ភ្នំពេញៈ ក្នុងឆ្នាំ ២០២៣ មានព្រឹត្តិការណ៍ធំបំផុតចំនួន ២ នៅក្នុងប្រទេសកម្ពុជាដែលអ្នកតាមដានចាប់អារម្មណ៍ជាងគេ ក្នុងនោះទី ១ គឺកម្ពុជាបានធ្វើការបោះឆ្នោតជាតិនីតិកាលទី ៧ ហើយបានធ្វើការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដោយសន្តិវិធីដែលគិតមកទល់ពេលនេះមានរយៈពេលជាង ៤ ខែហើយ។
ចំណែកព្រឹត្តិការណ៍ទី ២ គឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ជាប្រវត្តិសាស្ត្រលើកដំបូង ក្រោយពីបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។
ចំពោះការប្រមើលមើលអំពីស្ថានភាពសេដ្ឋកិច្ច បើទោះបីជាបច្ចុប្បន្នវិបត្តិសកលមួយចំនួនកំពុងបន្តកើតឡើងដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជម្លោះនៅមជ្ឈឹមបូព៌ាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ជាដើម ក៏អ្នកវិភាគរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនយ៉ាងស្វាហាប់ ដោយនៅក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនប្រមាណ ៦,៦ ភាគរយ។
ចំណែកព្រឹត្តិការណ៍ដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងខែសីហា ដោយកម្ពុជាមាននាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសរើសឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តតំណែងពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាឪពុករបស់លោក។ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការដោយ គជប រដ្ឋសភាបានបោះឆ្នោតគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០ រូប ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ៥១ រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។
កម្ពុជាបានធ្វើការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣។ លទ្ធផលផ្លូវការដែលគជប បានប្រកាសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈច្រើនជាងគេគឺ ១២០ អាសនៈបន្ទាប់មកគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៥ អាសនៈក្នុងចំណោមអាសនៈចំនួន ១២៥ ក្នុងរដ្ឋសភា។
អ្នកដែលបានទៅបោះឆ្នោតមានចំនួនជាង ៨,២ លាននាក់ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៩,៧ លាននាក់។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងជាង ៦,៣ លានសំឡេងហើយគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានជាង ៧១ ម៉ឺនសំឡេង។
លោកយង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ក្នុងអំឡុងឆ្នាំ ២០២៣ ព្រឹត្តិការណ៍សំខាន់បំផុតនៅកម្ពុជាដែលអ្នកនយោបាយជាតិនិងអន្តរជាតិតាមដាននិងចាប់អារម្មណ៍ជាងគេគឺ «នយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា(CPP)» ក្នុងការបង្កើតរដ្ឋាភិបាលថ្មីនីតិកាលទី ៧ តាមរយៈអ្នកបន្តវេនរបស់ CPP ក្រោយពីការបោះឆ្នោតថ្នាក់ជាតិ។ លោកបន្តថា ក្រោយសម័យមហានគរឃើញថា ការបន្តវេននៃនយោបាយកម្ពុជា ច្រើនតែមិនបានរៀបចំខ្លួនបានល្អនោះទេ។ ដោយឡែកក្នុងឆ្នាំ ២០២៣ នេះ CPP បានរៀបចំខ្លួនក្នុងការផ្លាស់ប្ដូរអ្នកដឹកនាំ។
