​ភ្នំពេញៈ ​លោក ហ៊ុន សែន ប្រធាន​ក្រុម​​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បាន​សរ​​សេរ​ថា​៖«​នយោបាយ ឈ្នះ​ឈ្នះ គឺជា​យុទ្ធ​សាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​បាន​នាំមក​នូវ​ការធានា ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចនយោបាយ​សង្គម​ប្រកបដោយ​ចីរភាព​»​។​

​លោក​អតីត​នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​បែបនេះ ដើម្បី​អបអរសាទរ​ខួប​ ២៥ ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​ន​យោ​​បាយ​ឈ្នះ​ឈ្នះ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​ ២៩ ​ធ្នូ​។

​ពិធី​ប្រារព្ធ​ខួប​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺមាន​ការកម្សាន្ត​ផ្សេងៗ​រួម​មានការ​ទស្សនា​ស្តង់​ពិព័រណ៍​សមិទ្ធផល​រយៈ​ពេល​ ២៥ ​ឆ្នាំ របស់​ក្រសួង​-​ស្ថាប័ន ពិព័រណ៍​ផលិតផល​ទូទៅ និង​ម្ហូបអាហារ ការប្រគំ​តន្ត្រីសម័យ ការតុបតែង​លម្អ និង​ការសម្តែង​របាំ​ប្រពៃណី​បុរាណ ព្រមទាំង​ការអុជ​កាំជ្រួច​ដែល​ត្រូវបាន​ធ្វើឡើង​រយៈពេល ​៣ ​ថ្ងៃ​ពីថ្ងៃ​ទី​ ២៩ ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ដើម្បី​អបអរ​ការ​ប្រារព្ធ​ខួប​លើក​ទី​ ២៥ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​និង​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប​ ៥​ ឆ្នាំ​នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​។

​នៅក្នុង​ពិធី​បើក​ការ​ប្រារព្ធ​ខួប​នោះ កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ផងដែរ​ថា ការ​ប្រារព្ធ​ខួប​លើក​ទី​ ២៥​ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល និង​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ  និង​ខួប ​៥ ​ឆ្នាំ​នៃ​ការកសាង​វិមាន​​ឈ្នះ​ឈ្នះ ជា​ពិធី​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ដោយ​រំឭក​ពី​ការ​​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​​កម្ពុជា និង​ការទទួលបាន​សុខសន្តិភាព​ពេញលេញ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ​៥០០​ ឆ្នាំ​មកនេះ​។​

​សមិទ្ធផល​ដែល​បាន​កសាង​នៅក្នុង​បរិវេណ​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ គឺជា​តឹកតាង​នៃ​ការបង្ហាញ​ពី​ភាព​សុ​ខុ​ដុម​នីយកម្ម​ពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្នកាល ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​វេទនា​ជាច្រើន​ទម្រាំ​បាន​ដូច​សព្វថ្ងៃនេះ​។  លោក​ថ្លែងថា​៖«​ជា​តឹកតាង​យ៉ាង​​ហោចណាស់ ឱ្យ​អ្នកមើល​នៅទីនេះ​មើល​តែមួយ​ភ្លែត បានដឹងថា កម្ពុជា​យើង​បាន​ឆ្លងកាត់​ស្អី​ខ្លះ ទម្រាំ​យើង​បាន​ប៉ុណ្ណេះ​ហើយ​ឱ្យ​ស្គាល់​តម្លៃ​នៃ​សន្តិភាព​កាន់តែ​មាំ​»​។ 

​លោក​ថា​៖«​ស្គាល់​តម្លៃ​សន្តិ​​ភាព ទាល់តែ​មើលឃើញ​នៅពេល​បាត់​សន្តិភាព​វេទនា​យ៉ាងណា​។ គ្រាន់តែ​ទិន្នន័យ​គ្រាប់បែក​ដែល​សម្លាប់​មនុស្ស និង​យុទ្ធោបករណ៍​ដែល​ធ្លាប់​សម្លាប់​គ្នា​នេះ ក៏​អាច​បញ្ជាក់​ឱ្យ​យើង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹងថា សង្គ្រាម​មិនមែនជា​អ្វីដែល​យើង​ចង់​បានទេ​»​។​

​លោក​លើកឡើងថា ទីតាំង​វិមាន​​ឈ្នះ​ឈ្នះ​ទាំងមូល​គឺជា​ឃ្លាំង​នៃ​ចំណេះដឹង ឯកសារ​ប្រវត្តិសាស្ត្រ ហើយ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​នេះ មិនមែន​ដើម្បី​លើកតម្កើង​នរ​ណា​ម្នាក់​នោះទេ ថ្វីបើ​អតីត​នា​យក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ជា​ស្ថាបនិក​មគ្គុទេសក៍​ឯក​ក្នុងការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះ​ឈ្នះ ប៉ុន្តែ​លោក​ម្នាក់ឯង​មិនអាច​ធ្វើបាន​ទេ​បើ​គ្មាន​ប្រតិបត្តិ​ករ​ចូលរួម​។ ហេតុនេះ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​គឺ​ដើម្បី​ជា​និមិត្តរូប​នៃ​ខ្មែរ​ទាំងអស់គ្នា​ទទួលបាន​សន្តិភាព​។​

