ភ្នំពេញៈ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)» ដោយបានអំពាវនាវឱ្យសាធារណជន ចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុតឱ្យបានផុសផុល។
តាមរយៈសេចក្តីជូនដំណឹង ស្តីពីកម្មវិធីប្រកួតប្រជែង«ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០២៣ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុងល្អជាងគេនេះ។
ប្រភពបន្តថា កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកទៅលើលក្ខណពិសេសដូចជា ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវ។
ក្រសួងបានបញ្ជាក់ថា៖«ក្នុងន័យនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុតឱ្យបានផុសផុល តាមរយៈគេហទំព័រ http://bestcountdowncity.cambodiacleancity.com ចាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ រហូតដល់ម៉ោង ៥ ល្ងាចថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៤»។
ចំពោះការរៀបចំកម្មវិធីប្រកួតប្រជែងនេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ថា កម្មវិធីនេះ ក្រសួងទេសចរណ៍បានរៀបចំឡើងស្ទើររាល់ឆ្នាំ ដើម្បីលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តនីមួយៗមានគំនិតច្នៃប្រឌិតក្នុងការរៀបចំខេត្តរបស់ខ្លួនឱ្យមានសោភណភាព និងមានភាពទាក់ទាញ។
លោកលើកឡើងថា៖«កម្មវិធីប្រកួតប្រជែងនេះជាវិធីសាស្ត្រមួយដែលជំរុញឱ្យបណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗបង្កើនការយកចិត្តទុកដាក់លើការរៀបចំខេត្តរបស់ខ្លួនឱ្យមានភាពទាក់ទាញដែលអាចទាញយកភ្ញៀវបានច្រើនក្នុងពេលឆ្លងឆ្នាំ។ យើងគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍បែបនេះ ជាពិសេសប្រតិបត្តិករទេសចរគួរបោះបង់ចោលទម្លាប់នូវការលក់ដំឡើងថ្លៃនៅពេលបុណ្យទាននានា»។
សម្រាប់ខេត្តព្រះសីហនុ តែងតែរៀបចំតុបតែងប្លែកៗជារៀងរាល់ឆ្នាំ ពិសេសនៅតំបន់ឆ្នេរសមុទ្រដែលទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ពេលឆ្លងឆ្នាំសកល(មុនមានការរំខានពីកូវីដ ១៩)។ នេះបើតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
លោកនិយាយថា៖«យើងដឹងហើយថា ឆ្នាំមុនខេត្តយើងបានជាប់លេខ ២ ហើយឆ្នាំនេះខេត្តមានការរៀបចំឱ្យកាន់តែមានលក្ខណៈប្លែក និងស្អាតជាងឆ្នាំមុនៗទៀត ដោយរដ្ឋបាលខេត្ត ក្រុង បានគិតគូរហ្មត់ចត់ដល់បញ្ហាអនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរនៅអំឡុងពេលឆ្លងឆ្នាំសកលនេះ»។
បុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០២៣ មានខេត្តចំនួន ៣ ទទួលបានជយលាភីទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រួមមាន លេខ ១ ខេត្តបាត់ដំបង, លេខ ២ ខេត្តព្រះសីហនុ លេខ ៣ បានទៅខេត្តសៀមរាប៕