បើទោះជាការដឹកនាំនៅតែជា CPP នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនេះក៏ដោយ ក៏ CPP បានជ្រើសរើសអ្នកដឹកនាំថ្មីដែលមានវ័យថាមពលខ្លាំងទាំងថាមពលកាយបញ្ញាស្មារតី។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតរបស់កម្ពុជាដែលមានការផ្លាស់ប្ដូរអ្នកដឹកនាំប្រកបដោយស្ថិរភាពសង្គម រក្សាបានសុខសន្តិភាពជូនប្រជាជន រក្សាដំណើរការអភិវឌ្ឍជាប្រក្រតី និងថែរក្សាសន្តិភាពបាន។
លោកយង់ ពៅ ថ្លែងថា៖ «ការរៀបចំខ្លួនរបស់កម្ពុជាសម្រាប់នយោបាយបន្តវេនដែលជាព្រឹត្តិការណ៍ធំរបស់កម្ពុជានេះ គឺធ្វើឱ្យកម្ពុជាមានភាពរឹងមាំនៅក្នុងចរន្តនៃការដឹកនាំនយោបាយប្រទេសដែលអាចកសាងភាពធន់នៅក្នុងការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក ដ៏ធំដ៏ស្រួចស្រាល់នៃពិភពលោកបច្ចុប្បន្នហ្នឹងដោយសារតែសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមនៅតំបន់ហ្គាហ្សានិងឥទ្ធិពលបន្តពីកូវីដអីជាដើមហ្នឹង»។
លោកបន្ថែមថា៖ «អ៊ីចឹងការរៀបចំខ្លួនរបស់កម្ពុជា ក្នុងការផ្លាស់ប្ដូរអ្នកដឹកនាំ បានកសាងភាពធន់នយោបាយនៅក្នុងវិបត្តិ ថាមពលថ្មី ក្នុងការដឹកនាំរស់រវើកនិងស្វាហាប់ក្នុងការដឹកនាំដែលប្រកបដោយថាមពល និងបញ្ញាញាណថ្មីៗបន្ថែមទៀត របស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា»។
លោក ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានសំឡេងឆ្នោតគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភា បានបញ្ជាក់ជូនអង្គប្រជុំរដ្ឋសភានូវកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១ «សំដៅដល់ការធានាឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដ៏ក្សេមក្សាន្តរបស់ប្រជាជន,បន្តជំរុញសេដ្ឋកិច្ចនិងសង្គមកម្ពុជាលើគ្រប់វិស័យ»។ល។
ចំណែកព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមក្នុងខែឧសភាដែលមានរយៈពេលជាង ១០ ថ្ងៃ។
ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជាបានបង្កើតនូវកំណត់ត្រាឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដែលកម្ពុជាបានចូលរួមកន្លងមក។
សម្រាប់ការធ្វើម្ចាស់ផ្ទះនេះ កម្ពុជាអាចដណ្តើមបានមេដាយមាសរហូតដល់ ៨១ មេដាយប្រាក់ ៧៤ និងសំរឹទ្ធ ១២៧ សរុបចំនួន ២៨២ មេដាយ ហើយនេះជាចំនួនមេដាយដ៏ច្រើនបំផុត ដែលកម្ពុជា មិនធ្លាប់ធ្វើបានពីមុនមកទេ ចាប់តាំងពីប្រទេសនេះ បានចូលរួមស៊ីហ្គេម លើកដំបូងនៅឆ្នាំ ១៩៦១។
លោក យង់ ពៅ ថ្លែងថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជាទទួលបានជោគជ័យជាការកត់សម្គាល់ធំដែរដែលកន្លងទៅកម្ពុជាពុំដែលបានរៀបចំព្រឹត្តិការណ៍ធំបែបនេះទេ។ ចំពោះព្រឹត្តិការណ៍ធំនេះកម្ពុជារៀបចំប្លែកពីគេគឺមិនគិតប្រាក់ទាំងអស់សម្រាប់ប្រតិភូកីឡាព្រមទាំងរៀបចំធានាបាននូវសុខសុវត្ថិ-ភាពជូនគ្រប់ប្រតិភូកីឡា។
