម្មករនិយោជិតវិស័យក្រៅប្រព័ន្ធ និងកម្មករនិយោជិតនៅក្នុងប្រព័ន្ធជាច្រើនទៀត មិនទាន់បានចុះឈ្មោះពួកគេ ចូលជាសមាជិក ប.ស.សនៅឡើយ….»។
បើតាមលិខិតរួមនេះដែរ ក៏មានភ្ជាប់ជាមួយឯកសារសំណើចំនួន ២២ចំណុចរបស់តំណាងសហព័ន្ធសហជីព និងអង្គការទាំងនោះ ដោយបង្ហាញពីដំណោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការ និងភាពខ្វះខាតខាងលើឱ្យបានទាន់ពេល ដើម្បីធ្វើយ៉ាងណា ត្រូវពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