​លោក​ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ  ថ្លែង​ក្នុង​ពិធី​នោះ​ថា នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ដែលជា​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​រួម​ប្រមាណ​ជាង ៨​ ពាន់​នាក់​។

​រយៈពេល​ ៣ ​ថ្ងៃ​នៃ​កម្មវិធី​នេះ គណៈកម្មាធិការ​អន្តរក្រសួង​បានរៀបចំ​ដាក់តាំង​ពិព័រណ៍ សមិទ្ធ​ផល​ស្នាដៃ គ្រប់​ក្រសួង​ស្ថាប័ន រួមទាំង​បណ្តា​ខេត្ត​ផង ព្រមទាំង មានការ​តាំងពិព័រណ៍​ទូទៅ និង​ម្ហូប​អាហារ និង​បើក​ឱ្យចូល​ទស្សនា​សមិទ្ធផល​ថ្មីៗ​ទើប​កសាងបាន​នៅ​វិមាន​ឈ្នះ​ឈ្នះ ផងដែរ​។

​លោក​ថ្លែងថា​៖«​គណៈកម្មាធិការ​កសាង​វិមាន​ឈ្នះ​ឈ្នះ​បាន​បន្តដំណើរ​ការរៀប​ចំ​សួន​តេ​ជោ​សន្តិភាព សួន​ខឿន​ការពារជាតិ សួន​សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ​សាធារណៈ សួន​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ និង​ដោះមីន និង​សួន​ប្រវត្តិ​ការ​ស្ថាបត្យកម្ម​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​»​។

លោក​ថា ចំពោះ​សមិទ្ធ​ផល​ថ្មី​នៅ​វិមាន​ឈ្នះ​ឈ្នះ​គណៈ​ក​ម្មា​ធិ​ការ​អន្តរក្រសួង ក៏បាន​សាង​សង់​អគា​រដ្ឋបាល និង​ព័ត៌មាន ជណ្ដើរ​ជម្រាល​សម្រាប់​ជនពិការ ជួស​​ជុល​ប្រាសាទ​ទាំង ​៤ ក្នុង​សួន​សុ​ខុ​​ដុម​នីយកម្ម​ប្រវត្តិសាស្ត្រ​ខ្មែរ រូបចម្លាក់​បាក់បែក និង​កសាង​ប្រព័ន្ធ​ទឹក ភ្លើង ព្រមទាំង​ចម្លាក់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​បរិបទ​ថ្មី​ដែល​ប្រទេសជាតិ​បាន​ឆ្លងកាត់​។

​លោក វង្ស សារិទ្ធ អាយុ​ ៧២ ​ឆ្នាំ​មកពី​ខេត្តកណ្តាល​បានលើកឡើង​ថា លោក​ធ្លាប់បាន​ឆ្លងកាត់​សម័យ​សង្គ្រាម​ដែលមាន​ការ​ទម្លាក់​គ្រាប់បែក​បានឃើញ​ការ​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម ការបែកបាក់​គ្រួសារ​ជាដើម ហេតុនេះ​ឆ្លៀត​ក្នុង​កម្មវិធី​ខួប​វិមាន​​ឈ្នះ​ឈ្នះ​នេះ លោក​បាន​នាំ​កូន​ចៅ​មក​ទស្សនា​ឱ្យបាន​ដឹងថា ទម្រាំ​បាន​សុខសាន្ត​ដូច​សព្វថ្ងៃនេះ មិនមែនជា​ការងាយស្រួល​នោះទេ​។ «​ខ្ញុំ​នាំ​កូនចៅ​មកលេង ហើយ​ប្រាប់​ពី​រឿង​ហ្នឹង ឱ្យ​វា​ថត​ទុកជា​អនុស្សាវរីយ៍​ទៅ​ថ្ងៃក្រោយ​ឱ្យដឹងថា របស់​ដែល​គេ​តាំង​ហ្នឹងហើយ ដែល​បញ្ជាក់ថា កម្ពុជា​យើង​ធ្លាប់​ជួប​សង្គ្រាម​ពិតប្រាកដ​មែន ទម្រាំ​បាន​មកដល់​សព្វថ្ងៃនេះ​ឆ្លងកាត់​ការឈឺចាប់​ច្រើនណាស់​»៕