ទាក់ទងទៅនឹងការប្រមើលមើលពីស្ថានភាពសេដ្ឋកិច្ចលោកជ័យតិចអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ភ្នំពេញប៉ុស្តិ៍ ថា សេដ្ឋកិច្ចរបស់កម្ពុជាមានសន្ទុះងើបឡើងវិញយ៉ាងស្វាហាប់ក្រោយវិបត្តិជំងឺរាតត្បាតសកល។ បើទោះជាវិបត្តិសកលមួយចំនួនកំពុងបន្តកើតឡើងដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ជាដើមតែសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៥,៦ ភាគរយសម្រាប់ឆ្នាំ ២០២៣ នេះ ក្នុងនោះវិស័យស្នូលមានវិស័យកសិកម្មកើន ១,១ ភាគរយ, វិស័យឧស្សាហកម្ម ៥,៩ ភាគរយ, សេវាកម្ម ៧,៣ ភាគរយ។
លោកបន្តថា សេដ្ឋកិច្ចរបស់កម្ពុជារំពឹងបន្តកើនប្រមាណ ៦,៦ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដោយមានការចូលរួមសំខាន់ពីកំណើនលើវិស័យស្នូលសំខាន់ រួមមានវិស័យសេវាកម្មជាពិសេសទេសចរណ៍ អចលនទ្រព្យ វិស័យឧស្សាហកម្មជាពិសេសកម្មន្តសាលមិនមែនកាត់ដេរនិងវិស័យកសិកម្ម។ ជាការពិតណាស់បញ្ហាប្រឈមសកលទាំងនេះតិច ឬច្រើនគឺប៉ះពាល់ដល់ដំណើរការក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោក ជ័យ តិច បន្ថែមថា៖«តែតាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថ្មី គឺកម្ពុជាអាចនឹងសម្រេចបានតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ បើទោះបីពិភពលោកកំពុងបន្តប្រឈមបញ្ហាជាច្រើនមានដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ជា ដើមក៏ដោយ»។
លោកលើកឡើងថា រាជរដ្ឋាភិបាលថ្មីនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវឯកភាពជាតិ សន្តិភាព ពង្រឹង និងពង្រីកតុល្យភាពទំនាក់ទំនងការបរទេសជាពិសេសសេដ្ឋកិច្ចការទូត ដោយឈរលើផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការកែលម្អបរិយាកាស វិនិយោគ ជំរុញឌីជីថលូបនីយកម្មសង្គម និងសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់ ភ័ស្តុភារកម្ម ថាមពល ទឹក ភ្លើង។ល។
លោកជ័យ តិច បន្ថែមថា៖ «លើសពីនេះរាជរដ្ឋាភិបាលថ្មីនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនប្រព័ន្ធសុខាភិបាល ពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមជូនគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យព្រមទាំងបន្តកំណែទម្រង់ស្ថាប័នអភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ល។»។
ចំណែកលោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា គោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំថ្មីរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា «សកម្ម ស្វាហាប់ មានលក្ខណៈជាកិច្ចសហប្រតិបត្តិការ និងជាយុទ្ធសាស្ត្រ»។ បេសកកម្មញឹកញាប់ទៅក្រៅប្រទេសរបស់លោកហ៊ុន ម៉ាណែត គឺជាសញ្ញាដ៏ល្អនៃរដ្ឋាភិបាលដែលមានសុខភាពល្អ និងស្ថិរភាព ព្រមទាំងការគាំទ្រដ៏រឹងមាំចំពោះលទ្ធិប្រជាធិបតេយ្យដែលមានភាពចាស់ទុំ និងភាពស្របច្បាប់របស់កម្ពុជា ដោយរដ្ឋាភិបាលបរទេសចាប់តាំងពីលោកចូលកាន់តំណែងកាលពីខែសីហា។
លោកបន្តថា កម្ពុជាបានបំពេញការងារបានយ៉ាងល្អក្នុងការលើកកម្ពស់គោលនយោបាយការបរទេសដែលមានតុល្យភាពយ៉ាងល្អឆ្លាតវៃ និងជាក់ស្តែងក្នុងរដ្ឋាភិបាលថ្មីដែលទើបបង្កើតឡើងនេះ។ ជាឧទាហរណ៍ សុន្ទរកថារបស់លោកហ៊ុន ម៉ាណែតក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៨ បានរំឭកឡើងវិញថា កម្ពុជាបន្តរក្សាសន្តិភាព ប្រព័ន្ធអន្តរជាតិផ្អែកលើច្បាប់ និងពហុភាគីនិយម។
