ព្រះសីហនុៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការសេវាអ៊ីនធឺណិត (Wi-Fi) សាធារណៈនៅទីតាំងឆ្នេរធំៗ ២ នៅខេត្តព្រះសីហនុ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេះដើម្បីផ្តល់សេវាឥតគិតថ្លៃជូនពលរដ្ឋ ជាអ្វីដែលអ្នកជំនាញទេសចរណ៍សាទរ និងបានចាត់ទុកថា ជាការជំរុញសេវាកម្មទេសចរណ៍ក្នុងស្រុក។
បើតាមខ្លឹមសារប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅលើហ្វេសប៊ុកផ្លូវការក្រសួងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ប្រជាពលរដ្ឋសាធារណជនជាតិ និងអន្តរជាតិ អាចទទួលសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងតទៅ នៅតាមទីតាំងបណ្តោយឆ្នេរអូឈើទាល និងឆ្នេរអូត្រេះតាមរយៈការស្វែងរកទីតាំងដែលភ្ជាប់ជាមួយ QR Code នៅលើបណ្តាញសង្គមក្រសួង និងផ្ទាំង QR Code ដែលតាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកការដាក់ប្រព័ន្ធ Wi-Fi សាធារណៈឥតគិតថ្លៃនេះ ជាកញ្ចប់កាដូសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលអាចប្រើប្រាស់អ៊ីនធឺណិតមិនគិតថ្លៃ ដែលអាចបង្កើនភាពងាយស្រួលដល់ការធ្វើទំនាក់ទំនងក្នុងរង្វង់ភ្ញៀវទេសចរខ្លួនឯង។
លោកបានបញ្ជាក់ថា៖ «ការដាក់នេះនឹងជួយដល់ការស្វែងរកព័ត៌មានរបស់ភ្ញៀវទេសចរផងដែរ នៅពេលពួកគាត់ទៅកន្លែងណាមួយពួកគាត់អាចទាក់ទង អាចភ្ជាប់បាន វាបង្កើនភាពងាយស្រួលដល់ការរកព័ត៌មានក្នុងតំបន់ ទីកន្លែងដែលគាត់ត្រូវការដែលមិនមានការបង់ប្រាក់បន្ថែមជាដើម»។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់រដ្ឋាភិបាល ជាពិសេសក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្ថែមការដំឡើងប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃនេះ នៅតាមទីតាំងទេសចរណ៍ផ្សេងៗទៀត ជាពិសេសទីតាំងដែលនៅឆ្ងាយៗ ឬកន្លែងដាច់ស្រយាល ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកទេសចរ និងអ្នកដំណើរផងដែរ។
ដោយឡែក លោកជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ក៏បានបង្ហាញការគាំទ្រដល់យន្តការផ្តល់ Wi-Fi សាធារណៈសម្រាប់ទីតាំងទេសចរណ៍ទាំងនេះដែរ ដោយលោកថា ជាការបង្កើនភាពងាយស្រួលដល់ភ្ញៀវក្នុងការទាក់ទងនិងផ្សព្វផ្សាយសក្តានុពលទីតាំងទេសចរណ៍កម្ពុជាលើបណ្តាញសង្គម។
លោកបានបញ្ជាក់ថា៖«យ៉ាងណា ខ្ញុំផ្តល់យោបល់ថា សូមឱ្យការផ្តល់ប្រព័ន្ធ Wi-Fi សាធារណៈនេះ ប្រកបដោយគុណ-ភាពដែលអាចប្រើប្រាស់បាន។ ដោយសារ Wi-Fi សាធារណៈនេះ នៅកន្លែងមួយចំនួនដែលខ្ញុំសាកល្បងប្រើមិនដំណើរការទេ ឬដំណើរការដែរ តែយឺត ពិបាកប្រើប្រាស់»។
យ៉ាងណាក្ដី លោកបានសំណូមពរឱ្យរដ្ឋាភិបាលផ្តល់ការដំឡើង Wi-Fi សាធារណៈនេះ ទៅដល់ទីតាំងទេសចរណ៍សំខាន់ៗផ្សេងទៀតទាំងនៅខេត្តព្រះសីហនុ សៀមរាប រាជធានីភ្នំពេញ និងតំបន់សក្តានុពលទេសចរណ៍នានា។
សូមជម្រាបថា កាលពីអំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានដាក់ឱ្យដំណើរការនូវ Wi-Fi សាធារណ:ដោយឥតគិតថ្លៃដូច្នេះ នៅទីតាំងមួយចំនួននៅបរិវេណក្រុងសៀមរាបចំនួន ១៦ ទីតាំងសំខាន់ៗ ព្រមទាំងនៅបន្តដំណើរការរហូតមកទល់សព្វថ្ងៃ ទោះបីចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដោយ៕