លោកថុង ម៉េងដាវិត បន្ថែមថា៖«ទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី វិបត្តិមីយ៉ាន់ម៉ា និងជម្លោះតំបន់ហ្គាហ្សា កម្ពុជានឹងបន្តធ្វើការជាមួយប្រទេសមហាអំណាចធំៗ អង្គការក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាថា បទឈប់បាញ់ និងការចរចាដោយសន្តិវិធីរវាងភាគីជម្លោះនឹងត្រូវបានអនុវត្តហើយច្រករបៀងមនុស្សធម៌នឹងត្រូវបានបើកសម្រាប់ប្រជាជននៅក្នុងឆ្នាំខាងមុខ»។
លោកបន្តថា ដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនងការទូតសេដ្ឋកិច្ចកម្ពុជា «សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបង្ហាញពីការអភិវឌ្ឍនិងការរីកចម្រើនរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបន្ថែម ជំរុញសកម្មភាពពាណិជ្ជកម្មបន្ថែមនិងពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលក្នុងអំឡុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស»។
លោកថុង ម៉េងដាវិត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ពេលនេះជាចំណុចរបត់នៃគោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សេដ្ឋកិច្ច និងការទូត
វប្បធម៌ ដើម្បីពង្រឹងភាពជាដៃគូរបស់កម្ពុជាជាមួយបរទេសជំរុញទេសចរណ៍និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងពង្រឹងសមត្ថភាពយោធាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសទាំងអស់។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រាប់ភ្នំពេញប៉ុស្តិ៍ថា យុទ្ធសាស្ត្របញ្ចកោណដែលប្រកាសចេញដោយលោកហ៊ុន ម៉ាណែត កាលពីដើមអាណត្តិនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីខែសីហាកន្លងទៅគឺបាននិងកំពុងបន្តអនុវត្ត។ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចបានរៀបរយរៀបចំរួចរាល់ និងប្រកាសដាក់ឱ្យអនុវត្តរួចរាល់ទាំងអស់ ដោយលោកបានបញ្ជាក់ថា៖ «ដូច្នេះ ក្រោយពីការសន្យារាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត។ សន្យាហើយធ្វើ នេះគឺជាគោលការណ៍របស់សម្តេចធិបតី»។
លោកថ្លែងថា សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះតទៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នឹងត្រូវបន្តអនុវត្ត និងជំរុញអនុវត្តយ៉ាងសកម្ម និងយ៉ាងពេញលេញ ដើម្បីបន្តផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដើម្បីជំរុញ និងជួយគាំទ្រពួកគាត់ឱ្យមានលំនឹងនៅក្នុងសង្គម ក្នុងជីវភាពនិងអាចអភិវឌ្ឍខ្លួនក្លាយទៅជាអ្នកដែលមានចំណូលគ្រប់គ្រាន់ហើយឈានទៅមានចំណូលខ្ពស់ដូចដែលចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបជាង ៣៨ ពាន់ប៊ីលានរៀល ឬជាង ៩ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៣៤ ពាន់ប៊ីលានរៀល ឬជាង ៨ ពាន់លានដុល្លារចំណាយនៅថ្នាក់ជាតិ និងជាង ៤ ពាន់ប៊ីលានរៀល ឬជាង ១ ពាន់លានដុល្លារ ចំណាយនៅថ្នាក់ក្រោមជាតិ។ វិស័យសង្គមកិច្ច អប់រំ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងសុខាភិបាល នៅតែជាវិស័យអាទិភាពសម្រាប់ការចំណាយនេះ៕